អភិបាលខេត្ត​កំពង់ចាម អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ នាំយក​សត្វ គោ ក្របី មកចាក់​ថ្នាំ​បង្ការ​ការពារ ជំងឺសារ​ទឹក និង​អ៊ុត​ក្តាម ឲ្យ​បាន​គ្រប់ៗ​គ្នា​

1188
ចែករម្លែក

 

ដោយ​៖​រ៉ា​ម៉ន​

​កំពង់ចាម ៖ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម សូម​នាំយក​សត្វ គោ ក្របី មកចាក់​ថ្នាំ​បង្ការ​ការពារ ជំងឺសារ​ទឹក និង​អ៊ុត​ក្តាម ឲ្យ​បាន​គ្រប់ៗ​គ្នា​។​
​ការ​អំពាវ​បែបនេះ របស់លោក​អភិបាលខេត្ត បានធ្វើ​ឡើង​ក្នុង​ពិធី​ចាក់​ថ្នាំ​បង្ការ ការពារ​ជំងឺ សារ​ទឹក អុតក្តាម នៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម នា​ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨​។​
​ ​លោក គួច ចំរើន ក្នុងឱកាស​នោះ បានបង្ហាញ​ពី​គោលបំណង របស់​រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្ត​កំពង់ចាម គឺធ្វើឡើង​ដើម្បី​ការពារ កុំ​ឲ្យ​សត្វ​ចិញ្ចឹម (​គោ ក្របី ) នេះ​ឆ្លង​ជំងឺ ប្រសិនបើ​យើង​មានការ​ធ្វេសប្រហែស​បន្តិច អាចធ្វើ​ឲ្យ​សត្វ​គោ ក្របី ឈឺ​ស្លាប់ ដែល​អាច​ប៉ះពាល់ ដល់​សេដ្ឋកិច្ច​ក្នុង​គ្រួសារ និង​ពេលវេលា​ផងដែរ​។​
​លោក​អភិបាល បានបញ្ជាក់​ទៀតថា ប្រជាពលរដ្ឋ​មួយចំនួន នៅ​មិនទាន់​យល់ច្បាស់ ពី​បញ្ហារ​ចាក់​ថ្នាំ​បង្ការ​នេះ ដោយ​គិតថា សត្វ​របស់គាត់​មិនទាន់​ឈឺ​ផង ហេតុអ្វី​ត្រូវ​ចាក់​ថ្នាំ នេះហើយ​ជា​កត្តា​ដ៏​ចម្បង ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ អុតក្តាម និង​សារ​ទឹក នាពេល​កន្លងមក​។​ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ ក្នុង​ឃុំ​កោះសំរោង​ជម្ងឺ​ប្រភេទ​នេះ​បាន បណ្តាល​ឲ្យ​សត្វ​គោក្របី​ឈឺ​ជា​បន្តបន្ទាប់ ហើយ​ត្រូវបាន​អាជ្ញាធរ រួម​នឹង​មន្ត្រី​ជំនាញ​ព​សុ​ពេទ្យ​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ចាម បាន​ចុះ​ទប់ស្កាត់​ចាក់​ថ្នាំ​ការពារ បាន​ទាន់ពេលវេលា​។​
​ក្នុងឱកាស​នោះដែរ លោក​គួច ចំរើន បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ក្នុង​ពិធី យក​បញ្ហា​ទាំងនេះ​
​ទៅ​ផ្សព្វផ្សាយ​ជូន​បងប្អូន ប្រជាពលរដ្ឋ​ដែល​មិនបាន​ចូលរួម សូម​យក​សត្វ គោ ក្របី មកចាក់​ថ្នាំ​បង្ការ​នេះ ដោយ​មិន​គិត​ប្រាក់​ឡើយ​។​
​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ទៅ​ពិនិត្យមើល​សាលាឆាន់ ដែល​បាន​ឆាបឆេះ​ដោយ​អគ្គិភ័យ កាល​វេលា​ម៉ោង​២​ទៀបភ្លឺ ក្នុង​ថ្ងៃទី​១១ ខែមិថុនា​ថ្មីៗ​នេះ ដែល​បណ្តាល​ឲ្យ​ឆាបឆេះ​ខូចខាត អស់ទាំង​ស្រុង ។​
​ ​ក្នុងនោះ​លោក​អភិបាលខេត្ត បាន​យក​បច្ច័យ​១​លាន​រៀល ប្រគេន​ដល់​ព្រះគ្រូ​ចៅអធិការ​វត្ត​ក្រូចសើច ហើយ​ជាមួយគ្នា​ដែរ លោក​អភិបាលខេត្ត ក៏បាន​ចុះ​សំណេះសំណាល ជាមួយ​គ្រូ​សិស្ស​មេ​ត្ត​យ្យ​សហគមន៍ ក្នុង​បរិវេណ​វត្ត​ក្រូចសើច នោះ​ផងដែរ​៕