អភិបាលខេត្ត​ព្រះសីហនុ​ប្រាប់ថា “​ការងារ​ដោះស្រាយ​ចំពោះមុខ​បន្ត គឺ​អនុវត្ត​ច្បាប់​”

614
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍ប្រាប់​បណ្តាញ​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨​ថា ក្នុងនាម​រដ្ឋបាលខេត្ត​ព្រះសីហនុ លោក​នឹង​ខិតខំ​ទទួលយក​បទបញ្ជា​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​សម្រាប់​ខេត្ត​ព្រះសីហនុ ក្នុង​សន្ទរកថា បើក​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្តកោះកុង កាលពី​យប់​ថ្ងៃទី​១៥​ខែធ្នូ​ឆ្នាំ​២០១៨ ក្នុង​ការរៀបចំ​ដោះស្រាយ​ការងារ​ទូទៅ​ក្នុង​ខេត្ត​ព្រះសីហនុ លុបបំបាត់​បាតុភាព​មួយចំនួន ដោយ​យក​ច្បាប់​មក​អនុវត្តន៍ ដើម្បី​ឲ្យ​ដំណើរ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ នាពេល​បច្ចុប្បន្ន​ទទួល​បាន​ជោគ​ជ​យ័ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ខេត្ត​ព្រះសីហនុ ត្រូវតែ​ខិតខំ​ខ្លាំងជាងគេ ដើម្បី​ស្ដារ​នៅមុខ​មាត់ ហើយ​បង្ក្រាប​ឲ្យ​ខាងតែបាន​ទៅលើ​ពួក​ល្មើស មិន​ថា​ពួក​ល្មើស​នោះ​មកពីណា​នោះទេ ហើយ​ពាក់​ផ្កាយ​ប៉ុន្មាន ខ​.​ម មិន ខ​.​ម ខ្ញុំ​មិនដឹង ដឹង​តែ​អាណា​ខុស ត្រូវតែ​ដាក់​អាហ្នឹង​តែម្ដងទៅ​កុំ​ឲ្យ​វា​ពិបាក​ពេក​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​បន្ថែមទៀតថា ត្រូវខិតខំ​បន្ដ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ទាំងអស់​រួមមាន​៖ អាកាសយានដ្ឋាន ផ្លូវ ទឹក ភ្លើង សណ្ឋាគារ និងរ​ម្មណី​ដ្ឋា​ន​ទេសចរណ៍ ដែលជា​តំរូវការ ព្រោះថា ទេសចរណ៍​បច្ចុប្បន្ននេះ គឺជា​សម័យ​ទេសចរណ៍ ដេក​ម៉ាស៊ីនត្រជាក់ មិនមែន​សម័យ​ទេសចរណ៍​បក់ផ្លិត​នោះទេ​។

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា កន្លែង​ខ្លះ​ទាល់​តែមាន​សណ្ឋាគារ​ផ្កាយ​៥ និង​មាន​មន្ទីរពេទ្យ​ដ៏​ល្អ សម្រាប់​ព្យាបាល​នៅពេលដែល​គេ​មាន​បញ្ហា ទើប​គេ​សម្រេច​ចិ​ត្ដ​មកលេង​ប្រទេស​យើង ដូច្នេះ​យើង​ត្រូវតែ​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​ទាំងអស់ ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​។​

​ក្នុងការ​ប្តេជ្ញាចិត្ត​អនុវត្តន៍​នូវ​បទបញ្ជា​នេះ លោក​អភិបាលខេត្ត​មានប្រសាសន៍​បន្ថែម​ប្រាប់ រស្មី​កម្ពុជា តាម​ទូរស័ព្ទ​មក​ថា គោលការណ៍​ដែល​រដ្ឋបាលខេត្ត​អនុវត្តន៍​គឺ បំផុស​ចលនា​អោយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​ប្រជាពលរដ្ឋ ចូលរួម​ទាំងអស់គ្នា​តាម​រូបមន្ត​រួមគ្នា​គិត រួមគ្នា​ធ្វើ រួមគ្នា​ដោះស្រាយ​និង​រួមគ្នា​ទទួលខុសត្រូវ ដើម្បី​ផលប្រយោជន៍​ជាតិ ជាសំខាន់ ក្នុងនោះ​ជា​ជំហរ​ផ្ទាល់​លោក​អភិបាលខេត្ត​បញ្ជាក់ថា លោក​នឹង​បន្ត​ដោះស្រាយ​ការងារ​ដោយ​ផ្អែក​ទាំងស្រុង​ទៅតាម​នីតិវិធី​ច្បាប់​៕

#