ដោយ:សាតចាន់បុត្រ/មណ្ឌលគិរី ៖ ក្រោយពីសង្កេតឃើញអំពីការចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅក្នុងភូមិសាស្ត្រមួយចំនួននៅស្រុកពេជ្រាដា ថ្នាក់ដឹកនាំខេត្ត ក្រោមបញ្ជាពីអភិបាលខេត្តមណ្ឌលគិរី បានសម្រេចបញ្ជាបេសកកម្មដល់មន្ត្រីជាង១០រូប ដើម្បីធ្វើអត្តសញ្ញាណកម្មភ្លាមៗ។
ការសម្រេចបង្កើតក្រុមកាងារពិនិត្យនិងផ្ទៀងផ្ទាត់ ធ្វើអត្តសញ្ញាណកម្មពលរដ្ឋកាប់រុករាន្តដីព្រៃនោះ គឺធ្វើឡើងកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដឹកនាំដោយលោក យ៉ែន ច័ន្ទតុងហេង នាយកទីចាត់ការអន្តរវិស័យសាលាខេត្តមណ្ឌលគិរី។
សេចក្តីរាយការបញ្ជាក់ថា ក្រុមកាងារបានរកឃើញទីតាំង៦ចំណុចស្ថិតនៅភូមិសាស្ត្រអូរពោតនិងអូរណាវ ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានពលរដ្ឋច្រើនគ្រួសារទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ទាំងដែលដីនោះកំពុងស្ថិតក្រោមការកាពារពីមន្ត្រីព្រៃឈើខេត្តមណ្ឌលគិរី។
មន្ត្រីជំនាញបានបញ្ជាក់ថា ពលរដ្ឋបានប្រើរូបភាលួចកាប់នៅពេលយប់ តាំងពីខែវស្សាឆ្នាំ២០១៨មកម្លេះ។ហើយចំណុចដែលគណៈកម្មការរកឃើញគឺខ្លះមានទំហំក្បាលដីចាប់ពី១០០ម៉ែត្ររហូត៣០០ម៉ែត្រ។សកម្មភាពទន្ទ្រានកាន់តែខ្លាំងគឺស្របពេលដែលកងវិស្វកម្មក្រសួងកាពារជាតិឈូសឆាយផ្លូវក្រវាត់ព្រំដែន ដល់ចំណុចខាងលើ។
អាជ្ញាធរមូលដ្ឋានបានអះអាងថា គេកំពុងតែស្រាវជ្រាវក្រុមអ្នកទន្ទ្រានដីព្រៃមកណែនាំនិងអប់រំឲ្យបញ្ឈប់សកម្មភាពរំលោភបំពានដីព្រៃរបស់រដ្ឋផងដែរ។
អភិបាលខេត្តមណ្ឌលគិរីលោកស្វាយ សំអ៊ាង ថ្លែងនៅថ្ងៃទី២៥ មីនានេះថា លោកបានបញ្ជាឲ្យមានការចុះស្រាវជ្រាវ និងបានអប់រំធ្វើកិច្ចសន្យាឲ្យបញ្ឈប់នូវសកម្មភាពទន្ទ្រានដីរដ្ឋដោយខុសច្បាប់នេះរួចរាល់ហើយដែរ។
លោកអភិបាលបន្តថា ក្រោយការស្រាវជ្រាវនោះពុំមានឈ្មួញឬជនណាម្នាក់នៅពីក្រោយខ្នងទេ ដោយប្រជាពលរដ្ឋអ្នករស់នៅក្នុងមូលដ្ឋានមួយចំនួនតូចពុំបានយល់ដឹងពីច្បាប់ទើបពួកគាត់ចេះតែទន្ទ្រានយកទៅធ្វើចម្ការទៅ។ ក្នុងនោះទំហំនៃផ្ទៃដីទន្ទ្រានក៏មិនជាធំដុំអ្វីដែរ។
លោកអភិបាលខេត្តនៅបន្តទៀតថា ក្រុមកាងារដែលលោកចាត់តាំងក៏ពុំបានព្រងើយកន្តើយនិងករណីនេះដែរដោយបានធ្វើកាងារនេះតាំងពីឆ្នាំ២០១៦,២០១៨មកម្លេះ ហើយនៅថ្ងៃទី២៥ មីនានេះ ក្រុមកាងារនៅតែបន្តការស៊ើបអង្កេត ស្រាវជ្រាវនិងទប់ស្កាត់ដដែល។
លោកបញ្ជាក់ថា មួយចំនួននៃផ្ទៃដីដែលរងការទន្ទ្រាននេះគឺជាដីចម្ការរបស់សហគមន៍ដែលពួកគាត់ឆ្ការដាំដុះបន្ត។ លោកថាតំបន់ព្រៃដែលរងការទន្ទ្រាននេះគឺស្ថិតក្នុងដែនដីដែលខេត្តគ្រោង និងរៀបចំទុកជាតំបន់ទេសចរណ៍នៅថ្ងៃខាងមុខ ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរបន្ថែមផងដែរ៕B/Ha