អភិបាលខេត្ត​មណ្ឌលគិរី​ថ្លែង​៥​ចំណុច រឿង​កសិកម្ម​ក្នុង​អង្គប្រជុំ​មួយ​ជាមួយ​មន្ត្រី​

439
ចែករម្លែក

ដោយ:សាត​ចាន់​បុត្រ/​មណ្ឌលគិរី ​៖ អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី​លោក ​ស្វាយ សំ​អ៊ាង ថ្លែង​ចំនួន​៥​ចំណុច​ថា​៖ ​ទី​១.​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម ត្រូវខិតខំ​បន្ត​ចុះ​ផ្សព្វផ្សាយ បង្ហាញ​អំពី​ពូជ និង​បច្ចេកទេស​ដាំ​ដុះ រួមទាំង​ការចិញ្ចឹម​សត្វ ដល់​ប្រជាកសិករ ដើម្បី​ធ្វើយ៉ាងណាឲ្យ​ការដាំដុះ​ដំណាំ​នានា របស់​ពួកគាត់ ទទួលបាន​ទិន្នផល​ខ្ពស់ ហើយ​សមស្រប​តាម​ទីផ្សារ​នាពេល​បច្ចុប្បន្ន​។ ទី​២.ត្រូវ​ជម្រុញឲ្យ​ក្រុម​ហ៊ុន​សម្បទាន​ដី​សង្គមកិច្ច ដែល​បាន​វិនិយោគ​លើដី​កសិកម្ម និង​ឧស្សាហកម្ម​ក្នុង​ខេត្ត ត្រូវ​ចុះបញ្ជី​ឱ្យបាន​គ្រប់គ្រាន់ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់​គ្រង់​។ ទី​៣.មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ត្រូវ​ត្រួតពិនិត្យ​ការ​ឈូសឆាយ​របស់​ក្រុមហ៊ុន និង​មានការ​អនុញ្ញាតិ​ប្រមូល​ផល​-​អនុផល​ព្រៃ ដើម្បី​ធ្វើការ​កែឆ្នៃ​ប្រើប្រាស់​នៅក្នុង​ស្រុក​។ ទី​៤.សូមឲ្យ​មន្ត្រី​ជំនាញ រួមទាំង​កងកម្លាំង​ទាំងបី និង​អាជ្ញាធរ​ក្នុង​ដែន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​សហការ​គ្នា​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប់​បទល្មើស​នានា ជាពិសេស ការកាប់​ទន្ទ្រាន​ដី​រដ្ឋ​ខុស​ច្បាប់ ជាងនេះទៅទៀត ក៏​សូមឱ្យ​មន្ត្រី​បរិស្ថាន ដែល​ឈរជើង​នៅ​តំបន់​ការពារ​ដែន​ជម្រកសត្វព្រៃ​នានា ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី ត្រូវ​ទទួលខុសត្រូវ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ និង​ទី​៥.ស្នើ​ដល់​មន្ទីរ​កសិកម្ម រួមទាំង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​សហការគ្នា​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ ទៅតាម​លក្ខណៈ​ស្តង់ដា ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ស្រោចស្រព​ដំណាំ​ដល់​ប្រជាកសិករ​ទាំង​រដូវប្រាំង និង​រដូវវស្សា ដើម្បី​ធ្វើយ៉ាងណាជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ​ ឲ្យមាន​ជីវភាព​សមរម្យ​។​

​លោក​ថ្លែង​បែបនេះ ​ខណៈដែល​លោក​បានផ្តល់​ជា​កិត្តិយស​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ នៅ​មន្ទីរ​​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​ក្នុងនោះ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​លោក សុង ឃាង ក៏បាន​ឱ្យដឹង​ដែរ​ថា ឆ្នាំ​២០១៨​នេះ មន្ទីរ​បាន​សហការ​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ចុះ​ចាក់​វ៉ាក់សាំង​ការងារ​ជំងឺសារ​ទឹក គោ​-​ក្របី និង​បាន​បាញ់ថ្នាំ​រំងាប់​មេរោគ នៅ​កន្លែង​ចាក់​វ៉ាក់សាំង ទ្រុង​ចិញ្ចឹមសត្វ ជូន​ប្រជាកសិករ​ទូ​ទាំ​ខេត្ត​ចំនួន​០២​ដង​ក្នុង​មួយឆ្នាំ​។

លោក​បន្ថែមថា ការងារ​ដាំ​ដុះ​ស្រូវវស្សា និង​ស្រូវប្រាំង អនុវត្តបាន​សរុប​ចំនួន២៥.៦៦១ ហិកតា ស្មើនឹង១១១.០៩% នៃ​ផែនការ កើន​លើស​ឆ្នាំមុន​ចំនួន១.០៤៧ ហិកតា​។ ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម អនុវត្តបាន​លើ​ផ្ទៃដី​សរុប​ចំនួន ២២.៨០៤ ហិកតា កើន​លើស​ឆ្នាំមុន​ចំនួន ៣៣៦​ហិកតា​។ ដំណាំ​អចិន្ត្រៃយ៍ អនុវត្តបាន​លើ​ផ្ទៃដី​សរុប​ចំនួន៧.៤៩០ហិកតា កើន​លើស​ឆ្នាំមុន​ចំនួន៣.៤៨៧ហិកតា (​ក្រុមហ៊ុន ១.៩១៤ ហិកតា​)​។ ដំណាំ​កៅស៊ូ​គ្រួសារ​មាន​ផ្ទៃដី​ដាំ​ដុះ​បាន​ចំនួន១១.៣០៥.៤៣ហិកតា កៅស៊ូ​ក្រុមហ៊ុន មាន​ផ្ទៃដី​ដាំ​ដុះ​បាន​ចំនួន៣១.២៣១.៩៥ហិកតា​៕​B/