អភិបាលខេត្ត​ខេត្តកំពង់ឆ្នាំង ប្រាប់​ទៅ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​សហការគ្នា​ចូលរួម​ចាត់វិធានការ​រក្សា​ទឹក​ទុក​ឲ្យ​បានល្អ​

343
ចែករម្លែក

​ដោយ​: សន សក្តា / កំពង់ឆ្នាំង​: លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ទៅ​មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​អោយ​បង្កើន​ការយកចិត្តទុកដាក់​ក្នុង​ការចុះ​ផ្សព្វផ្សាយ​ ​និង​ចាត់វិធានការ​រក្សា​ទឹក​ទុកអោយ​បានល្អ ដើម្បី​សម្រាប់​ការប្រើប្រាស់​អោយមាន​ប្រសិទ្ធិភាព​។​

​លោក​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​ប្រសាសន៍​ប្រាប់​ទៅ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​សារ​ចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទុក ។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដោយ​គូស​បញ្ជាក់ទៀតថា មន្ត្រី​ជំនាញ​និង​មន្ត្រី​អាជ្ញាធរ​ត្រូវ​ចុះទៅ​មូលដ្ឋាន​ធ្វើការ​ផ្សព្វផ្សាយ និង​ពន្យល់​ដល់​ប្រជាកសិករ​ឲ្យ​គាត់​ធ្វើ​ស្រូវប្រាំង​តែមួយ​ដង​បាន​ហើយ នៅក្នុង​ឆ្នាំ​២០១៩​នេះ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ហូ​ដល់ពេល​មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​។​

​ជាមួយគ្នានេះ​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ​នានា​ដូចជា​ខ្យល់​កន្ត្រាក់​ជាដើម​។​

​លោក​ដោក ប៊ុន​ថុ​ន​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧ​ត្តុ​និយម​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា កន្លងទៅនេះ​មន្ទីរ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អោយ​រក្សា​ទឹក​ទុកអោយ​បានល្អ ហើយ​មន្ទីរ​ក៏បាន​ត្រៀម​រួចជាស្រេច ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះ​ខ្វះ​ទឹក និង គ្រោះធម្មជាតិ​ផ្សេងៗ ។​

​សូប​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ដោយយោង​ទៅតាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុ​និ​​យម​ដែល​បាន​បង្ហាញថា នៅ​ដើមឆ្នាំ​២០១៩​នេះ ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ទទួលរង​(​ដោយ​ប្រយោល​)​ពី​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ​(El Nino)​។ ឥទ្ធិពល​នៃ​បាតុភូត​នេះ​នឹង​បង្ក​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុ​ជានារ​ដូ​វ​ប្រាំង​នេះ ពិសេស​ក្នុង​ខែមេសា​និង​ខែឧសភា មាន​សភាព​ក្តៅ​ហួតហែង និង សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ អាច​ហក់​ឡើងដល់​ពី​៤០​ទៅ​៤២​អង្សា​សេ មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ ផ្គរ រន្ទះ និង ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា​មកដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ​៕ ល​

#