អភិបាលខេត្ត​កំពង់ចាម និង​មន្ត្រី​ធនធានទឹក ចុះ​ពិនិត្យ​ច្រាំងទន្លេ​មេគង្គ បាក់ស្រុត​នៅ​ស្ទឹងត្រង់់​

558
ចែករម្លែក

ដោយ​: ប​.​ខុន​
​ភ្នំពេញៈ
អភិបាលខេត្ត​កំពង់ចាម និង​មន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចុះ​ពិនិត្យមើល​ស្ថានភាព​ច្រាំង​ទន្លេមេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់ ដែល​បាន​បាក់​ជា បន្តបន្ទាប់​មាន​ប្រវែង​ដល់​ជាង​៥.០០០​ម៉ែត្រ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ វត្ត ភូមិ និង ដី ស្រែចម្ការ​របស់​ប្រជាពលរដ្ឋ​និង​នៅ​ចំពោះមុខ​នេះ បើសិនជា​អត់​មាន​វិធានការ ទប់ស្កាត់​ទេ ប្រជាពលរដ្ឋ​១១២​គ្រួសារ​ត្រូវ​រុះរើ​ផ្ទះ​ទៅរក​ដី​ថ្មី​ហើយ​។​

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ពិនិត្យមើល​ស្ថានភាព​ច្រាំង នៅ​ស្រុក​ស្ទឹងត្រង់ (​រូប​: ធនធានទឹក​)

​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃ​៥​ខែកក្កដា​ឆ្នាំ​២០១៩ បន្ទាប់ពី​បញ្ចប់​ការពិនិត្យ​មើល​ច្រាំងទន្លេ​មេគង្គ នៅក្នុងស្រុក​ស្ទឹងត្រង់​ជាមួយនិង​លោក​ប៊ុន ហ៊ាន រដ្ឋ លេខាធិការ ក្រសួង ធនធាន ទឹក និង ឧតុនិយម ថា ច្រាំងទន្លេ​មេគង្គ​ស្ថិតនៅ​ក្នុងភូមិ សាស្ត្រ​ឃុំ​ព្រះ​អណ្តូង និង ឃុំ​ពាម កោះ​ស្នា​បាន​បាក់ ជា​បន្តបន្ទាប់​នេះ លោក​បាន​ចុះទៅពិនិត្យ​ម្តង ហើយ​កាល ពីថ្ងៃ ទី​៣​ខែកក្កដា​ដោយ​ឃើញ​មាន​ស្ថាន ភាព​បាក់​ធ្ងន់ធ្ងរ​ណាស់​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ចំពោះមុខ​នេះ​ប្រសិនបើ​គ្មាន​វិធានការ ទប់ស្កាត់​ទេ​ប្រជាជន​ចំនួន​១១២​គ្រួសារ​នៅក្នុង​ឃុំ​ព្រះ​អណ្តូង​និង​ឃុំ​ពាម កោះ​ស្នា ត្រូវ រុះរើ​ផ្ទះ​ចេញ​ទៅរក​ទីតាំង​ថ្មី បើ​មិន​ដូច្នេះ​ទេ​ពេល​ទឹក​ឡើង​ក្នុង​រដូវវស្សា​នេះ អាច​នឹង​បាក់​ធ្លាក់ចូល​ទន្លេ​។ វិធានការ​បន្ទាន់​អាច​បូម​ស្តា​រចិត កោះ​ដុះ​ថ្មី​នៅក្នុង​ទន្លេ ដើម្បី​បន្ថយ​កម្លាំង​ទឹក​មក​បុក​ច្រាំង ដែល​ប្រឈម​នឹង​ការបាក់​មាន​ប្រវែង រហូត ដល់ ជាង​៥​គីឡូម៉ែត្រ​។ ថ្ងៃនេះ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ចុះមក​ពិនិត្យមើល ដើម្បី​សិក្សា​និង​រិៈ​រក​វិធានការ​ទប់ស្កាត់​ការបាក់​។​

ច្រាំងទន្លេ​មេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់​ប្រឈម​នឹង​ការបាក់​ដល់​ប្រវែង​ជាង​៥​គីឡូម៉ែត្រ (​រូប​: ធនធានទឹក​)​

​លោក ម៉ៅ ហាក់ មន្ត្រី​ជំនាញ​ជលសា​ស្ត្រ​នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៥​ខែកក្កដា​ឆ្នាំ​២០១៩​ថា ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ចុះមក​ពិនិត្យមើល​ស្ថានភាព​ច្រាំង ទន្លេមេគង្គ​ដែល​បាក់ស្រុត​នៅ​ស្រុង​ស្ទឹង​ត្រង់នេះ តាម​ការសម្រេច​របស់​លោក លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម ក្រោយពី​ទទួល បាន​របាយការណ៍​ស្តី​ការបាក់​ច្រាំង​ទន្លេមេគង្គ​យ៉ាងធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់ នៅ​ស្រុក ស្ទឹងត្រង់​រួចមក​។​

​មន្ត្រី​ជំនាញ​ខាង​ល​បាន​បញ្ជាក់ថា ច្រាំងទន្លេ​មេគង្គ​នៅក្នុង​ស្រុក​ស្ទឹងត្រង់ ដែល​បាន​បាក់​ជា​បន្តបន្ទាប់​កន្លង​ទៅនេះ ដោយសារ​ការ​ដុះ​កោះ​ថ្មី​នៅ​កណ្តាល ទន្លេ​កាន់តែ​ធំ​ឡើង​។ ច្រាំងទន្លេ​ដែល​បាក់​ខ្លាំង​មាន​ប្រវែង​ប្រមា​ណា​៥០០​ម៉ែត្រ និង ច្រាំងទន្លេ​ដែល​ប្រឈម​ការបាក់​មាន​ប្រវែង​ដល់​ប្រមាណ​ជា ៥,៥០០​ម៉ែត្រ​។​

ច្រាំងទន្លេ​មេគង្គ​នៅ​ស្រុក​ស្ទឹងត្រង់​ប្រឈម​នឹង​ការបាក់​ដល់​ប្រវែង​ជាង​៥​គីឡូម៉ែត្រ (​រូប​: ធនធានទឹក​)​

​នៅពេលនេះ លោក ម៉ៅ ហាក់ និយាយថា ទើបតែ​ចាប់ផ្តើម​ធ្វើការ​សិក្សា​ទេ វិធានការ​ទប់ស្កាត់​បែបណា​នោះ​មិនទាន់​ដឹង​ទេ សំខាន់​ធ្វើការ​សិក្សា​សិន​។ នៅ​ចំពោះមុខ​អាចធ្វើ​ការ​បូម​ស្តា​រចិត​កោះ​នៅ​កណ្តាលទន្លេ ដើម្បី​សម្រួល​ផ្លូវទឹក​កុំឱ្យ បុក​ខ្លាំង​មក​ចំ​ច្រាំង​ដែល​បាក់​នេះ​ទៀត​។ ច្រាំងទន្លេ​នេះ​ប្រឈម​នឹង​ការបាក់​ខ្លាំង មាន​ប្រវែង​វែង​។ ការបាក់​ច្រាំង​ជា​បន្តបន្ទាប់​បានធ្វើ​ប្រជាពលរដ្ឋ​បាត់បង់​ភូមិដ្ឋាន ដីស្រែ​ចម្ការ វត្ត​អារាម និង ផ្លូវ​សម្រាប់​ធ្វើដំណើរ​៕ ល​