អភិបាលខេត្ត​តម្រូវឱ្យ​ដំណើរការ​បណ្ណាល័យ​ដែល​ទុក​ទំនេរ​ជា​យូរ​មកហើយ​

837
ចែករម្លែក

ដោយ​: បូកគោ / កំពត​: បណ្ណាល័យ​ដ៏​ល្អ​ប្រណីត​ជា​អំណោយ​ក្នុងន័យ​មិត្តភាព​រវាង​ខេត្តកំពត និង​ខេត្ត​សេ​ម៉ា​ល​ប្រទេស​កូរ៉េ ដែល​បាន​ទុក​នៅ​ទំនេរ​តាំងពី​សាងសង់​រួចរាល់ កាលពី​ឆ្នាំ​២០១២ ត្រូវបាន​អភិបាលខេត្ត​ជំ​រុញឱ្យ​ដំណើរការ​នា​ដើមឆ្នាំ​២០១៩ ដើម្បី​បង្កើន​ចំណេះដឹង​សម្រាប់​យុវវ័យ​។​

​ព្រោះតែ​ឃើញ​បណ្ណាល័យ​មិត្តភាព​កំពត​-​សេ​ម៉ា​ល​ស្ថិតនៅ​រមណីយដ្ឋាន​ស្រះ​ឈូក​ក្នុង​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត​ដែលជា​អំណោយ​មកពី​ប្រទេស​កូរ៉េ ទុក​ទំនេរ​គ្មាន​ដំណើរការ ក្រោយ​សាងសង់​រួចរាល់​រយៈពេល​ជិត​ប្រាំមួយ​ឆ្នាំ​មកហើយ​នោះ ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត ពិសេស​និស្សិត​ក្នុង​វ័យ​សិក្សា​បាន​រិះគន់​ចំពោះ​ការមិន​បើកទ្វារ ដើម្បី​ចូល​អាន និង​ស្រាវជ្រាវ​ប្រវត្តិ​ផ្សេងៗ​។ មតិ​ទាំងនោះ បាន​បញ្ជាក់ថា ប្រសិនបើ​បណ្ណាល័យ​នេះ​បើកទ្វារ​អនុញ្ញាត​ឱ្យចូល​អាន​សៀវភៅ នោះ​ពួកខ្លួន​នឹង​មានឱកាស​ស្រាវជ្រាវ​អំពី​ឯកសារ​ប្រវត្តិសាស្ត្រ ទំនៀមទម្លាប់ ក៏ដូចជា​បច្ចេកវិទ្យា ដែល​ប្រទេស​ជឿនលឿន​កំពុង​ប្រើប្រាស់ ក្នុងការ​អភិវឌ្ឍ​សង្គម​របស់គេ​ជាក់​ជាមិនខាន​។ ដូច្នេះ​ក្នុងនាម​យុវជន​ដែល​ត្រូវការ​ចំណេះដឹង​បន្ថែម ពួកខ្លួន​សំណូមពរ​ចំពោះ​អ្នកគ្រប់គ្រង​បណ្ណាល័យ​នេះ បើក​ឱ្យ​ដំណើរការ​សម្រាប់​ជា​ប្រយោជន៍​ទៅ​ថ្ងៃក្រោយ​។​

​ក្នុងឱកាស​ទទួល​កុំព្យូទ័រ​ពី​ប្រតិភូ​នៃ​មជ្ឈមណ្ឌល​ប្រតិបត្តិការ​ឥណ្ឌូចិន​-​កូរ៉េ កាលពី​រសៀល​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​កន្លងមក ខេត្ត​សេ​ម៉ា​ល​នៃ​ប្រទេស​កូរ៉េ​បាន​សាងសង់​បណ្ណាល័យ​មួយ​ខ្នង​ជូន​រដ្ឋបាលខេត្ត​ដែលមាន​ឈ្មោះថា​បណ្ណ​ល័យ​មិត្តភាព​កំពត​-​សេ​ម៉ា​ល​។ មកដល់ពេលនេះ បណ្ណាល័យ​ហាក់​មិនមាន​សកម្មភាព​ឱ្យបាន​សមស្រប​តាម​បំណង​របស់​ម្ចាស់​អំណោយ​ឡើយ ហើយ​លោក​ក៏​មិនដឹងថា​មាន​មូល​ហេតុអ្វី​ដែរ​។ យ៉ាងណាក៏ដោយ នា​ដើមឆ្នាំ​២០១៩ លោក​នឹង​បើក​ដំណើរ​បណ្ណាល័យ​នោះ ហើយ​យក​កុំព្យូទ័រ​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ទៅ​ដាក់​សម្រាប់​ប្រើប្រាស់​តាម​តម្រូវការ​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​ប្រសិន​បើសិន​ភាគី​ខាង​កូរ៉េ មាន​អ្វីដែល​ពាក់ព័ន្ធ ដូចជា​សៀវភៅ​ប្រវត្តិសាស្ត្រ ឬ​បច្ចេកទេស​ក្តី​អាច​យកមក​ដាក់ ដើម្បី​ចែករំលែក​ការចេះដឹង​ដល់​យុវជន​កម្ពុជា​។ រដ្ឋបាលខេត្ត​មិនមាន​សៀវភៅ​សម្រាប់​ចែកជូន​ដល់​បណ្តា​សិស្ស និស្សិត​ឱ្យបាន​ដល់ផ្ទះ​ទេ​។ ដូច្នេះ​ការប្រមូល និង​នាំយក​សៀវភៅ​ល្អៗ មក​ដាក់​ក្នុង​បណ្ណាល័យ​ពិតជា​មាន​សារសំខាន់ ដើម្បីឱ្យ​ពួកគេ​ចូល មក​អាន ក៏ដូចជា​សិក្សា​ស្រាវជ្រាវ​ទាំង​ប្រវត្តិសាស្ត្រ ក៏ដូចជា​ចំណេះដឹង​ទូទៅ​៕ ល​