អភិបាលខេត្ត​សៀមរាប​ថ្មី អះអាងថា បំពេញការងារ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ធ​ភាព

1122
ចែករម្លែក
  • 174
    Shares

​ដោយ: ​បាយ័ន​ / ​សៀមរាប​: ​ក្នុងឱកាស​នៃ​ប្រកាស​ចូលកាន់​តំណែង​ថ្មី​ជា​អភិបាល​ខេត្តសៀមរាប លោក​ទៀ សីហា បាន​ប្តេជ្ញាចិត្ត​ថា នឹង​គោរព​និង អនុវត្តន៍​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​អនុវត្តន៍​តាម​ការចាត់​តាំង និង​ការណែនាំ​របស់​ថ្នាក់ដឹកនាំ ដោយ​តម្កល់​នូវ​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ ជាពិសេស នឹង​ខិតខំ​លើកកម្ពស់​ស្មារតី​សាមគ្គីភាព និង​ឯកភាព​ផ្ទៃក្នុង និង​បន្ត​ប្រពៃណី​សហការ​ជាមួយ​គណៈ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ​សង្កាត់ និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត សំដៅ​សម្រេច​ធ្វើឱ្យបាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត ព្រមទាំង​ខិតខំ​សម្របសម្រួល​ជំរុញ​ការបម្រើ​សេវាសាធារណៈ និង​ដោះស្រាយ​បញ្ហា​នា​ន​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ឆាប់រហ័ស ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​ប្រ​សិ​ទ្ឋ​ផល​។​

​គួររំលឹកថា លោក ទៀ សីហា អភិបាលរង​ខេត្តសៀមរាប ត្រូវបាន​ប្រកាស​ចូលកាន់​មុខតំណែង​ជា​អភិបាលខេត្ត​សៀមរាប ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៨​នេះ តាម​ព្រះរាជក្រឹត្យ​លេខ នស​.​រកត ១២១៤/១៣៥៦ ដែល​ឡាយ​ព្រះ​ហ​ស្ថ​ដោយ​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជំនួស​លោក​ឃឹម ប៊ុន​សុង អតីត​អភិបាលខេត្ត​សៀមរាប ដែល​ត្រូវ​តែងតាំង​ទទួល​មុខដំណែង​ថ្មី ជា​រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ហើយ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលខេត្ត​សៀមរាប​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ក្នុងឱកាស​នោះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​សង្ឃឹម​ជឿជាក់ថា លោក ទៀ សីហា នឹង​ប្រើប្រាស់​សមត្ថភាព និង បទពិសោធន៍ ដើម្បី​រួមគ្នា​បន្ត​អនុវត្តន៍​បន្ថែមទៀត នូវ​សមិទ្ធផល​ថ្មីៗ ប៉ុន្តែ​សំខាន់ សំណូមពរ​ដល់​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ក្រុង ស្រុក និង​មន្ទីរ​អង្គភាព អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ក្នុង​ទូទាំង​ខេត្តសៀមរាប ផ្តល់​ការគាំទ្រ និង​បន្ត​សហការ​រួមគ្នា​ជាមួយ​។

​លោក ទៀ សីហា ដើម្បី​បន្ត​ថែរក្សា​សន្តិភាព ស្ថេរភាព​នយោបាយ​សង្គម សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ខិតខំ​រួមគ្នា​ធ្វើការ​អភិវឌ្ឍ​ខេត្តសៀមរាប ឱ្យ​កាន់តែ​មានការ​រីកចម្រើន​៕ ល​