អភិបាលខេត្ត​បាត់ដំបង​ទទួល​ជួប​សម្តែង​ការគួរសម​និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ខេត្ត​ជុង​សាន​ប៊ុ​ក​នៃ​សាធារណរដ្ឋ​កូរ៉េ

495
ចែករម្លែក
  • 9
    Shares

ដោយៈ​ប៊ុន​ណាត / បាត់ដំបងៈ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​២០​ខែកុម្ភៈ ឆ្នាំ​២០១៩ លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បានទទួល​ជួប​សម្តែង​ការគួ​សម និង​ប្រជុំពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុង​ជង់​សុង​ហ្គា​ន់ ខេត្ត​ជុង​សាន​ប៊ុ​ក នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​ដឹកនាំ​ដោយ​លោក យន់ ឃ្យុ​ង​ហេ​អភិបាលក្រុង​ជង់​សុង​ហ្គា​ន់ ខេត្ត​ជុង​សាន​ប៊ុ​ក នៃ​សាធារណរដ្ឋ​កូរ៉េ ។ ក្នុងជំនួប​ពិភាក្សា​ការងារ​នេះ​ក៏មាន​ការចូលរួម​ពី​លោក​អ៊ុយ សុធាវី អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោកនាយក​ទីចាត់ការ​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ លោក​ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ព្រមទាំង​មន្ត្រីរាជការ​សាលាខេត្ត​មួយចំនួន​។​

​លោក ងួន រតនៈ អភិបាលខេត្ត មានប្រសាសន៍​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ក្រុង​ជង់​សុង​ហ្គា​ន់ ខេត្ត​ជុង​សាន​ប៊ុ​ក នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​អញ្ជើញ​មកដល់​ខេត្តបាត់ដំបង​។ ក្នុងនោះ លោក​អភិបាលខេត្ត​បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​ភូមិសាស្ត្រ សក្តានុពល​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង ជូន​ដល់​គណៈប្រតិភូ​ក្រុង​ជង់​សុង​ហ្គា​ន់ ខេត្ត​ជុង​សាន​ប៊ុ​ក នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​ដឹកនាំ​ដោយ លោក យន់ ឃ្យុ​ង​ហេ អភិបាលក្រុង​ជង់​សុង​ហ្គា​ន់ ខេត្ត​ជុង​សាន​ប៊ុ​ក នៃ​សាធារណរដ្ឋ​កូរ៉េ ។​

​លោក យន់ ឃ្យុ​ង​ហេ អភិបាលក្រុង​ជង់​សុង​ហ្គា​ន់ បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដែល​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​គណៈប្រតិភូ​របស់លោក​។ លោក យន់ ឃ្យុ​ង​ហេ ក៏បាន​ជម្រាបជូន​អង្គប្រជុំ​អំពី​គោលបំណង និង​ដំណើរ​ទស្សនកិច្ច​មកកាន់ ខេត្តបាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​កិច្ចប្រជុំ​នេះ​ផងដែរ ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​យោបល់​គ្នា ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ស្របតាម​គោលការណ៍​ច្បាប់ នៃ​ប្រទេស​ទាំងពីរ ហើយ​ភាគី​ទាំ​ពីរបាន​ឯកភាពគ្នា​ជាគោលការណ៍ និង​ចុះ​កំណត់ហេតុ​កិច្ចប្រជុំ​រួម​ដូចខាងក្រោម ៖
១-​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ទ្វេភាគី​លើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម ២-​ផ្តល់​ការគាំទ្រ និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ក្រុង​ជង់​សុង​ហ្គា​ន់ ខេត្ត​ជុង​សាន​ប៊ុ​ក នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ជំរុញ​អ្នក​វី​និ​យោគ​លើ​វិស័យ​កសិកម្ម តាមរយៈ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​កសិកម្ម ដោយបាន​ជ្រើស​រើសយក​តំបន់​ភូមិសាស្ត្រ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ដើម្បី​អនុវត្ត ៣-​ផ្លាស់ប្តូរ​ទស្សនកិច្ច និង​ការចូលរួម​របស់​គណៈ​ប្រតិភូ​ជាន់ខ្ពស់ នៃ​ភាគី​ទាំងពីរ​ក្នុង​ព្រឹត្តិការណ៍ ពិព័រណ៍​ពាណិជ្ជកម្ម កសិកម្ម និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ៤-​ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ឯកភាពគ្នា​ចងសម្ព័ន្ធ​មេត្រី​ភាព​គ្នា នាពេលខាងមុខ និង​រាយការណ៍​ជូន ប្រមុខ​រាជរដ្ឋាភិបាល និង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ ដើម្បី​ទទួលបាន​ការអនុញ្ញាត​ជាគោលការណ៍​ឱ្យ រដ្ឋបាលខេត្ត​បាត់ដំបង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រុង​ជង់​សុង​ហ្គា​ន់ ខេត្ត​ជុង​សាន​ប៊ុ​ក នៃ​សាធារណរដ្ឋ​កូរ៉េ ឈានទៅ​ចុះហត្ថលេខា​លើ​អនុស្សរណៈ ស្តីពី​ការបង្កើត​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​៕ ល​