អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​ចែកជូន​សិស្សានុសិស្ស មកពី​សាលាបឋមសិក្សា​ចំនួន​៤ ក្នុង​ឃុំ​ខ្នងភ្នំ

301
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ កាលពី​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០១៩ កន្លងទៅនេះ លោក ទៀ សីហា អភិបាលខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជាខេត្ត​សៀម រាប និង លោកស្រី បាន​ដឹកនាំ​សមាជិក​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សៀមរាប ចុះសាកសួរ​សុខទុក្ខ និងចែក​អំណោយ​ជូន​ដល់​លោកគ្រូ អ្នកគ្រូ ចំនួន​២៣​នាក់ និង​សិស្សានុសិស្ស ចំនួន​៥៩២​នាក់ មកពី​សាលាបឋមសិក្សា​ចំនួន​៤ ក្នុង​ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ រួមមាន ៖ សាលាបឋមសិក្សា​អន្លង់​ធំ, សាលាបឋមសិក្សា​សង្កែ​ឡាក់, សាលាបឋមសិក្សា​ខ្លាឃ្មុំ និង សាលាបឋមសិក្សា​ភូមិ​ថ្មី ដែល​ពិធី​នេះ បាន​ប្រារព្ធ​​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​សិរី​មង្គល​រាម ហៅ​វត្ត​អន្លង់​ធំ ភ្នំ​គូលែន។​

លោក​. ទៀ សីហា បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រម​ទាំង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ និង លោកជំទាវ តែងតែបាន​យកចិត្តទុកដាក់ ពី​សុខទុក្ខ​លំបាក​របស់​សិ​ស្សានុសិស្ស និងមាតាបិតា​សិស្ស​នៅ​តំបន់​ដាច់ស្រយាល​ព្រៃភ្នំ សំខាន់​បងប្អូន​នៅក្នុង​ឃុំ​ខ្នងភ្នំ ដែលជា​ភ្នំ​មួយ​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ វប្បធម៌ ដែល​បាន​កំពុង​ទាក់ទាញ​ភ្ញៀវ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ដែលជា​ប្រភព ចំណូល​មិនចេះ​រីងស្ងួត​របស់​បងប្អូន នៅក្នុង​តំបន់​ខ្នងភ្នំ​គូលែន ក្រៅពី​ការងារ​ធ្វើស្រែ​ចំការ ។

លោក ទៀ សីហា បាន​អំពាវនាវ​ដល់​មាតាបិតា និង អាណាព្យាបាល​ទាំងអស់ ត្រូវ​ជំរុញ​កូនៗ​របស់ខ្លួន ឲ្យ​ចូល​សាលារៀន កុំ​ឲ្យ​កូនៗ​បោះបង់ចោល​ការសិក្សា ព្រមទាំង​យកចិត្តទុកដាក់ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់​ខ្នងភ្នំ​គូលែន ដើម្បី​ស្រូបយក​ភ្ញៀវ ចូលមក​ទស្សនា​កម្សាន្ត ដែលជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត​របស់​បងប្អូន ។​

ក្នុងឱកាស​នោះដែរ លោក ទៀ សីហា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការកាប់បំផ្លាញ និង កាប់​ទន្ទ្រាន​ព្រៃឈើ យក​ដី​ធ្វើជា​កម្មសិទ្ធិ​នៅលើ​ខ្នងភ្នំ​គូលែន ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ធម្មជាតិ, បាត់បង់​ធនធានធម្មជាតិ និង ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​បាត់បង់​នូវ​ប្រភពទឹក​ទៀតផង ព្រោះថា​ព្រៃឈើ​នៅលើ​ខ្នងភ្នំ​គូលែន មាន​សារៈ​សំខាន់បំផុត ក្នុងការ​ចិញ្ចឹម​ប្រជាជន​យើង ទាំង​នៅ​ខ្នងភ្នំ និងនៅក្នុង​ក្រុង​សៀមរាប៕B/

អភិបាលខេត្ត​សៀមរាប នាំយក​អំណោយ​ចែកជូន​សិស្សានុសិស្ស មកពី​សាលាបឋមសិក្សា​ចំនួន​៤ ក្នុង​ឃុំ​ខ្នងភ្នំ