អភិបាលខេត្ត ណែនាំដល់មន្ត្រី ស្តីពី​ការធានានិរន្តរភាពការងាររដ្ឋបាល ​និងការផ្តល់សេវាក្នុងដំណើរការរៀប​​ចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ​ស្រុក

130
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេវាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន អស់លោកជាអភិបាលរងខេត្ត លោកអភិបាល អភិបាលរងក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យ និងអង្គភាពជំនាញនៅថ្នាក់ក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងអំពីគោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីធានាឱ្យបាននូវនិរន្តរភាព តម្លាភាព និងប្រសិទ្ធភាពការងារ ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានាជូនដល់ប្រជាពលរដ្ឋនៅក្នុងដំណើរការធ្វើសមាហរណកម្មរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០៥៥ សណន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលបានដាក់ចេញតម្រូវឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ ការិយាល័យ និងអង្គភាពជំនាញទាំងអស់ សហការគ្នាធ្វើការកត់ត្រានូវការផ្ទេរ និងការទទួលយកនូវសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវទាំងអស់លើកិច្ចការ និងឯកសារ រួមទាំង កម្មសិទ្ធិ ទ្រព្យសម្បត្ដិ ចំណូល ចំណាយ បំណុល និងថវិកាពីការិយាល័យ អង្គភាពជំនាញនានាបច្ចុប្បន្ន ឱ្យមកការិយាល័យអង្គភាពនៃរដ្ឋបាលក្រុង ស្រុក តាមរចនាសម្ព័ន្ធថ្មី ដើម្បីបន្តគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ ស្របតាមគោលការណ៍ដូចជាៈ

  • ការរៀបចំបញ្ជីកិច្ចការនានា។
  • ការរៀបចំរបាយការណ៍សារពើភ័ណ្ឌទ្រព្យសម្បត្ដិ។
  • ការបន្តនិរន្តភាពការងាររដ្ឋបាល និងការផ្តល់សេវា។
  • ការរៀបចំរបាយការណ៍ស្ដីពីកិច្ចសន្យា កាតព្វកិច្ច និងស្ថានភាពហិរញ្ញវត្ថុ។
  • ការរៀបចំរបាយការណ៍ឯកសារពាក់ព័ន្ធ និងលិខិតបទដ្ឋាននានា ព្រមទាំងយន្តការអនុវត្ត៕B/