អភិបាលខេត្ត​កំពង់ចាម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រាំ​ស្រុក​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​មិន​យក​សេ​វាពី​ក្រុមគ្រូពេទ្យ​ប្រទេស​បារាំង​

488
ចែករម្លែក

ដោយ​:គង់​ហេង/កំពង់ចាម​ ៖ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ស្រុក​ជា​គោលដៅ​ចំនួនប្រាំ គឺ​សូម​អញ្ជើញ​មក​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​ស្ម័គ្រចិត្ត របស់​ប្រទេស​បារាំង​ចំនួន ៤១ រូប ជាមួយនឹង​ឱ​សថ​ទម្ងន់​ពីរ​តោន​កន្លះ​។ ដោយ​គ្រូពេទ្យ​ប្រទេស​ល្បីឈ្មោះ​ខាង​ព្យាបាល​​ជំងឺ​មួយ​នេះ នឹង​ចំណាយពេល​ចំនួន ១០​ថ្ងៃ ដើម្បី​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​មនុស្សធម៌​។​

ក្នុងជំនួប​លោកស្រី VERLINDEN MARIE ប្រធាន​សមាគម​គ្រូពេទ្យ​ប្រទេស​បារាំង និង​ក្រុមការងារ​នៅក្នុង​សាលាខេត្ត​កំពង់ចាម​នា​ព្រឹក​ថ្ងៃទី ១៤ មករា​នេះ លោក គួច ចំរើន អភិបាលខេត្ត​នេះ​បាន​ថ្លែងថា យើង​មានចិត្ត​រំភើប​រីករាយ​ណាស់ ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា គ្រូពេទ្យ​ជំនាញ​ស្ម័គ្រចិត្ត​របស់​ប្រទេស​បារាំង នឹង​មកជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម និង​សូម​ស្វាគមន៍​ក្នុងការ​ចូលរួម​សហកា​រ​។​

លោក គួច ចំរើន បាន​មានប្រសាសន៍​លើកឡើងថា ដូច្នេះ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជា​គោលដៅ​មាន​: ស្រុក​កំពង់សៀម​, ស្រុក​ស្ទឹងត្រង់​,​ស្រុក​ព្រៃឈរ​, ស្រុក​ចម្ការលើ និង​ស្រុក​កោះសូទិន គឺ​សូម​អញ្ជើញ​មក​ពិនិត្យ ពិគ្រោះ សុខភាព និង​ព្យាបាល​ជំងឺ​ឲ្យ​បាន​គ្រប់ៗ​គ្នា​ពោល គឺ​សូម​បោះបង់​ទម្លាប់​ពេល​ធ្លាក់ខ្លួន​ឈឺ​ទើប​រត់​មករក​គ្រូពេទ្យ​នោះ​។​

លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​បន្តថា ជំនួសមុខ​ឲ្យ​ប្រជាពលរដ្ឋ​ស្រុក​ចំនួន ប្រាំ ខាងលើនេះ គឺ​សូម​អរគុណ​ជា​អនេក និង​សូម​កោតសរសើរ​ដល់​លោកស្រី VERLINDENMARIE ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត និង​ក្រុមការងារ​ទាំងអស់ ដែល​បាន​កៀងគរ​ជំនួយ​មនុស្សធម៌​ដ៏​ថ្លៃថ្លា​នេះ ដើម្បី​ព្យាបាល​សុខភាព​ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​រយៈ​ពេល​១០​ថ្ងៃ​ខាងមុខនេះ​។​

លោកស្រី VERLINDEN MARIE ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ប្រទេស​បារាំង​បាន​ថ្លែង​តាមរយៈ​អ្នកបកប្រែ​ថា នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ​២០១៩ ក្រុមគ្រូពេទ្យ​ជំនាញ​ចំនួន៤១រូប និង​ថ្នាំពេទ្យ​ទម្ងន់​ពីរ​តោន​កន្លះ ពី​ប្រទេស​បារាំង សម្រាប់​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ចំនួនប្រាំស្រុក នឹង​មកដល់​ខេត្តកំពង់ចាម​។​

ប្រធាន​សមាគម​គ្រូពេទ្យ​រូបនេះ​បាន​បន្តថា ក្នុងនោះ​ក្រុមការងារ​គ្រោង​ចំណាយ​ក្នុង​បេសកកម្ម​មនុស្សធម៌​មួយ​នេះ​នូវ​ទឹកប្រាក់​ប្រមាណ​ជាង ១០​ម៉ឺន អឺរ៉ូ​។ ដោយ​តម្លៃ​ថ្នាំពេទ្យ​ទម្ងន់២,៥០តោន ស្មើនឹង​ជាងបួន​ម៉ឺនអឺរ៉ូ និង​ចំណាយ​បេសកកម្ម​សរុប​ប្រហែល​ជាងប្រាំបី​ម៉ឺនអឺរ៉ូ​បន្ថែមទៀត​។​

លោក គឹម​សួរ ភិ​រុណ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​ជា​ជំនួយ​មនុស្សធម៌​លើកដំបូង​គេ លើ​វិស័យ​សុខាភិបាល​របស់​ប្រទេស​បារាំង​ក្នុង​ឆ្នាំ​២០១៩ ដល់​ប្រជាពលរដ្ឋ​ខេត្តកំពង់ចាម​។ ខណៈ​ដែល​ឆ្នាំ​កន្លងទៅ​ប្រទេសមួយ​នេះ​តែង​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់ ដូចគ្នា​ប្រទេស ចិន ,​កូរ៉េខាងត្បូង និង​ប្រទេស​វៀតណាម​ផងដែរ​៕B/