អភិបាលខេត្ត​ស្វាយរៀង​: យុវជន​នាពេល​បច្ចុប្បន្ននេះ មានឱកាស​ពេញលេញ​ទទួលបាន​នូវ​ការអប់រំ​សិក្សា​គ្រប់​ទីកន្លែង

589
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បាន​មានប្រសាសន៍ថា យុវជន​នាពេល​បច្ចុប្បន្ននេះ ពិតជា​មានសំណាង​ណាស់ ដែលមាន​ឱកាស​ពេញលេញ និង​សម្បូរបែប ទទួលបាន​នូវ​ការអប់រំ​សិក្សា​គ្រប់​ទីកន្លែង ព្រោះថា សាលារៀន​ត្រូវបាន​ពង្រាយ​ទៅ​កៀក​ជាប់​នឹង​របង​ផ្ទះ​តែម្ដង ផ្ទុយស្រឡះ​ពី​ជំនាន់​មុន ដែល​ពុំ​មានឱកាស​ពេញលេញ​បែបនេះ​ទេ ណាមួយ​សាលារៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ​ផង ណាមួយ​ត្រូវ​ជួយ​កិច្ចការ​ផ្ទះ​ផង ណាមួយ​ត្រូវ​គេច​ពី​គ្រាប់ផ្លោង​ផង ដោយសារ​កាលនោះ​ប្រទេសជាតិ​គ្មាន​សន្តិសុខ​ពេញលេញ​ដូច​សព្វថ្ងៃនេះ​ទេ ដូច្នេះ​តម្លៃ​នៃ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល ជាពិសេស​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រេចបាន​ជូន​ជាតិ​មាតុភូមិ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដែល​ទាមទារ​ឲ្យ​យុវជន​ជំនាន់​ក្រោយ​ត្រូវ​រួមគ្នា​ការពារ និង​ថែរក្សា​ឲ្យ​បាន​គង់វង្ស ។​

​លោក អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ដែល​លោក​បាន​អ​ញ្អើ​ញ​ជា​អធិបតី​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ដែល​ទទួលបាន​និទ្ទេស A ទាំង ៣​រូប ក្នុង​ខេត្តស្វាយរៀង នា​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០ សីហា ២០១៨​នៅ​សាលប្រជុំ​ន​ន្ទី “​អគារ ខ​” សាលាខេត្ត​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង​ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ជាមួយ​មាតាបិតា អាណាព្យាបាល និង​សិស្សានុសិស្ស​ទាំង​៣​រូប ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​រហូត​ទទួលបាន​និទ្ទេស A ដែលជា​និទ្ទេស​ល្អប្រសើរ​បំផុត ក្នុង​ជីវិត​សិក្សា​នៅ​ថ្នាក់មធ្យមសិក្សា ដែល​លទ្ធផល​នេះ មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​ខ្លួនឯង​ផ្ទាល់ ក៏ដូចជា​មាតាបិតា​អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និង​សាលា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​មោទនភាព និង​មុខមាត់​របស់​ខេត្តស្វាយរៀង​យើង​ទាំងមូល​។

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏បាន​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ចេះ​តស៊ូ​អំណត់​ព្យាយាម ដោយ​យកចិត្តទុកដាក់​រៀនសូត្រ​ឲ្យ​បាន​ពូកែ​ថែមទៀត ត្រូវធ្វើ​អំពើ​ណា​ដែល​ល្អ និង​មាន​ផលប្រយោជន៍​ដល់​សង្គម ត្រូវ​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ចៀសវាង​ឲ្យ​បាន​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ព្រមទាំង​ត្រូវ​ចូលរួម​គោរព​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង ។​

​ដើម្បី​ជាការ​ចូលរួម​អបអរសាទរ និង​លើកទឹកចិត្ត​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សិស្សានុសិស្ស​ជ័យលាភី​និទ្ទេស A ទាំង​៣​រូប លោក​អភិបាលខេត្ត បានផ្ដល់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​សិស្សានុសិស្ស​ម្នាក់ៗ ទទួលបាន ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី ឆ្នាំ​២០១៨ ចំនួន ០១​គ្រឿង Laptop ១​គ្រឿង និង​ថវិកា ១០០.០០០​រៀល ដោយឡែក លោកនាយក​វិទ្យាល័យ​ហ៊ុនសែន​ស្វាយជ្រំ និង​វិទ្យាល័យ​ហ៊ុនសែន​កំពង់​ចក ដែលមាន​សិស្ស​ទទួលបាន​និទ្ទេស A ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត ចំនួន ២០០.០០០​រៀល ផងដែរ ។​

​ក្នុងឱកាស​នោះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ព្រមទាំង​សប្បុរសជន​ផ្សេងៗ​ទៀត ដែល​បាន​ចូលរួម និង​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារ​សម្រាប់​ផ្ដល់ជូន​សិស្ស​និទ្ទេស A នៅថ្ងៃនេះ​ផងដែរ​៕ ល​