អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់​បាន​ស្លាប់​និង​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ម្នាក់​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ឆ្នាំង​

1031
ចែករម្លែក

ដោយ​: សន សក្តា / កំពង់ឆ្នាំង​: អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់​បាន​ស្លាប់ អភិបាលរង​ខេត្តបន្ទាយមានជ័យ​ម្នាក់​រងរបួស​ធ្ងន់ និង​កូនប្រុស​លោកស្រី​អភិបាលរង​ខេត្ត​ប៉ៃលិន​ម្នាក់ទៀត​រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កំពង់ឆ្នាំង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរណ៍​នេះ​កើតឡើង កាលពី​វេលា​ម៉ោងជាង​២​រសៀល​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ​ភូមិ​ថ្មកែវ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​១/​ឈ្មោះ សោម មុន្នី​រ័ត្ន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ អភិបាលរង​ខេត្ត​ប៉ៃលិន ស្លាប់​នៅ​កន្លែងកើតហេតុ ២/ ឈ្មោះ​ប៉ុក ណា​ឌី ភេទ​ស្រី អាយុ​៤៩ ជា​អភិបាលរង​ខេត្តបន្ទាយមានជ័យ រងរបួស​ធ្ងន់ និង ៣/​ឈ្មោះ​គីន ណាំ​ចូក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​របស់លោក​ស្រី​សោម មុន្នី​រ័ត្ន រងរបួស​ធ្ងន់​។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ជនរងគ្រោះ​ជិះ​រថយន្ត​មួយគ្រឿង​គ្នា​៣​នាក់ ម៉ាក​ឡិច​ស៊ិ​ស ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T 8971 ដោយ​កូនប្រុស​របស់លោក​ស្រី​អភិបាលរង​ខេត្ត​ប៉ៃលិន​ជា​អ្នកបើក​។ រថយន្ត​នេះ​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត នៅពេល​មកដល់​ចំណុចកើតហេតុ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១០៣-១០៤ រថយន្ត​នេះ​បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF-13 45 ក្នុង​ដំណើរ​ស្រប​ទិស​គ្នា និង បាន​ជ្រុល​ទៅបុក​រថយន្ត​ធំ​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ខៀវ​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-6697 ក្នុងទិសដៅ​ច្រាស់​គ្នា​ពេញ​មួយ​ទំហឹង​តែម្តង​។​

​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូន​កាន់់​ន្ទីរ​ពេទ្យ​ខេត្តកំពង់ឆ្នាំង ដោយឡែក​មធ្យោបាយ​បង្ក​ត្រូវ​ប៉ូលិស​យកទៅ​រក្សាទុក​៕