អភិបាលខេត្ត​កំពង់ចាម​ប្រាប់​ឲ្យ​បេក្ខជន​ប្រឡង​បាក់​ឌុប​ប្រឹងប្រែង​ដោយ​សមត្ថភាព​ខ្លួន​

184
ចែករម្លែក

ដោយ​:គង់​ហេង​/កំពង់ចាម ៖ ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​អំពាវនាវ និង​ផ្តាំផ្ញើ​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទាំងអស់​ឲ្យ​ប្រឹងប្រែង​ដោយ​សមត្ថភាព​ខ្លួនឯង​ពោល គឺ​កុំ​ធ្វើ​អ្វី​ផ្ទុយ ឬ​ល្មើសបទបញ្ជា នៃ​ការប្រឡង​។ បើទោះជា​ការប្រឡង​ឆ្នាំ​២០១៩​នេះ គ្មាន​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូលរួម​យ៉ាងណាក្តី​។​

នៅក្នុង​ការអញ្ជើញ​ចូលរួម​បើក​ឯកសារ​ជា​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប​នៅ​មណ្ឌល​ប្រឡង​វិទ្យាល័យ​ព្រះ​សី​នុ នៅ​ក្រុង​កំពង់ចាម​នៅ​ព្រឹក​ថ្ងៃទី ១៩ សីហា​នេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ថ្ងៃ​ពិសេស​របស់​ប្អូនៗ​ជា​បេក្ខជន ដែល​យើង​ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រយ​:​ពេល​ច្រើន​ឆ្នាំ​កន្លងមកនេះ​។ ដូច្នេះ​ត្រូវ​ប​ញ្ជេ​ញ​ឲ្យ​អស់​នូវ​សមត្ថភាព​ទាំង​ប៉ុន្មាន​នោះ​។​

លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា សូមកុំ​តក់ស្លុត ឬ​ភិតភ័យ និង​កុំ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​នៅ​ខាងក្រៅ​បន្ទប់ ឬ​ខាងក្រៅ​មណ្ឌល​ប្រឡង គឺ​ត្រូវ​ចាត់ទុក​បន្ទប់​កំពុង​អង្គុយ​ប្រឡង​នេះ ជា​បន្ទប់​ដែល​យើង​(​បេក្ខជន​)​ទាំងអស់គ្នា​នេះ ជា​បន្ទប់​ដែល​ធ្លាប់បាន​អង្គុយ​សិក្សា​រៀន​រៀនសូត្រ​ប្រចាំថ្ងៃ​នៅក្នុង​សាលា​របស់ខ្លួន​ដូច្នេះ​ដែរ​។ ដោយ​យើង​មាន​សមត្ថកិច្ច​ជា​ការពារ​ខាងក្រៅ​ប្រកបដោយ​សុខ​សុវត្ថិភាព​យ៉ាង​កក់ក្តៅ​។​

​លោក​អភិបាលខេត្ត​បាន​បន្ថែមថា សំខាន់ គឺ​ប្អូនៗ ជា​បេក្ខជន​ទាំងអស់​ត្រូវ​ប្រឹងប្រែង​ផ្តោតអារម្មណ៍​តែ​ទៅលើ​ការប្រឡង​នោះ គឺជៀ​សវាស​ដាច់ខាត​លើ​ការលួចបើក​ចាក់ ចម្លង​គ្នា​។​ល​។ ដែល​នេះ​ជា​អំពើ ល្មើស ឬក៏​ផ្ទុយ​ពីបទ​បញ្ជា នៃ​ការប្រឡង​នោះ​។ ដោយ​ត្រូវ​ប្រុងប្រយ័ត្ន បើទោះជា​ការប្រឡង​ឆ្នាំនេះ​ពុំមាន​ខាង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ចូលរួម ត្រួតពិនិត្យ​ដូច​រាល់​ឆ្នាំកន្លងមក​យ៉ាងណាក្តី​ពោល គឺ​នីតិវិធី ឬ​របៀបរបប នៃ​ប្រឡង​នៅ​រក្សា​ដដែល​។​

លោក​បាន​បន្តថា មួយវិញទៀត​ចូរ​ប្រិតប្រៀប​នូវ​សំណួរ គឺ​មើល ឬ​អាន​ឲ្យ​បាន​យល់ច្បាស់​ចាំ​យើង​ចាប់ធ្វើ​សរសេរ​ចម្លើយ​ឲ្យ​បាន​ត្រឹមត្រូវ និង​ពេញលេញ គឺ​កុំ​ដល់ពេល​ចប់​ការប្រឡង​ទើប​ដឹងថា​ចម្លើយ​របស់​យើង​ខុស​ផ្ទុយ​នឹង​សំណួរ ក្នុង​វិញ្ញាសា​នោះ​ហួសពេល​ហើយ​។​

លោក លី ម៉េង​សាន ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា បេក្ខជន​ចូលរួម​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​សរុប ៨.០៩៦ នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១២ កន្លែង​។ ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន បួន មណ្ឌល មាន​បេក្ខជន​ចំ​នួ​ជា​៣.០០០ នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ប្រាំបី មណ្ឌល និង​មាន​បេក្ខជន​ចំនួន​ជាង​៤.០០០​នាក់​។​ចំនួន​បេក្ខជន​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​ឆ្នាំនេះ គឺមាន​ចំនួន​ប្រហាក់ប្រហែល​ឆ្នាំមុន​២០១៨​ដែរ​។​

លោក​ប្រធាន​មន្ទីរ​បាន​បន្តថា បញ្ហា​ដែល​បេក្ខជន​មាន​ចំនួន​ខុសគ្នា​រវាង​ខាង​ថ្នាក់​វិទ្យាសាស្ត្រ និង​ខាង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​នេះ គឺ​អាស្រ័យ​ទៅ​ចំណង់​ចំណូលចិត្ត​របស់​បេក្ខជន​។ ជា​ស្តែង​កត្តា​ដែល​បេក្ខជន​ខាង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​តិចជាង​ខាង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម គឺ​ការដែល​បេក្ខជន​និយម​ចាប់យក​ខាង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ច្រើន​បែបនេះ គឺ​ដោយសារ​វិញ្ញាសា​ខាង​ផ្នែក​មួយ​នេះ​មាន​លក្ខណ​:​ធូរស្រាល​ជាង​ថ្នាក់​វិទ្យាសាស្ត្រ ពិសេស​លើ​វិញ្ញាសា​មុខវិជ្ជា​គណិតវិទ្យា​៕​B/