អភិបាលខេត្ត​កំពង់ចាម​បង្ហាញ​ជីវប្រវត្តិ​ក្នុង​ទិវា​អន្តរជាតិ​យុវជន​លើក​ទី​១៨

1986
ចែករម្លែក

​(​កំពង់ចាម​)៖​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​រំលឹក​ជីវប្រវត្តិ​របស់លោក​តាំងពី​សិក្សា​ថ្នាក់ទីមួយ​ដំបូង​រហូត បានមក​កាន់តំណែង​ជា​អភិបាលខេត្ត​នេះ ក្នុង​ទិវា​អន្តរជាតិ​សម្រាប់​យុវជន​១២​សីហា​លើក​ទី ១៨ ក្នុង​សាលា​គរុកោសល្យ និង​វិ​ក្រិ​ត្យ​ការ​ខេត្ត​នា​ព្រឹក​ថ្ងៃទី ១១ ខែសីហា​នេះ​។​
​ ​
​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​រំលឹក​ពី​ដំណើរ​ជីវិត​របស់លោក នៅ​ចំពោះមុខ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជា​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ អង្គភាព​នានា លោកគ្រូ អ្នកគ្រូ របស់​ខេត្តកំពង់ចាម ពិសេស​យុវជន​ជា​គរុ​សិស្ស​ចំនួន​ជាង​២០០​នាក់​បែបនេះ គឺ​ក្នុង​គោលបំណង​ឲ្យ​យុវជន​គ្រប់រូប​ដែលជា​ទំពាំង​ស្នង​ឬ​ស្សី​ទាំងអស់​ទទួលបាន​ជោគជ័យ​នាពេល​អនាគត​។​

​លោក គួច ចំរើន បាន​លើកឡើងថា ពិតណាស់​ជោគជ័យ​ទាំងអស់​វា​មិន​ដូចគ្នា​ទេ គឺ​អាស្រ័យ​លើ​ឆន្ទ​: ការតស៊ូ​ព្យាយាម និង ភាពក្លាហាន​។ ប៉ុន្តែ​ភាពជោគជ័យ​ដែល​យុវជន​យើង​នឹង​អាច​យកបាន​លុះត្រាតែ​ប្រទេស​មាន​សន្តិភាព​។ ពិសេស​បើ​ឳ​កាស​ជោគជ័យ​ដូច​យុវជន​នៅ​ប្រទេស​សេរី​នាពេល​បច្ចុប្បន្ននេះ គឺ​មិន​ខុសគ្នា​នឹង​យុវជន​យើង​ក្នុង​របប​ប៉ុលពត​ទេ គឺ​គ្មាន​ពួកគាត់​ឳ​កាស​ទទួលបាន​ភាពជោគជ័យ​ឡើយ​។​

ជាក់ស្តែង​លោក​( គួច ចំរើន​) បាន​រំលឹក​ពី​ជីវប្រវត្តិ​តស៊ូ​ដែល​នាំ​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​អភិបាល​ខេត្តកំពង់ចាម​នេះ គឺ​សព្វថ្ងៃ​លោក​មាន​អាយុ ៤៨ ឆ្នាំ​។ក្រោយ​ថ្ងៃ​រំដោះ​ឆ្នាំ​១៩៧៩ លោក​មាន​អាយុ​ជាង ១០​ឆ្នាំ​ហើយ​បាន​ចូលរៀន​ថ្នាក់ទីមួយ​នៅ​ស្រុកកំណើត​ឯ​ខេត្តសៀមរាប ជាមួយ​ការបង្រៀន​ប្រាក់ខែ​របស់លោក​គ្រូ អ្នកគ្រូ ដូរ​ជាមួយនឹង​អង្ករ​។​

