អភិបាលរង​កំពង់ធំៈ សូមអ្នក​ពាក់ព័ន្ធ​ទាង​អស់​ការពារ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ឱ្យបាន​គង់​វង់​

384
ចែករម្លែក
  • 5
    Shares

ដោយៈ មេសា​/កំពង់ធំៈ អភិបាលរង នៃ គណៈ​អភិបាល​ខេត្តកំពង់ធំ លោក ហួន វ៉ាន់​និ​ត បានលើកឡើង​អំពី​សារសំខាន់ នៃ តំបន់ រ៉ា​ម​សារ​ស្ទឹងសែន ថា តំបន់​រ៉ា​ម​សារ​ស្ទឹងសែន មាន​សារសំខាន់​ណាស់ ក្នុងការ​អភិរក្ស ជីវចម្រុះ អ​កូ​ឡូ​ស៊ី ធនធានធម្មជាតិ និង បាន​ទាក់​ទាក់​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ រួមចំណែក​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជា​សហគមន៍ ។ ហេតុនេះ ត្រូវតែ​រួមគ្នា​ការពារ​តំបន់ រ៉ា​ម​សារ នេះ ឱ្យបាន គឺ​ការពារ​ពី​ការកាប់​ព្រៃ​លិច​ទឹក និង ការ​រុករាន​យក​ដី​ធ្វើជា​ដី​កម្មសិទ្ធិ​ជាដើម ហើយ​កាតព្វកិច្ច​ទាំងនេះ គ្មាន​អ្នកណា​មាន​សមត្ថភាព​ជាង​ប្រជា​សហគមន៍ និង អាជ្ញាធរ​មូលដ្ឋាន​ឡើយ ។​
​លោក ហួន វ៉ាន់​និ​ត អំពាវនាវ​បែបនេះ នាឱកាស​អញ្ជើញ​ជា​អធិបតី នៃ សិក្ខាសាលា​ផ្សព្វផ្សាយ អំពី​ការដាក់បញ្ចូល​តំបន់​ស្នូល​ស្ទឹងសែន និង តំបន់ដីសើម​ជុំវិញ ជា​តំបន់ ដី​សើម​មាន​សារៈសំខាន់​ជា​អន្តរជាតិ ហៅ​កាត់​ថា តំបន់​រ៉ា​ម​សារ រៀបចំ​ដោយ ក្រសួងបរិស្ថាន កម្ពុជា ក្រសួងបរិស្ថាន​ជប៉ុន អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ កម្ពុជា អង្គការ​ជីវិត​ធម្មជាតិ នៅ​កម្ពុជា និង មជ្ឈមណ្ឌល​រ៉ា​ម​សារ អាស៊ី​ខាងកើត នៅឯ​សណ្ឋាគារ គ្ល​រៀល ក្រុង​ស្ទឹងសែន ខេត្ត កំពង់ធំ កាលពី​រសៀល​ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៩ ។​
​សូមជម្រាបថា ម្ពុ​ជា​បាន​ចូល​ជា​សមាជិក​នៃ​អនុសញ្ញា រ៉ា​ម​សារ កាលពី​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ១៩៩៩ និង បានដាក់​បញ្ចូល​តំបន់ដីសើម​របស់ខ្លួន​ចំនួន ៤ រួចមកហើយ​ជា តំបន់​រ៉ា​ម​សារ គឺ តំបន់​រ៉ា​ម​សារ​បឹង​ឆ្មារ តំបន់​រ៉ា​ម​សារ​កោះ​កាពិ តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ តំបន់​រ៉ា​ម​សារ​ស្ទឹងត្រែង និង តំបន់​រ៉ា​ម​សារ​ស្ទឹងសែន ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍ នៃ បឹង​ទន្លេសាប មាន​ទំហំ ៩.២៩៣ ហិកតា ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​រ៉ា​ម​សារ ទី ៥ កាលពី​ថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។​
តំបន់​រ៉ា​ម​សារ មាន​តួនាទី​រក្សា​លំនឹង​ទឹក​ក្រោម​ដី បន្សុទ្ធ​ទឹក តាមរយៈ​រុក្ខជាតិ​ក្នុង​ទឹក និង ព្រៃ​លិច​ទឹក និង​ជា​ប្រភព​ទឹកសាប​ដ៏​សំខាន់​សម្រាប់​ស្រោចស្រព​ដំណាំ និង​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋនៅក្នុង និង​ជុំវិញ​តំបន់​នេះ​។ ជាពិសេស​ជា​ជង្រុក​ចំណីអាហារ​ដ៏​សម្បូរបែប​របស់​ពពួក​ថនិកសត្វ សត្វ​ស្លាប​ទឹក មច្ឆជាតិ និង​ជីវៈចម្រុះ​ជាច្រើន​ទៀត​។​
​តំណាង​ក្រសួងបរិស្ថាន​ជប៉ុន អ្នកស្រី មី​កា យ៉ា​ស៊ូ​ដា បាន​លើកឡើងថា តំបន់​ស្នូល​ស្ទឹងសែន និង តំបន់ដីសើម​ជុំវិញ គឺមាន​តម្លៃ​ខ្ពស់ ពីព្រោះ​តំបន់​នេះ បាន​ទ្រទ្រង់​ដល់​ជីវិត​សត្វ និង រុក្ខជាតិ​ច្រើន​ប្រភេទ និង រួមចំណែក​ក្នុងការ​អភិរក្ស​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ពី​ជប៉ុន និង តំបន់​អាស៊ី​ទាំងមូល ៕ Kh

លោក ហួន វ៉ាន់​និ​ត ថ្លែង​ទៅកាន់​សិក្ខ​សាលា ( ​រូបៈ​មេសា​ )