អភិបាលរង​ផ្តាំ​ទៅ​អ្នក​ផ្ទុកមេរោគ​​អេដស៍​កុំ​អស់សង្ឃឹម​ត្រូវ​ចេះ​រក្សាខ្លួន ដោយ​ប្រើប្រាស់​ថ្នាំ​ពន្យា​ឲ្យបាន​ទៀង​​ទាត់

138
ចែករម្លែក

ដោយៈសាវ​រក្ស​/ភ្នំពេញ ៖ លោក ស៊ូ សោ​គន្ធ ប្រធាន អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ឫស្សីកែវ បាន​លើកទឹកចិត្ត​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ កុំ​អស់សង្ឃឹម​ត្រូវ​ចេះ​រក្សា​អនាម័យ សុខភាព​ខ្លួនប្រាណ​ឱ្យបាន​ល្អ និង​ត្រូវ​ប្រើប្រាស់​ថ្នាំ​ពន្យា​ទៀត​ទាត់​តាម​វេជ្ជបញ្ជា ដើម្បី​បន្តជីវិត​រស់នៅ​គ្រប់គ្រង​កូនចៅ​បានយូរ​ដូច​ពលរដ្ឋ​ទូទៅ​។​

​លោក ស៊ូ សោ​គន្ធ មានប្រសាសន៍​បែបនេះ​កាលពី​កន្លងទៅ​ថ្មី​នេះ ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​ការទប់ស្កាត់ ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជម្ងឺអេដស៍ ជូន​ដល់ សិក្ខាកាម ជា​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន ៣១ គ្រួសារ រស់នៅ​សង្កាត់​ស្វាយប៉ាក​ដែល រៀបចំ​ដោយ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ​ដោយបាន​នាំយក​អំណោយ​កាកបាទក្រហម​ខណ្ឌ ទៅ​ឧបត្ថម្ភ​ជូន អ្នក​ផ្ទុកមេរោគ​អេស​ដ៍ ទាំង ៣១ គ្រួសារ ក្នុង​មួយ​គ្រួសារៗ ទទួលបាន – អង្ករ ២០​គីឡូក្រាម – ទឹកត្រី ១ យួរ​- ទឹកស៊ីអ៊ីវ ១​យួរ និង​ថវិកា ២០,០០០​រៀល​។

​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ភាគច្រើន​បាន​យល់ដឹង​ពី​ស្ថានភាព​ជម្ងឺអេដស៍​មិន​រើសអើង​ដូច​ពីមុន​ឡើយ​។​ដោយ​ប្រទេស​កម្ពុជា​ត្រូវបានគេទទួលស្គាល់​ថា ជា​អ្នក​នាំមុខគេ នៅក្នុង​ការឆ្លើយតប​ជា​សាកល​ទៅនឹង​ជំងឺអេដស៍ ជាមួយនឹង​ការ​ផ្តោតលើ​ការរក​មើល​អ្នក​ផ្ទុកមេរោគ​អេដស៍​ដែល​មិនទាន់​បានទទួល​រោគវិនិច្ឆ័យ និង​ការធានា​គុណភាព​នៃ​សេវា​ជំងឺអេដស៍ កម្ពុជា​អាច​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ នៅ​អាស៊ី ក្នុងការ​បញ្ឈប់​ជំងឺ អេដស៍ ដែលជា​ការគំរាមកំហែង​មួយ​ដល់​សុខភាព​សាធារណៈ​។​ប៉ុន្តែ​ជំងឺអេដស៍​មិនទាន់​អស់​នៅឡើយ​ទេ តែ​វា​អាច​អស់​បាន​។​

​បើតាម​របាយការណ៍ នៃ កម្មវិធី​អង្គការសហប្រជាជាតិ​ស្តីពី​ហ៊ី​វ​/​អេដស៍ បង្ហាញឱ្យឃើញថា នៅក្នុង​ពិភពលោក អ្នកទទួលការ​ព្យាបាល​ជំងឺ​អែ​ដស៍​មាន​កំណើន​យ៉ាងច្រើន​។ ការព្យាបាល​បាន​ស្តារ​ជីវិត​មករក​ភាព​ពេញលេញ និង​សុខ​ភាពល្អ​ឡើងវិញ​។ ជាមួយគ្នា​នោះ ប្រទេស​កម្ពុជា​បានសំរេច​ជោគជ័យ​គួរឱ្យកត់សំគាល់ នៅក្នុង​ការព្យាបាល​ជំងឺអេដស៍ ដែល​កំណើន​នៃ​ការព្យាបាល​នេះ​គឺមាន​ឡើង​ដោយសារ​ការដឹកនាំ និង​ការប្តេជ្ញាចិត្ត​របស់​រដ្ឋា​ភិ​បាល​កម្ពុជា ដែល​បានកំណត់​យក​ការធ្វើឱ្យ​លែងមាន​ជំងឺអេដស៍​ជា​អាទិភាព​មួយផ្នែក​សុខភាព​សាធារណៈ​៕​B/