អភិបាលខេត្ត : កម្ពុជានឹងធ្វើជា​ម្ចាស់ផ្ទះនៃការប្រឡងវគ្គផ្តាច់​ព្រ័ត្រ​​វិទ្យាសាស្ត្រនិងគណិត វិទ្យាអន្តរជាតិ​អាស៊ានអូឡាំព្យាដឆ្នាំ២០២១

129
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តលោកងួន រតនះអភិបាលខេត្តបាត់ដំបង បានប្រាប់ថ្នាក់ដឹកនាំសាលាចំណេះទូទៅអន្តរជាតិឌូវី មាតាបិតានិងសិស្សពូកែដែលទទួលបានមេដាយមាស១៦នាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រឡងវគ្គផ្តាច់ព្រ័ត្រវិទ្យាសាស្ត្រនិងគណិតវិទ្យាអន្តរជាតិអាស៊ានអូឡាំព្យាដឆ្នាំ២០២១។

លោក ខែម រស្មី នាយកក្រុមហ៊ុន ឌូវីInternational បានជម្រាបជូនលោកអភិ
បាលខេត្តថាកាលពីថ្ងៃទី២៩ខែវិច្ឆិកាដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ សិស្សានុសិស្ស នៃសាលាចំណេះទូទៅអន្តរជាតិឌូវីចំនួន៤ក្រុមស្មើនឹង១៦នាក់ត្រូវបានជ្រើសរើសតាមរយៈការប្រឡងជម្រុះ ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើននាក់ដើម្បីតំណាងប្រទេសកម្ពុជា ទៅចូលរួមការប្រឡងវិទ្យាសាស្ត្រ និងគណិតវិទ្យាអន្តរជាតិ អាស៊ានអូឡាំព្យាដ(ASMO)វគ្គផ្តាច់ព្រ័ត្រ ឆ្នាំ២០១៩ ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងឆាងសា ខេត្តហូណាននៃសាធារណៈ រដ្ឋប្រជាមានិតចិន ដែលត្រូវប្រកួតប្រជែងជាមួយសិស្សានុសិស្សមកពី១៥តំបន់នៃប្រទេសចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ និងប្រទេសផ្សេងៗទៀតមានដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ឥណ្ឌូនេស៊ី អឺរ៉ង់ ជាដើម ដែលមានបេក្ខជនបេក្ខនារីសរុបជាង៣០០នាក់។

លោកនាយកក្រុមហ៊ុនបានបញ្ជាក់ថា សម្រាប់ដំណើរការប្រឡងនិងកំណែរ នៃវគ្គជម្រុះប្រចាំប្រទេសនេះគឺធ្វើឡើងដោយសុក្រិតបំផុត ពីគណៈកម្មការប្រឡងនិងកំណែនៃក្រុមអ្នកជំនាញអន្តរជាតិនៅការិយាល័យកណ្តាលក្នុងប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថាជាកូតាក្នុងមួយប្រទេសអាចបញ្ជូនតំណាងចំនួន៤ក្រុមស្មើនឹង១៦នាក់ ឬ
តិចជាងនេះតែប៉ុណ្ណោះ។ ជាលទ្ធផលសិស្សកម្ពុជា ចំនួន១ក្រុមទទួលបាន ពានជើងឯក​លើវិញ្ញាសារក្រុម និងសិស្សម្នាក់ ទទួលបានមេដាយសំរឹទ្ធិលើវិញ្ញាសារបុគ្គលបន្ថែមទៅលើ
មេដាយមាសតំណាងប្រទេសម្នាក់មួយទាំង១៦នាក់។ នេះជាមោទនៈភាពមួយ សម្រាប់ខេត្តបាត់ដំបង ក៏ដូចជាប្រទេសកម្ពុជា ដែលទទួលបានជ័យជំនះត្រឡប់មកប្រទេសវិញ។នេះជាបទពិសោធន៍ថ្មីលើកទី១ទៅលើប្រភេទការប្រឡងដ៏លំបាកនេះ ហើយក៏ជាជ័យជំនះ ដែលបានទទួលក្នុងលំដាប់ជើងឯកប្រទេស ដែលមានការជម្រុះច្រើនដង ក្នុងចំណោមបេក្ខជនរាប់សែននាក់។

