អភិបាលខេត្ត​សៀមរាប បង្ហាញថា ឆ្នាំនេះ មិនមាន​អង្គរ​សង្ក្រាន្ត​ទេ មានតែ​សៀមរាប​សង្ក្រាន្ត​

869
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប ៖ លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បានបញ្ជាក់​ឲ្យ​ដឹងថា សម្រាប់​ឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​នាពេល​ខាងមុខ នៅ​ខេត្តសៀមរាប ​មិនមាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្នាក់ជាតិ​ដូច​បណ្តា​ឆ្នាំមុនៗ​ទេ ប៉ុន្តែ​អាជ្ញាធរ​នឹង​រៀបចំ​ឲ្យ​មាន​ជា​ព្រឹត្តិការណ៍​ថ្នាក់​ខេត្ត​គឺ​សៀមរាប​សង្ក្រាន្ត​។​

នេះ​គឺជា​ការបញ្ជាក់​របស់លោក ទៀ សីហា ប្រាប់​អ្នកសារព័ត៌មាន​នៅក្រោយ​ពិធី​បើក​សន្និបាទ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៨ ​ខែមីនា ​ឆ្នាំ​២០១៩​នេះ​។​

លោក​បន្ថែមថា ឆ្នាំនេះ​សហភាព​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា មិនបាន​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នោះទេ ប៉ុន្តែ​សហភាព​សហព័ន្ធ​យុវជន​ខេត្តសៀមរាប សហការ​ជួយ​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ និង​រៀបចំ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ៍​ជាច្រើន សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ​ចូល​លេង​កម្សាន្ត​នៅ​តំបន់​ព្រះអង្គ​ចេក​ព្រះអង្គ​ចម​។

លោក​បាន​បញ្ជាក់ថា បើ​ទោះ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំនេះ មិនបាន​ធ្វើ ប៉ុន្តែ​សូម​បងប្អូន​មក​កម្សាន្ត​សប្បាយ​នៅ​ខេត្តសៀមរាប​ដូច​ឆ្នាំមុនៗ​ទៀត ព្រោះ​នៅ​ខេត្តសៀមរាប មាន​រៀបចំ​សៀមរាប​សង្ក្រាន្ត ដើម្បី​អបអរសាទ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ ដោយមាន​កម្មវិធី​សាសនា និង​ល្បែង​ប្រជាប្រិយ៍​ជាច្រើន​។ ក្រៅពីនេះ​បងប្អូន​អាច​ទៅ​កម្សាន្ត​នៅតាម​ប្រាសាទបុរាណ រមណីយដ្ឋាន​ធម្មជាតិ​ជាច្រើន សំបូរបែប​ទៀត ដែលមាន​នៅក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។

​ជាមួយគ្នានេះ​លោក អភិបាលខេត្ត​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ទាំងអស់​ដែល​មក​កម្សាន្ត​នៅ​ខេត្តសៀមរាប​សូម​ធ្វើដំណើរ​ដោយមាន​ការប្រុងប្រយ័ត្ន ជៀស​វា​មាន​គ្រោះថ្នាក់​ចរាចរ និង​សូមជួយ​ថែរក្សា​បរិស្ថាន​ឱ្យបាន​ល្អ​ទាំងអស់គ្នា​។​

សូមបញ្ជាក់ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​សហការ​ជាមួយ​ស្ថាប័ន​ជាតិ​ច្រើន បានរៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រយៈពេល​៦​ឆ្នាំ​មកហើយ គឺ​ចាប់ពី​តាំងពី​ឆ្នាំ​២០១៣​មក​ម្លេះ ហើយ​ព្រឹត្តិការណ៍​កន្លងមកនេះ បានបង្ហាញ​អំពី​វប្បធម៌​ដ៏​សំបូរបែប​របស់​កម្ពុជា​ដែល​មាននៅ​គ្រប់​ទីកន្លែង​នៃ​ទឹកដី ហើយ​ដែល​បច្ចុប្បន្នកំពុង​ត្រូវបាន​យកចិត្តទុកដាក់​ស្រាវជ្រាវ រុករក​យកមក​ថែរក្សា និង​អភិវឌ្ឍន៍​។​

ការលើកតម្លៃ​វប្បធម៌ និង​ទំនៀម​ទំលាប់ តាមរយៈ​ការអប់រំ ការចូលរួម និង​ការកម្សាន្ត​រីករាយ នាឱកាស​ពី​ធី​បុណ្យចូលឆ្នាំថ្មី​ក្នុងនាម​ជាម​ហា​គ្រួសារ​ខ្មែរ​ជាមួយ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ប្រកបដោយ​ស្មារតី​សាមគ្គីភាព ភារតរ​ភាព និង​សុខដុម​រម​នីយកម្ម​។​ជាពិសេស​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ់​ភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​ជាច្រើន​លាន​នាក់​ក្នុង​មួយឆ្នាំៗ​៕B/