អភិបាលខេត្ត​ស្វាយរៀង​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ​​កុមារកំព្រា​ដែល​កំពុងស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​នានា​ក្នុង​ខេត្តស្វាយរៀង​

514
ចែករម្លែក

ដោយ:វ៉ៃកូ/​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី និង​កញ្ញា ឌី សុ​ភ័​ក្រប​ញ្ញា ព្រមទាំង​ក្រុមការងារ តំណាង​លោក ហ៊ុន ម៉ានិត និង​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ បាន​អញ្ជើញ​ចុះ​សំណេះសំណាល និង​សួរសុខទុក្ខ ព្រមទាំង​រៀបចំ​អាហារ​សាមគ្គី​ជូន​ក្មួយៗ​កុមារកំព្រា​ដែល​កំពុងស្នាក់នៅ​មណ្ឌលកុមារ​កំព្រា​នានា​ក្នុង​ខេត្ត ចំនួន ៩៧​នាក់ ដែល​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ​ធំសាលា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ ។​

​លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត លោក ហ៊ុន ម៉ានិត និង​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ ដែល​សម្ដេច ឯកឧត្ដម និង​លោកជំទាវ តែងតែ​គិតគូរ​ពី​សុខទុក្ខ ផ្ដល់នូវ​ភាពកក់ក្ដៅ តាមរយៈ​ការជួយឧបត្ថម្ភ​ទាំង​សម្ភារ ថវិកា គាំទ្រ និង​លើក​ទឹក​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់​នៅ​ទូទាំងប្រទេស ក៏ដូចជា​នៅ​ខេត្តស្វាយរៀង ។​

ជាមួយនេះ​លោក​អភិបាលខេត្ត ក៏បាន​លើកឡើង​ទៅកាន់​ក្មួយៗ​ទាំងអស់​ថា ការពិត​ក្មួយៗ​កំព្រា​ឳ​ពុក​ម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​សម្ដេច​ទាំងពីរ មាន​ឯកឧត្ដម លោកជំទាវ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង តែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ ដូចជា​កម្មវិធី​នៅថ្ងៃនេះ ជាក់ស្ដែង​គឺ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ហើយនឹង​នៅតែ​បន្ត​ប្រារព្ធ​ជូន​ក្មួយៗ​នា​ឆ្នាំក្រោយៗ​ទៀត ។​

​ទន្ទឹមនេះ​លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ គោរព​តាម​ការណែនាំ​របស់​ប្រធាន​មជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និង​ត្រូវមាន​សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បី​ឲ្យ​ក្លាយជា​ពលរដ្ឋ​គំរូ ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធាន​សម្រាប់​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ កញ្ញា ឌី សុ​ភ័​ក្រប​ញ្ញា និង​ក្រុមការងារ ក៏បាន​ចែកជូន​នូវ​សម្ភារ និង​ថវិកា​ដែលជា​អំណោយ​លោក ហ៊ុន ម៉ានិត និង​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ ដល់​ក្មួយៗ​កុមារកំព្រា​ចំនួន ៩៧​នាក់ ក្នុងម្នាក់ទទួលបានឃី​ត១​កញ្ចប់ និង​ថវិកា៥​ម៉ឺន​រៀល និង​អ្នកគ្រប់គ្រង​មណ្ឌលម៉ែ​ដោះ និង​អ្នកបើកបរ៣៧​នាក់ ក្នុង១​នាក់ ទទួលបាន​ឃី​ត១​កញ្ចប់ ក្រមា១ សារុង១ និង​ថវិកា៥​ម៉ឺន​រៀល​ផងដែរ ៕B/