លោកបន្តថា លើកទី២អ្វីដែលពិសេសសម្រាប់ខេត្តបាត់ដំបងក៏ដូចជាប្រទេសកម្ពុជាតាមរយៈការចុះហត្ថលេខាទទួលសិទ្ធិជាតំណាងចែកចាយផ្តាច់មុខសម្រាប់ប្រទេសកម្ពុជា រវាងក្រុមហ៊ុនឌូវី អ៊ិនធើណេសិនណល និង ASMO អន្តរជាតិ កម្មវិធីប្រឡងផ្នែកវិទ្យាសាស្រ្តអូឡាំព្យាដ និងគណិតវិទ្យាអូឡាំព្យាដនឹងត្រូវដាក់ឲ្យសិស្សានុសិស្ស គ្រប់មជ្ឍដ្ឋានទាំងរដ្ឋ និងឯកជនទូទាំងប្រទេសកម្ពុជា ចូលរួមប្រឡងក្នុងតម្លៃមួយ ដែលទាបជាងគេបំផុត ដែលវគ្គជម្រុះប្រចាំប្រទេស នឹងធ្វើឡើងក្នុងអំឡុង ខែឧសភា ឆ្នាំ២០២០។

នេះក៍ជាទីមោទនភាពមួយគឺខេត្តបាត់ដំបងនៃប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រឡងវគ្គផ្តាច់ព្រ័ត្រ នៅឆ្នាំ២០២១ ដែលមានប្រទេសចូលរួមជាង២០ប្រទេសតាមការគ្រោងទុករបស់អគ្គនាយក ASMO អន្តរជាតិ។

លោកខែម រស្មីបានបញ្ជាក់ថាដោយឡែក ដោយចង់សម្រួលដល់សិស្សានុសិស្សក្នុងខេត្តបាត់ដំបងទាំងមូលនិងខេត្តក្នុងភូមិភាគពាយព្យសាលាបានសហការនាំចូលមកនូវការប្រឡង ប្រភេទអូឡាំព្យាដផ្សេងៗគ្នាមួយចំនួនទៀតដូចជា៖ កម្មវិធីប្រឡងគណិតវិទ្យាអន្តរជាតិអូឡាំព្យាដ២០២០ខាងមុខនេះ។

បន្ទាប់មកលោកងួន រតនៈអភិបាលខេត្ត បានធ្វើការកោតសរសើរ ដល់សិស្សទាំងអស់ដែលទទួលជ័យលាភីមេដាយមាសជាក្រុម និងមានមេដាយជាបុគ្គលមួយចំនួនផង។នេះសបញ្ជាក់ឲ្យឃើញថាសិស្សពូកែទៅបានក៏អាស្រ័យមានការចូលរួមពីអាណាព្យាបាលពី
សាលា និងខ្លួនឯងជាពិសេស ដោយមិនអាចខ្វះមួយណាបានឡើយ។

លោកអភិបាលខេត្ត បានវាយតម្លៃខ្ពស់ដល់ភាគីទាំងអស់ដែលបាននាំគ្នាខិតខំដូចជា ភាគីសាលាបានបង្កើតសាលារកគ្រូល្អៗមកបង្រៀនដល់សិស្សប្រកបដោយគុណភាពនិង អាណាព្យាបាលបានខិតខំចិញ្ចឹមកូន តស៊ូជួយបង្រៀនកូនបន្ថែមទៀតព្រមទាំងផ្តល់ដំបូន្មានល្អៗដល់កូនៗខ្លួនឯងឱ្យខិតខំរៀនសូត្រមានចំណេះដឹង រៀនពូកែប្រជាប់ជាជ័យលាភីថ្នាក់ជាតិ និងអន្តរជាតិថែមទៀត នេះហើយដែលបានធ្វើឲ្យប្រទេសជាតិមានមុខមានមាត់មានមោទភាពខ្ពស់បំផុតហើយមានកិត្តិយសដល់ខេត្តយើង និងក្រុមគ្រួសារពិសេសខ្លួនឯងតែម្តង។

លោកអភិបាលខេត្តបានផ្តាំផ្ញើ ទៅកាន់សិស្សពូកែទាំងអស់សូមក្មួយៗជាសិស្សពូកែខិតខំរៀនឲ្យកាន់តែពូកែថែមទៀត ដែលជាធនធានមនុស្សល្អប្រសើរបំផុត ជាទំពាំងស្នងឬស្សីបន្តវេនសម្រាប់ប្រទេសជាតិយើងទៅអនាគត ដើម្បីបានចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យសម្បូររុងរឿងមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនកាន់ប្រសើរឡើង៕B/