អភិបាលខេត្ត​កំពង់ចាម ស្តាប់​បទ​បង្ហាញ​សមិទ្ធផល និង​ភ្លក់​រសជាតិ​ផលិតផល​ខ្មែរ តាម​ស្តង់​ពិព័រណ៍​

295
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ចូលរួម​ស្តាប់​បទ​បង្ហាញ​តាម​បណ្តា​ស្តង់​ពិព័រណ៍​មន្ទីរ អង្គភាព ដែល​បាន​ពិពណ៌នា​ពី​សមិទ្ធិផល និង​ផលិតផល​ដែល​សម្រេចបាន​កន្លងទៅ​។ ពិសេស​បាន​ភ្លក់​រសជាតិ និង​ពិនិត្យមើល​ផលិតផល​ជា​ស្នាដៃ​របស់​ខ្មែរ ដែល​បានដាក់​បង្ហាញ​តាម​ស្តង់​ជិត ១០០ កន្លែង​ទទួល​អបអរ​ខួប​លើក​ទី​៤០ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា រយ​:​ពេល ប្រាំ ថ្ងៃនោះ​។​

​លោក ឃ​ន ប្រុស នាយក​រដ្ឋបាល​សាលាខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹងថា មន្ទីរ អង្គភាព ស្រុក ក្រុង សរុប​ចំនួន ៣៨ កន្លែង​ចំណុះ​ឲ្យ​ខេត្តកំពង់ចាម លើកលែងតែ​ខាង​អង្គភាព នគរបាល ,​កងរាជអាវុធហត្ថ និង​ទាហាន ប៉ុណ្ណោះ គឺ​ចាំបាច់​ត្រូវ​នាំយក​សមិទ្ធិផល និង​ផលិតផល​ជា​ស្នាដៃ​របស់ខ្លួន មក​ដាក់តាំង​បង្ហាញជូន​ភ្ញៀវ​ទស្សនា​កម្សាន្ត​តាម​ស្តង់​នីមួយៗ ពីថ្ងៃ​ទី ៥ -១០ ខែមករា ឆ្នាំ​២០១៩​។​

​លោកនាយក​រដ្ឋបាល​សាលាខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ដាក់តាំង​បង្ហាញ​នោះ ម្ចាស់​ស្តង់​តំណាង​ឲ្យ មន្ទីរ អង្គភាព ស្រុក ក្រុង រង់ចាំ​ធ្វើ​បទ​បង្ហាញ​ប្រាប់​ភ្ញៀវ​ពី​សមិទ្ធិផល និង​ផលិតផល​របស់ខ្លួន​។ ដើម្បី​បង្ហាញ​ពី​សក្តានុពល នៃ​សមិទ្ធិផល និង​ផលិតផល​មុខ នីមួយៗ ជា​ស្នាដៃ​ច្រើន​ឆ្នាំ​នោះ​។​

​លោក ឃ​ន ប្រុស បាន​បន្តថា ធ្វើ​បទ​បង្ហាញ​ដូចគ្នា​ចំពោះ ៥៨​ស្តង់​ជា​ផលិតផល​ខ្មែរ​ដែល​បាន​នាំយក​ពី​បណ្តា​ខេត្ត​មួយចំនួន​។ ក្នុង​បំណង​ឲ្យ​ភ្ញៀវ​បាន​ស្គាល់ ពី​ទីតាំង​ផលិត និង​ភ្ញៀវ​បាន​ភ្លក់​រសជាតិ ដើម្បី​ជាវ​ផលិតផល​យកទៅ​ប្រើប្រាស់ និង​ទទួលទាន​៕