អភិបាលខេត្ត​អំពាវនាវ​សាជាថ្មី​ឲ្យ​ពលរដ្ឋ​គ្រប់រូប​ទៅពិនិត្យ​សុខភាព​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់​

412
ចែករម្លែក
  • 54
    Shares

​ដោយ​: គង់​ហេង / កំពង់ចាម​: ដោយ​សម្តែង​ការ​ខ្វាយខ្វល់​ពី​សុខភាព​របស់​ប្រជាពលរដ្ឋ​នោះ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បានធ្វើការ​អំពាវនាវ​សាជាថ្មី គឺ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប អញ្ជើញ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ពោល គឺ​សូមកុំ​ទម្លាប់​លុះត្រា​ឈឺ​ទើបបាន ទៅ​ជួប​គ្រូពេទ្យ​នោះ​។​

​ក្នុងឱកាស​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ជា​អ្នកជំងឺ​ជាង ៣.០០០ នាក់​នៅ​បរិវេណ វិទ្យាល័យ​ជី​ហែ ស្រុក​កោះសូទិន ព្យាបាល​ដោយ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA) ដែល​ដឹកនាំ​ដោយ​លោកជំទាវ ពេជ្រ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត ដើម្បី​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ឥតគិតថ្លៃ​កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែងថា មនុស្ស​យើង​ម្នាក់ៗ​មាន​ស្ថានភាព​ក្នុង​រាងកាយ​មិន​ដូចគ្នា​ទេ​។ ជាក់ស្តែង​នៅពេល​គ្រូពេទ្យ​ពិនិត្យ​សុខភាព គឺ​អ្នកខ្លះ​រយ​:​ពេល បី​ខែ , អ្នកខ្លះ​រយ​:​ពេល​ប្រាំ​មួយខែ និង​អ្នក​ខ្លះទៀត​រយ​:​ពេល មួយឆ្នាំ​ម្តង គ្រូពេទ្យ​ឲ្យ​ទៅ​ជួប​ពិនិត្យ​សុខភាព​ម្តង​។​

​លោក គួច ចំរើន បាន​លើកឡើងថា យោង​លើក​ត្តា​ខុសៗ​គ្នា បែបយ៉ាង​ដូច្នេះហើយ គឺ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​គោរព​តាម​ដំបូល​ន្មា​ន វេជ្ជបញ្ជា ឲ្យ​បាន​ទៀងទាត់​ខ្ជាប់ខ្ជួន និង​ត្រឹមត្រូវ តាម​កាលកំណត់​របស់​គ្រូពេទ្យ​។ សូមកុំ​រង់ចាំ ការឈឺ​មកដល់​ទើប​ទៅរក​គ្រូពេទ្យ ដូច​ទម្លាប់​កាលពី​អតីត​កាលនោះ គឺ​ចូរ​អនុវត្តន៍​ពាក្យ​ថា​« ការពារ​ប្រសើរ​ជាង​ព្យាបាល​» នោះ​ទើប​ប្រសើរ​។​

​លោក​អភិបាលខេត្ត​បានលើកឡើង​ទៀតថា ការអនុវត្ត​ទម្លាប់​កាលពី​អតីតកាល ពេល​ឈឺ​ទើប​ទៅ​ជួប​គ្រូពេទ្យ​នោះ គឺ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​សម្បើម​ណាស់​ដូចជា​: ស្ថានភាព​ជំងឺ​ប្រចាំថ្ងៃ​កាន់តែ​ធ្ងន់ធ្ងរ​, ខាតបង់​ពេលវេលា​ប្រកប​របរ​ចិញ្ចឹម​គ្រួសារ​, សុខភាព​រាងកាយ​កាន់តែ​ទ្រុឌទ្រោម និង​ខាតបង់​ថវិកា​ចំណាយ​ច្រើន​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សៅរ៍​ថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០១៩ កន្លងទៅ​ក្រុមគ្រូពេទ្យ​សមាគមយុវជន​ស្មោះ​ចិត្ត​សម្តេច​តេ​ជោ​ដឹង​នាំ​ដោយ​លោកជំទាវ ពេទ្យ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​ចុះមក​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋនៅក្នុង​បរិវេណ​វិទ្យាល័យ​ជី​ហែ ស្រុក​កោះសូទិន រយ​:​ពេល​មួយថ្ងៃ​។

​ក្នុងនោះ​ពិនិត្យ​ព្យាបាល​ជំងឺ​ចំនួន ១២ មុខ​មាន​: ជំងឺ​ទូទៅ ,​ជំងឺ​មាត់​ធ្មេញ ,​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក​, ជំងឺ​ភ្នែក​,​ជំងឺ​រោគ​ស្ត្រី​,​ជំងឺ​វះកាត់​តូច​,​ពិនិត្យ​អេកូ​សាស្ត្រ​,​ជំងឺ​បេះដូង​,​ជំងឺ​សើ​ស្បែក​,​ជំងឺ​ឬ​ដូង​បាត​,​ជំងឺ​សន្លាក់ និង​ពិសោធន៍ គឺ​សរុប​ចំនួន​អ្នកជំងឺ ៣.៣៦០ នាក់ ,​បញ្ជូនទៅ​ព្យាបាល​បន្ត​ខេត្តកំពង់ចាម​ចំនួន ៩១ នាក់ និង​ទៅ​ភ្នំពេញ​ចំនួន ១៥ នាក់​៕

#