អភិបាលខេត្ត​តាកែវ​ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​សិប្បកម្ម លាឈប់​ពី​តំណែង​ព្រោះ​រឿង​​ស្ករត្នោតក្លែងក្លាយ​

7453

(​តាកែវ​) ៖ លោក​អភិបាល​ខេត្តតាកែវ បានស្នើ​ឲ្យ​ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង សិប្បកម្ម​ខេត្ត ធ្វើលិខិត​លាឈប់​ពី​តំណែង ក្រោយ​ការ​បែកធ្លាយ​ដំណឹង​ពី​ភាពមិនប្រក្រតី ដែល​មន្ត្រី​ជំនាញ​នៅតែ​អនុញ្ញាត​ឲ្យ​មាន​សិប្បកម្ម​កែច្នៃ​ស្ករត្នោត​នៅ​ស្រុក​បាទី បើ​គ្មាន​សមត្ថភាព​បិទ​ទីតាំង​ទាំង​នោះទេ​។​នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ​។​

លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ

​ជុំវិញ​ភាពមិនប្រក្រតី​ដែល​មន្ត្រី​ជំនាញ​ដើរ​ប្រមូល​លុយ​ជាច្រើន​ក្នុង​មួយខែៗ ពី​ក្រុម​អ្នក​ផលិត​កែច្នៃ​ស្ករត្នោត​នៅ​ស្រុក​បាទី​នោះ
លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ កាលពីពេល​ថ្មីៗ​នេះ​បានស្នើ​ឲ្យ​លោក កេ​ត ព្រុង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្ប​​កម្ម​ខេត្តតាកែវ ធ្វើលិខិត​លាឈប់​ពី​តំណែង​ទៅ បើ​លោក​គ្មាន​សមត្ថភាព​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ទាំងនោះ​។​
​ ​
​បើតាម​កម្ពុ​ជាថ្មី លោក​អភិបាល​បាន​បញ្ជាក់ថា លោក​បានចេញ ស​.​ជ​.​ណ រួចហើយ ដើម្បី​ឲ្យ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​នៅ​ភូមិ​ពាន​​មាស​ខាងកើត ឃុំ​លំពង់ ស្រុក​បាទី ជាពិសេស​ខាង​មន្ទីរ​ឧស្សាហកម្ម និង សិប្បកម្ម ត្រូវធ្វើ​យ៉ាងណា​កុំ​ឲ្យ​មាន​ទីតាំង​ផលិត​តទៅទៀត តែ​រហូត​មកទល់ពេលនេះ​ទីតាំង​ខាងលើ​នៅតែ​អាច​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ដដែល ដូច្នេះ​លោក កេ​ត ព្រុង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង សិប្បកម្ម ត្រូវតែ​ធ្វើលិខិត​លាឈប់​ពី​តំណែង​ទៅរក​តួនាទី​ថ្មី​ទៅ​។ លោក​ឲ្យ​ទៅ​បិទ​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ មិនមែន​ឲ្យ​ទៅយក​លុយ​ពី​ពួកគាត់​នោះទេ​។​
​ ​
​គួរ​បញ្ជាក់ថា ស្ករត្នោត​ក្លែងក្លាយ ត្រូវបាន​ក្រុមមនុស្ស​មួយចំនួន​តូច​លួច​ផលិត​នៅ​ទីតាំង​ខាងលើ ដោយ​ពួកគេ​បាន​បង់លុយ​ឲ្យ​ទៅ​លោក សោ ស៊ីណា ប្រធានការិយាល័យ​ឧស្សាហកម្ម និង សិប្បកម្ម​ស្រុក​បាទី ទើប​ពួកគេ​អាច​បន្ត​ផលិត​នៅ​ទីតាំង​ខាងលើ​បាន​ដោយ​រលូន​។​
​ ​
​ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក សោ ស៊ីណា បាន​ប្រាប់​ពួកគាត់​ថា នាំគ្នា​ផលិត​ទៅហើយ​បង់លុយ​ឲ្យ​មក​លោក លោក​នឹង​យកលុយ​ជូន​ថ្នាក់លើ​ដើម្បី​រត់ការ​ច្បាប់ ហើយ​ក្រៅពី​លោក​មិនត្រូវ​ឲ្យ​អ្នកណា​ចូលមក​ដល់ទី​តាំង​ផលិត​ស្ករ​នេះ​ទេ​។ ចំណែក​លោក កេ​ត ព្រុង ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង សិប្បកម្ម​ខេត្តតាកែវ ដែល​រង​ការដកតំណែង​ពី​លោក​អភិបាលខេត្ត​បាន​ឆ្លើយ​ទទួលស្គាល់ថា លោក​ពិតជា​បាន​ឲ្យ​កូនចៅ​ប្រមូល​លុយ​ពី​ក្រុម​អ្នក​ផលិត​ស្ករ​ពិតមែន បើ​មិន​យកលុយ​តើ​ទៅ​រត់​ច្បាប់​ម៉េច​នឹង​កើត​។ ស្ករត្នោត​ក្លែងក្លាយ​ដែល​ផលិត​នេះ គឺ​គេ​ផ្សំ​ឡើង​ពី ស្ករស ទឹក អំបិល ប្រេងឆា និង ធាតុ​ផ្សំ​ផ្សេងៗ​ទៀត​ដែល​គេ​លាក់​ជា​អាថ៌កំបាំង ហើយ​បើតាម​ប្រភព​ច្បាស់ការ​បាន​ឲ្យ​ដឹង​ទៀតថា ក្រុម​អ្នក​ផលិត​ស្ករត្នោត​ក្លែងក្លាយ​ខាងលើនេះ គឺ​គ្រាន់តែ​ស៊ីឈ្នួល​ផលិត​នោះទេ ចំណែក​ថៅកែ​ធំ​គឺ​នៅ​ភ្នំពេញ ឯណោះ​៕​ដោយ​៖​វិបុល​/sn

សិប្បកម្ម​កែច្នៃ​ស្ករត្នោត​នៅ​ស្រុក​បាទីសម្រាប់នាំមកលក់នៅភ្នំពេញ(រូប៖វេបសាយ)