អភិបាលខេត្ត​កំពង់ចាម​វាយ​ស្គរជ័យ​បង្ហាញ​មោទនភាព​ការដាក់ «​ល្ខោនខោល​» ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ពិភពលោក​

1537
ចែករម្លែក

​ដោយ​: គង់​ហេង / កំពង់ចាម​: ទ្រនិចនាឡិកា​បាន​ចង្អុល​ចំ​លេខ ១០ ភ្លាម គឺ​ដៃ​ទាំង​ទ្វេ​របស់លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ចាប់យក​ដំបង​វាយ​ស្គរជ័យ ដើម្បី​បង្ហាញ​ពី​ការចូលរួម​អបអរសាទរ និង​មោទនភាព​នូវ​ព្រឹ​ត្ត​ការណ៍​ប្រវត្តិសាស្ត្រ គឺ​ការដាក់បញ្ចូល​«​ល្ខោនខោល​»​របស់​ខ្មែរ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ នៃ​មនុស្សជាតិ​លើ​ពិភពលោក នៅខាងមុខ​វាលស្មៅ របស់​សាលាខេត្ត​នេះ​នាយ​ប់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​

លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម វាយ​ស្គរជ័យ​បង្ហាញ​មោទនភាព​ការដាក់​ប​ញ្ជូ​ល​« ល្ខោនខោល​»​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ និង​អ្នកចូលរួម​។​

​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​មានប្រសាសន៍​ប្រគេន និង​ទៅកាន់​អ្នកចូលរួម​ជាង​មួយ​ពាន់​អង្គ និង​នាក់​មុន​អញ្ជើញ​វាយ​ស្គរ​ថា សូម​សម្តែង​ការ​អរគុណ​ជា​អនេក ដែល​បាន​និមន្ត និង​អញ្ជើញ​ចូលរួម​នា​ឳ​កាស​នេះ​។ ដោយមាន​រយ​:​ពេល​ចំនួន ពីរ ថ្ងៃ​ហើយ ដែល​« ល្ខោនខោល​»​របស់​ខ្មែរ​យើង ត្រូវបាន​គណ​:​កម្ម​ការ​អន្តររដ្ឋាភិបាល សម្រាប់​ការពារ​បេតិកភណ្ឌ​វប្បធម៌ អរូបី របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​ព័រ​ល្វី នៃ​សា​ធារ​រដ្ឋ​ប្រទេស​ម៉ូ​រី​ស​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ទៀតថា យប់​នេះ​ក្នុងនោះ​អាជ្ញាធរខេត្ត និង​ប្រជាពលរដ្ឋ​ទាំងអស់ សូម​សម្តែង​ការរំភើប​រីករាយ​ឥតឧបមា ជាមួយ​អ្វី​ជា​សម្បត្តិ​មត៌ក​ពិភព​ដែល​បានទទួល​ស្គាល់​ជា​បន្តបន្ទាប់​។ ដែល​នេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល ដែល​បានធ្វើ​ឲ្យ​មត៌ក​ជាច្រើន របស់​កម្ពុជា បាន​ក្លាយជា​ទ្រព្យសម្បត្តិ​វប្បធម៌​អរូបី របស់​ពិភពលោក រូ​ម​ទាំង​សំណង់​ជាច្រើន​ជា​ស្នាដៃ របស់​បុព្វបុរស​យើង ក៏បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​

​លោក គួច ចំរើន បានលើកឡើង​បន្តថា នេះ​ពិតជា​បង្ហាញ​ភាពស្របគ្នា ទៅនឹង​ពាក្យចាស់​បុរាណ​យើង​តែង​ពោលថា « វប្បធម៌​រលំ ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ ជាតិ​ថ្កើ​ន​ថ្កាន​» គឺ​«​ល្ខោនខោល​»​ពិតជា​បាន​ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ អរូបី នៃ​មនុស្សលោក​រួចហើយ គឺ​សបញ្ជាក់​យ៉ាងច្បាស់ ពី​ប្រទេស​កម្ពុជា​យើង​ពិត​ជាមាន​វប្បធម៌​រុងរឿង និង​បង្ហាញ​ពី​ភាព​ថ្កើងថ្កាន ក្នុង​ម្លុប​សន្តិភាព​យ៉ាង​ពេញ​បរិបូរ នៃ​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល នាពេល​បច្ចុប្បន្ននេះ​។​

​លោក ឃ​ន ប្រុស នាយក​រដ្ឋបាល​សាលា​កំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី ១ ខែធ្នូ ឆ្នាំ​២០១៨​ថា ពិធី​អបអរសាទរ​«​ល្ខោនខោល​» ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ អរូបី នៃ​មនុស្សជាតិ​លោក​ដែល​បានរៀបចំ​ធ្វើឡើង​នៅ​វាលស្មៅ​ខាងមុខ​សាលាខេត្ត​នា យប់​ថ្ងៃទី ៣០ វិច្ឆិកា​នេះ គឺ​មានការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និ​សិ​ត្ស សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ចាម​យ៉ាងច្រើន​កុះករ សរុប​ចំនួន​ជាង​មួយ​ពាន់​នាក់​។ ជាមួយ​នោះ​នៅមាន​តាម​បណ្តាល​វត្ត​អារាម​ចំនួន​ជាង​៣០០ កន្លែង និង ទីសាធារណ​:​នានា​របស់​ខេត្តកំពង់ចាម ក៏មាន​ការរៀបចំ​ដូចគ្នា ក្នុងពេល​តែមួយ​នេះ​។​

​គួរ​បញ្ជាក់ថា «​ល្ខោនខោល​»​របស់​ខ្មែរ ត្រូវបាន​គណ​:​កម្ម​ការ​អន្តររដ្ឋាភិបាល សម្រាប់​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី របស់​អង្គការ​យូណេស្កូ ដែលមាន​ទីតាំងនៅ​ទីក្រុង​ព័រ​ល្វី នៃ​ម៉ូ​រី​ស បាន​ព្រមព្រៀង​សម្រេច​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌ អរូបី នៃ​មនុស្សជាតិ កាលពី​ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕ ល​