អភិបាលខេត្ត​ស្វាយរៀង​ដាក់ចេញ​នូវ​វិធានការណ៍​ចាំបាច់​ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត នីតិកាល​ទី​៦

841
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែកក្កដា ឆ្នាំ​២០១៨​នេះ បានដាក់​ចេញ​នូវ​វិធានការណ៍​ចាំបាច់​នានា ដល់​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ គ្រប់​អង្គភាព​ពាក់ព័ន្ធ និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង ស្រុក ត្រូវ​រួមសហការ​គ្នា​ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សម្រាប់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​ការពារ​ដំណើរការ​នេះ​ឲ្យ​បានល្អ​ប្រសើរ ប្រព្រឹត្ត​ទៅដោយ​រលូន ទាំង​នៅក្នុងពេល​ឃោសនា ពេល​បោះឆ្នោត ពេល​រាប់​សន្លឹកឆ្នោត និង​ក្រោយពេល​បោះឆ្នោត ព្រមទាំង​ត្រូវមាន​វិធានការ​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​នូវ​រាល់​បទល្មើស​គ្រប់​ប្រភេទ ក៏​ដូច​ឧបាយកល ឬ​/​និង​សកម្មភាព​រារាំង ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​រៀបចំ​ការបោះ​ឆ្នោត​។​

​លោក​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ស្វាយរៀង បានដាក់​ចេញ​នូវ​វិធានការណ៍​ទាំងនេះ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ ស្ដីពី​កិច្ចការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ និង​កិច្ចការពារ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នា​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ថ្លែង​នូវ​ការ​អរគុណ និង​ការកោតសរសើរ​ចំពោះ​កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​ក្រុង ស្រុក និង​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ និង​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព​បាន​យ៉ាង​ល្អប្រសើរ ជាពិសេស​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត នា​រយៈពេល​មួយ​សប្ដាហ៍​កន្លងមកនេះ ឃើញថា ពុំមាន​អ្វី​កើតឡើង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ឃោសនា​នោះឡើយ ពោលគឺ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ស្ងប់ស្ងាត់​ល្អ​។

​ជា​ចុងបញ្ចប់ លោក​អភិបាលខេត្ត បានធ្វើការ​ផ្ដាំផ្ញើ​ដល់​មន្ទីរ​-​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា និង​វិស័យ​នានា​ស្ថិតនៅក្រោម​ការទទួលខុសត្រូវ និង​សមត្ថកិច្ច​របស់ខ្លួន ដែល​កើត​មាននៅ​មូលដ្ឋាន​ឲ្យ​បាន​ទាន់ពេលវេលា ឆ្លើយតប​នឹង​សំណើ​សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់រហ័ស​ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស​ការបម្រើ​សេវា​សាធារណៈ​ឲ្យ​បានល្អ​ចៀសវាង​នូវ​រាល់​សកម្មភាព​ដែល​បង្ក​ឲ្យ​មានការ​ថ្នាំងថ្នាក់​ផ្សេងៗ​៕ ល​