អភិបាលខេត្ត​ព្រះវិហារ នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ ចំនួន​៥​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ដ្រាក់​

274
ចែករម្លែក

ដោយ​:បាយ័ន​/​ព្រះវិហារ​ ៖ លោក​អភិបាលខេត្ត​ព្រះវិហារ នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ទៅ​ចែកជូន​ប្រជាពលរដ្ឋ ចំនួន​៥​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ដ្រាក់ និង​គ្រួសារ​ក្រីក្រ​ដែល រស់នៅ​ភូមិ​ផ្លោ​ច ឃុំ​ច្រាច់ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

ពិធី​ចែក​អំណោយ​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា បានធ្វើ​ឡើងកាល​ព្រឹក​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ស្ថិតនៅឃុំ​ច្រាច់ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។​

លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត ព្រះវិហារ បាន​និយាយថា រូបលោក​បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន ទៅ​ផ្ដល់ជូន​ប្រជាពលរដ្ឋ៥​គ្រួសារ ដែល​រងគ្រោះ​ដោយសា​ខ្យល់​កន្ដ្រាក់ និង​គ្រួសារ​ក្រីក្រ​មួយចំនួនទៀត​។​

លោក​បាន​បន្តថា ថ្វីត្បិតតែ​អំណោយ​ទាំងនេះមាន​ចំនួន​តិចតួច​ក៏ពិតមែន តែ​វា​អាចជួយ​សម្រួល​ការលំបាក​របស់បងប្អូនបាន​មួយគ្រា​ដែរ​។​

សូមបញ្ជាក់ថា​ ប្រជាពលរដ្ឋ​ទាំង៥​គ្រួសារ ក្នុងនោះ១​គ្រួសារ រងគ្រោះ​រំលំ​ផ្ទះ​ទាំងស្រុង ដោយសារ​ខ្យល់​កន្ដ្រាក់​កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៩ និង​ប្រជាពលរដ្ឋ​៤​គ្រួសារ​ទៀត ជា​ចាស់ជរា និង​ទីទ័លក្រ​៕B/Ha