អភិបាលខេត្ត​ហាម​មេភូមិ​កុំ​ធ្វើជា​អ្នក​រត់ការ​ឬ​ណែនាំ​ពលរដ្ឋ​រឿង​បម្រើសេវា​សាធារណ​:

781
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: អភិបាលខេត្ត​កំពង់ចាម បាន​ហាមប្រាម​ដាច់ខាត​ដល់​មេភូមិ​ទាំងអស់ កុំ​ធ្វើជា​អ្នករត់​ការ​ឬ​ណែនាំ​ប្រជាពលរដ្ឋ​យកលុយ​ទៅឱ្យ​មន្ត្រី​បម្រើសេវា​សាធារណ​:​ឱ្យសោះ​គឺជា​អំពើ​ខុសច្បាប់​។​ប៉ុន្តែ​សូមជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំទូលាយ​ដល់​ពួកគាត់​ជា​អ្នកទទួល​សេវា​ទាំងអស់​មកកាន់ ការិយាល័យ​ច្រកចេញចូល​តែមួយ​ដោយផ្ទាល់​វិញ​។​

នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ​របស់​ស្រុក​កំពង់សៀម​នា​ព្រឹក​ថ្ងៃទី ១៣ មិថុនា ២០១៩ ក្នុង​បរិវេណ​សាលាស្រុក​នេះ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​រាប់រយ​នាក់​ថា​សូមជួយ​ធ្វើការ​ផ្សព្វផ្សាយ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ការទទួល​សេវាសាធារណ​:​ទាំងអស់​មកកាន់​ការិយាល័យ​ច្រកចេញចូល​តែមួយ​ដើម្បី​សុំ​សេវា​ទាំងនោះ​ដោយ​ខ្លួនឯង ចៀសវាង​ពឹងពាក់​អ្នករត់​ការណ៍ គឺ​បើ​ពឹង​គេ គេ​យកលុយ​យើង​ហើយ​។​

​ឯកឧត្តម​គួច​ចំរើន​បាន​មានប្រសាសន៍ថា​ការិយាល័យ​ច្រកចេញចូល​តែមួយ​ជា​អង្គភាព​សាធារណ​:​ជា​របស់​បងប្អូន​ប្រជាពលរដ្ឋ​មិនត្រូវ​ការ​អ្នករត់​ការណ៍​ជំនួស​នោះទេ​គឺ​សូម​មកកាន់​ទីនេះ​ដោយផ្ទាល់​ដើម្បី​ប្រើប្រាស់​អង្គភាព​នេះ​បម្រើសេវា​ឲ្យ​យើង​។​ការពឹង​ពាក់​គេ​ធ្វើ​ឲ្យ​បាត់បង់​នូវ​សិទ្ធិ​ខ្លួនឯង​ផង​ហើយ​ត្រូវ​ចំណាយលុយ​កាត់​ជាច្រើន​ទៀតផង​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែង​សង្កត់ធ្ងន់ថា ពិសេស​មេភូមិ​ទាំងអស់​កុំ​ធ្វើជា​អ្នករត់​ការណ៍ ឬ​ណែនាំ ប្រជាពលរដ្ឋ​ឲ្យ​យកប្រាក់​ទៅឱ្យ​មន្ត្រី​បម្រើសេវា​សាធារណ​:​ដូច​មេភូមិ​នៅ​ក្រុង​កំពង់ចាម​កន្លងមក​នោះទេ​។ មេភូមិ​មាន​ឥរិយាបថ​បែបនេះ គឺជា​រឿង​មិនអាច​ទទួលយក​បានទេ គឺ​ខុសច្បាប់​ហើយ​។ មេភូមិ​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ត្រឹមត្រូវ​ហើយ តែ​សូមឱ្យ​មេត្តាជួយ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មក​ទទួល​សេវា​ទាំងនោះ​ដោយផ្ទាល់​វិញ​។​

​លោក​បានលើកឡើង​បន្តថា ម្យ៉ាងវិញទៀត​សូម​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ក្នុង​រឿង​បង់ពន្ធដារ ឬ​បង់​តម្លៃ​សេវាសាធារណ​:​ត្រូវតែមាន​វិក្កយបត្រ​បើ​បង់ពន្ធ​ឬ​សេវាសាធារណ​:​រួចហើយ​គ្មាន​វិក្កយបត្រ​នោះ​គឺជា​អំពើពុករលួយ​ខុសច្បាប់​យ៉ាងពិត​ប្រាកដ​។​

ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​បង់ពន្ធ​ឬ​បង់​សេវាសាធារណ​:​ត្រូវ​ទទួល​វិក្កយបត្រ​បើ​អត់​មាន​ត្រូវ​សួររក​កុំ​ឲ្យ​ជំពាក់​ហើយ​បើ​ឈានដល់​ការ​ប្តឹងផ្តល់​សូម​ដាក់​ពាក្យបណ្តឹង​ទៅកាន់​ការិយាល័យ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត ការិយាល័យ​ច្រកចេញចូល​តែមួយ​នោះ​។​

សូមបញ្ជាក់ថា​ខេត្តកំពង់ចាម​បច្ចុប្បន្ន​មាន​អង្គភាព​ច្រកចេញចូល​តែមួយ​នៅ​ខាងក្រោយ​សាលាខេត្ត​កំពង់ចាម​និង​មាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​ចំនួន​បី​:​នៅក្នុង​សាលាក្រុង​កំពង់ចាម​នៅ​ស្រុក​កំពង់សៀម​ទើបបាន​បើក​ដំណើរការ​នៅ​ថ្ងៃទី ១៣ មិថុនា ២០១៩​នេះ និង​ក្នុង​សាលាស្រុក​ជើងព្រៃ​។
​ក្នុងនោះ​កំពុងដំណើរការ​សង់​អគារ​ចំនួន បី ស្រុក​: ស្រុក​ព្រៃឈរ ស្រុក​ចម្ការលើ និង​ស្រុក​បាធាយ សម្រាប់​ឆ្នាំ​២០១៩​នេះ ហើយ​ឆ្នាំ​២០២០ នឹង​ដំណើរ​ការសង់​អគារ​នេះ​ចំនួន បួន ស្រុក​បន្ថែម គឺមាន​ការិយាល័យ​ច្រកចេញចូល​តែមួយ​គ្រប់​ស្រុក​ក្រុង​សរុប​ចំនួន ១០ របស់​ខេត្តកំពង់ចាម​ហើយ​៕S/