អភិបាលខេត្ត​ស្វាយរៀង​អញ្ជើញ​កាត់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​

304

​ដោយ​: វ៉ៃ​កូ / ខេត្តស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជា​អធិបតី នៅក្នុង​ពិធី​កាត់់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០-២១ សីហា ២០១៨ នៅ​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​។​

​ប្រភពព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​បានឱ្យដឹងថា នៅក្នុង​ពិធី​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អស់ លោក លោកស្រី ក្រុមការងារ​ក្រសួង​អប់រំ យុវជន និង​កីឡា អង្គភាព​ប្រឆាំង​អំពើពុករលួយ លោកនាយក​រដ្ឋបាល​សាលាខេត្ត​ស្ដីទី លោក​អនុប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​អភិបាលក្រុង​ស្វាយរៀង លោក លោកស្រី តំណាង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា នៅក្នុង​ពិធី​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​បានស្នើ​ឱ្យ​គ្រប់​ស្ថាប័ន អង្គភាព​ត្រូវ ខិតខំ​យកចិត្តទុកដាក់​សហកា​រ​អនុវត្ត​នូវ​តួនាទី​ភា​កិច្ច​តាម​គោលការណ៍​ណែនាំ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅក្នុង​ខេត្តស្វាយរៀង ឆ្នាំ​២០១៨​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន ត្រឹមត្រូវ ប្រកបដោយ​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់ និង​ទប់ស្កាត់​ឲ្យ​បាន​នូវ​ភាព​អសកម្ម​នានា​ដែល​អាច​កើតឡើង​ជាយថាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រឡង​។​

​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ ខេត្តស្វាយរៀង​មាន​បេក្ខជន​បាន​ចុះឈ្មោះ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សរុប ៤.០០២​នាក់ ស្រី ១.៨៥១​នាក់ ចែកចេញជា ៦​មណ្ឌល និង ១៦២​បន្ទប់ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​ចំនួន ១.២៧៦​នាក់ ចែកចេញជា ០២​មណ្ឌល (​មាន ៥២​បន្ទប់​) រួមមាន មណ្ឌល​វិទ្យាល័យ ហ៊ុនសែន ចេក និង​មណ្ឌល​វិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ២.៧២៦​នាក់ ចែកចេញជា ០៤​មណ្ឌល (​មាន ១១០​បន្ទប់​) រួមមាន​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងជើង មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងត្បូង មណ្ឌល​សាលាបឋមសិក្សា​ព្រះសីហនុ និង​មណ្ឌល​សាលាបឋមសិក្សា ២​ធ្នូ​៕ ល​