អត្តបទៈសុផានីតា/កោះកុង៖ត្បិតលទ្ធផលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រកាសជាផ្លូវការរួចរាល់ហើយក៏ពិតមែនក៏អភិបាលខេត្តកោះកុងនៅតែបង្ហាញការកោតសរសើរចំពោះគណៈកម្មការរៀបចំការបោះឆ្នោតខេត្តដែលបានយកចិត្តទុកខិតខំបំពេញការងារដោយតម្លាភាពសេរីភាពនិងយុត្តិធម៌ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះកុងបានរួមគ្នារកដំណោះស្រាយនានាជាមួយអាជ្ញាធរសមត្ថកិច្ចនិងបណ្តាគណបក្សនយោបាយអង្គការស៊ីវិលលើវិធានការបង្ការនិងទប់ស្កាត់រាល់បញ្ហាទំនាស់ទាំងឡាយដែលអាចកើតមានឡើងជាយថាហេតុនៅគ្រប់ដំណាក់កាលរៀបចំការបោះឆ្នោតក្រុមប្រឹក្សាកន្លងទៅ។
កិច្ចខិតខំបំពេញការងារតាមជំនាញនេះ ត្រូវបានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង កោតសរសើរយ៉ាងខ្លាំងដែលបានធ្វើឱ្យការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុងនិងស្រុកកាលពីថ្ងៃទី២៦ខែឧសភាកន្លងទៅដំណើរការយ៉ាងរលូនគួរឱ្យកត់សម្គាល់ដោយពុំមានបាតុភាពអាក្រក់មួយណាកើតឡើងនោះទេ។រឹតតែពិសេសគឺគ្មានឡើយពាក្យបណ្តឹងតវ៉ាលទ្ធផលបោះឆ្នោត។
ការថ្លែងលើកទឹកចិត្តរបស់អភិបាលខេត្តកោះកុងអំឡុងពេលអញ្ជើញបើកអង្គសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អណត្តិទី៣ និងការពិនិត្យបញ្ចីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩។
លោកស្រី មិថុនា ភូថង ជំរុញដល់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះកុង ចាំបាច់សហការគ្នាជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ និងភូមិ ពិសេសសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាធានានូវការពិនិត្យបញ្ជីឈ្មោះនិងការចុះឈ្មោះបោះឆ្នោតមានទិន្នន័យត្រឹមត្រូវសុវត្ថិភាព ស្របតាមស្ថានភាពបច្ចុប្បន្ន។
ដោយឡែកចំពោះរាល់ចំណុចខ្វះចន្លោះលោកជំទាវអភិបាលក៏ជំរុញដល់មន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្តខិតខំសម្របសម្រួលពង្រឹងសមត្ថភាពក៏ដូចជាអប់រំផ្សព្វផ្សាយព័ត៌មានដល់សាធារណជនបានយល់ដឹងពីដំណើរការរៀបចំការបោះឆ្នោត សម្រាប់ការបោះឆ្នោតអាណតិ្តក្រោយៗទៀត ប្រកបដោយសុឆន្ទះពិតប្រាកដ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត លោក សេង ណេង លើកឡើងថា ខេត្តកោះកុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្តក្រុងនិងស្រុកកាលពីថ្ងៃទី២៦ខែឧសភាមានគណបក្សនយោបាយចំនួន៣ចូលរួមប្រកួតប្រជែងដោយមានអ្នកបោះឆ្នោតចំនួន១៦៧នាក់។
ក្នុងនោះមានគណបក្សប្រជាជនកម្ពុជាគណបក្សសញ្ជាត្តិកម្ពុជានិងគណបក្សយុវជនកម្ពុជា។ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបង្ហាញថាលទ្ធផលនៃការបោះឆ្នោតគឺមន្ត្រីកូតាមកពីគណបក្សប្រជាជនកម្ពុជាទទួលជ័យលាភី បានក្លាយជាប្រធាន និងសមាជិក សមាជិក ក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុកទាំងអស់។
លោក សេង ណេង អះអាងទៀតថា ទោះបីជាមានការសម្រេចបាននូវជោគជ័យបែបនេះក្តី ក៏ជាបទពិសោធន៍ការងារបន្ថែមសម្រាប់មន្ត្រីរបស់ខ្លួនខណៈភាពប្រឈមខ្វះចន្លោះចេះកើតមានបន្តបន្ទាប់ រួមមាន៖ ដោយគណបក្សមួយចំនួនមិនបានដាក់ភ្ញាក់ងារសង្កេតការណ៍គ្រប់ការិយាល័យ និងទីស្នាក់ការច្បាស់លាស់ដែលនាំឱ្យលំបាកទំនាក់ទំនង។
ថវិកាឧបត្ថម្ភដល់សមត្ថកិច្ចនិងមន្ត្រីចុះមូលដ្ឋានប្រជាពលរដ្ឋទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតថ្មីនៅមានចំនួនតិចតួចនិងការលំបាកបញ្ចូលទិន្នន័យចុះឈ្មោះព្រោះតែតំបន់រស់នៅពលរដ្ឋឆ្ងាយដាច់ស្រយោលគ្មានសេវាទូរស័ព្ទ និងInternet ជាដើម។
យោងតាមលទ្ធផលរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកោះកុង បង្ហាញថា ការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ ដែលមានរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភាថ្មីៗនេះមានពលរដ្ឋមកចុះឈ្មោះបោះឆ្នោតថ្មី៧៤២នាក់ផ្ទេរចូលចំនួន១០២និងប្តូរការិយាល័យក្នុងឃុំសង្កាត់ចំនួន៥នាក់។
ក៏មានដែលការលុបអ្នកបោះឆ្នោតចេញពីបញ្ជីបោះឆ្នោតចំនួន២៤៤នាក់ ដោយសារតែការមរណភាពផ្លាស់ទីលំនៅនិងប្តូរការិយាល័យ។បច្ចុប្បន្នពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ចំនួនសរុប៦៦.២៥៣នាក់៕S/