អភិបាលរងខេត្តកណ្ដាលណែនាំដល់អជ្ញាធរស្រុកឃុំ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យយល់ដឹងពីការថែរក្សាអនាម័យ និងការពារខ្លួនពីការឆ្លងជំងឺ

45
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តកណ្តាល បានចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកថវិកាមកជូនដល់អាជ្ញាធរ កងកម្លាំង មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ក្នុងស្រុកខ្សាច់កណ្តាល សម្រាប់ជួយសម្រួលដល់ការចាត់វិធានការទប់ស្កាត់ជំងឺ កូវីដ-១៩ (COVID-19) និងបានចុះពិនិត្យផ្ទាល់នៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ដើម្បីត្រៀមបង្ការទុកជាមុន ក្នុងករណីមានការរាលដាលជំងឺកូវីដ-១៩ (COVID-19)ផងដែរ។

ក្នុងឱកាសនោះលោកអភិបាលរងខេត្តបានណែនាំដល់អជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ និងមណ្ឌលសុខភាពទាំងអស់ឱ្យ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលទើបមកពីប្រទេសថៃ និងប្រទេសផ្សេងៗទៀត តាមដានសុខភាព ជាពិសេសនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ និងថែរក្សាសុខភាពតាមការណែនាំរបស់ក្រសួងសុខា ភិបាល។ ជាមួយគ្នានោះត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងពីការថែរក្សាអនាម័យ និងការពារខ្លួនពីការឆ្លងជំងឺផងដែរ។

នាឱកាសនោះដែរលោកនុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានប្រគល់ថវិកាជូនដល់ អធិការស្រុក កងរាជអាវុធហត្ថស្រុក ផ្នែកសឹករងស្រុក មន្ទីរពេទ្យបង្អែកស្រុក ការិយាល័យប្រតិបត្តិស្រុក មណ្ឌលសុខភាពឃុំ និងប៉ុស្តិ៍នគបាលឃុំ សរុបទាំងអស់ចំនួន ៤០លានរៀល៕/B