អភិបាលខេត្ត​សៀមរាប​ព្រមាន​ដកតំណែង​អភិបាលស្រុក​ណា​ដែល​បណ្ដោយ​ឲ្យ​មាន​រណ្តៅ​ដី​គ្មាន​ច្បាប់​

658
ចែករម្លែក

ដោយ​: អង្គរតូច / សៀមរាប​: អភិបាលខេត្ត​សៀមរាប លោក ទៀ សីហា បានប្រកាស​ព្រមាន​ដកតំណែង​ចំពោះ​អភិបាលក្រុង ឬ​ស្រុក​មួយណា ដែល​បណ្តោយ​ឲ្យ​មានការ​ជីករណ្តៅ​ដី​គ្មាន​ច្បា​ច់ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​មិន​រាយការណ៍​។​

​លោក​អភិបាល​ថ្លែង បែបនេះ គឺ​នៅក្នុង​វេទិការ​ទិវា​បរិស្ថាន​ជាតិ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​២៧​ខែមិថុនា​កន្លងទៅនេះ​។ លោក​បាន​ព្រមាន​ដល់​អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់ ត្រូវ​ពិនិត្យមើល​មេភូមិ មេឃុំ ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ថាបើ​មាន​រណ្តៅ​ដី​ខុសច្បាប់ ហើយ​មិន​រាយការណ៍ គឺត្រូវធ្វើ​ការព្រមាន លើក​ទី​១ លើក​ទី​២ ហើយ​លើក​ទី​៣ គឺ​ដកតំណែង​ចោល​តែម្តង​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​បញ្ជាក់ថា “​រណ្តៅ​ដី​អត់​ច្បាប់​ត្រូវតែ​បិទ​។ ចំណែក​គ្រឿងចក្រ​ត្រូវតែ​ចាប់​យកមក​រក្សាទុក​។ ព្រោះ​កាលពីមុន​អាជ្ញាធរ ចុះ​បិទ​រណ្តៅ​ទាំងនោះ គ្រាន់តែ​យក​ក្រដាស​ទៅ​បិទ ដោយ​រក្សាទុក​គ្រឿងចក្រ​ឲ្យ​នៅ​ដដែល លុះ​អាជ្ញាធរ​ចេញ​បាត់​គេ​ជីក​ដដែល​”​។ តែ​ពេលនេះ មិនត្រូវ​ទុក​ឲ្យ​នៅ​ដដែល​អីចឹង​ទេ​។​

​ក្រៅពី​រណ្តៅ​ដី​អត់​ច្បាប់ លោក​អភិបាលខេត្ត ក៏បាន​បញ្ជា​ឲ្យ​ជំនាញ​ពាក់​ព​ន្ធ័​ពិនិត្យមើល​រណ្តៅ​ដី​ទាំងឡាយ ដែលមាន​ច្បាប់​ផងដែរ​ថា តើ​ពួកគេ​បាន​ជីក​ត្រឹមត្រូវ​តាម​អ្វីដែល​ជំនាញ​អនុញ្ញាត​ដែរឬទេ​? មិន ត្រូវ បណ្តោយ ឲ្យ ជីក តាមតែ ចិត្ត ជីក ជ្រៅ ដល់ ក្បាល ប្រែ ត នោះឡើយ ។

​ជាការ​កត់សំគាល់ គេ​សង្កេតឃើញ​មាន​រណ្តៅ​ដី​ជាច្រើន​កន្លែង​នៅក្នុង​ស្រុក​ប្រាសាទបាគង និង​នៅក្នុង​សង្កាត់​ចំនួន​បី​នៃ​ក្រុង​សៀមរាប ដែល​ក្រុម​ឈ្មួញ​កំពុង​សម្រុក​ជីក ហើយ​មានការ​អះអាងថា មិនមាន​ច្បាប់​អនុញាតិ​។ តែ​ទោះជា​យ៉ាងនេះ​ក្តី គេ​រំពឹងថា បទបញ្ជា​របស់លោក​អភិបាលខេត្ត​សៀមរាប អាច​នឹងមាន​ប្រសិទ្ធភាព ហើយនឹង​មិនមែន​ក្នុង​រយៈពេល​ខ្លី​៕