​លោក​ជា​កូនកំព្រា​ឪពុក ដែល​ពួក​ប៉ុលពត​យកទៅ​សម្លាប់ចោល សល់​តែ​ម្តាយ គឺ​សម្បី​ឈ្មោះ​ខ្លួនឯង​មិនចេះ​សរសេរ​ផង​ថ្នាក់​ទី​ពីរ​ហើយ និង ថ្ងៃ ខែ ឆ្នាំ​កំណើត​ទល់​សព្វថ្ងៃ តែ​ដោយ​ការខិតខំ​ប្រឹង​សិក្សា​ដល់​ថ្នាក់​ទី​ប្រាំពីរ​បានជា​ប់​សិស្ស​ពូកែ​នៅ​ថ្នាក់​ខេត្ត​។ កាលនោះ​លោក​មានបំណង​ធ្វើជា​អ្នកបើក​យន្តហោះ ដោយសារ​ចំណង់​ចំណូលចិត្ត​តាំង​តូច គឺ​មិនដែល​នឹកនា​ចង់​ធ្វើជា​អាជ្ញាធរ ឬ​ធ្វើ​នយោបាយ​អ្វី​ទេ​។​

​លោក​បាន​តស៊ូ​តាម​ចំណង់​ចំណូលចិត្ត ដោយបាន​ទៅ​ប្រឡង​បើក​យន្តហោះ​នៅ​ប្រទេស​រុស្ស៊ី អតីត​សហភាពសូវៀត តែ​ត្រូវ​ធ្លាក់​ដោយសារ​បញ្ហា​សុខភាព​។ លោក​ក៏បាន​ប្តូរ​ទិស​ចូលរៀន​ជា​កង​យោធា​ផ្នែក​បើកបរ រថ​គ្រោះ​នៅ​ប្រទេស​វៀតណាម​ម្តង​។ ខណ​:​នោះ​កិច្ច​ព្រម​ប្រៀង​ក្រុង​ប៉ា​រី និង បោះឆ្នោត​ឆ្នាំ​១៩៩៣ មកដល់​រដ្ឋាភិបាល​បាន​ឲ្យ​និស្សិត​ទាំងអស់​វិល​ចូល​ស្រុក​វិញ​។​

បន្ទាប់មក​លោក​បាន​សិក្សា​បញ្ចប់​សញ្ញាប័ត្រ​ថ្នាក់​បរិ​ញ្ញា​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​១៩៩៧ គឺ​ស្របពេល ដែល​នៅ​ទីក្រុង​ភ្នំពេញ​មាន​ចលនា​យុវជន​ជាច្រើន និង គណបក្សនយោបាយ​ជាង​២០​។ លោក​ក៏​សម្រេចចិត្ត​ជ្រើស​រើសយក​ជីវភាព​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​សព្វថ្ងៃនេះ​។​
​រោយមក​រដ្ឋាភិបាល​បានតែងតាំង​លោក​ជា​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជា​អភិបាលរង​ខណ្ឌចំការមន ជា​អភិបាល​ខណ្ឌមានជ័យ ជា​អភិបាល​ខណ្ឌដូនពេញ ជា​អគ្គនាយករង​ក្រសួងមហាផ្ទៃ និង​បន្ទាប់មក​ឆ្នាំ​២០១៧ មកជា​អភិបាលខេត្ត​កំពង់ចាម​នេះ​។​
​ ​
លោក គួច ចំរើន បាន​ថ្លែងបន្តថា ដូច្នេះ​សូម​ឲ្យ​ក្មួយៗ ជា​យុវជន​ទាំងអស់​ពិចារណា គឺ​លោក​មិនដែល​ដឹង​ខ្លួនឯង​ថា មក​ធ្វើជា​អភិបាលខេត្ត​កំពង់ចាម​នេះដែរ គឺ​មានន័យថា ការចាប់ផ្តើម​របស់លោក​មិន​ខុសគ្នា​នឹង​ក្មួយៗ​ប៉ុន្មាន​ទេ គឺ​ត្រូវ​ជឿ​លើ​ខ្លួនឯង និង​ស្ថានភាព​ជាក់ស្តែង កុំ​ជឿ​លើ​អ្នកដទៃ​៕S/​ដោយ​: ភោគ សម្បត្តិ​


​ ​