អភិបាលរង​រាជធានី ដឹកនាំ​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤

425

(​ភ្នំពេញ​)៖ លោក​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​សម្តែង​នូវ​ការសោកស្តាយ​ជាទីបំផុត ចំពោះ​គណបក្សនយោបាយ​ខ្លះ​ដែល​បាន​បង្កឡើង​នូវ​បញ្ហា​មួយចំនួន ក្នុងពេល​ឃោសនាបោះឆ្នោត បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។​

​លោក ឃួ​ង ស្រេង​អភិបាលរង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បែបនេះ​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​នេះ ។​

​លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍​ទៀតថា​៖ តាមរយៈ​ការបោះឆ្នោត​នេះ ចាប់តាំងពី​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ការបោះឆ្នោត ការរាប់​សន្លឹកឆ្នោត ប្រព្រឹត្ត​ទៅដោយ​រលូន​និង​មាន​របៀបរៀបរយ និង​មាន​សណ្តាប់ធ្នាប់​ល្អ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពចាស់ទុំ​របស់​គណបក្ស​នយោបាយ ដែលមាន​ភាពល្អប្រសើរ​ពីមួយ​អាណត្តិ ទៅមួយ​អាណត្តិ បើទោះបីជា​មានការ​រអាក់រអួល​បន្តិចបន្តួច​ក្តី ជុំវិញ​បញ្ហា​មានការ​វ៉ៃ​យុវជន​ម្នាក់ ពី​សំណាក់​សកម្មជន​គណបក្ស​ខ្លះ ដែល​មិន​គោរព​តាម​ការណែនាំ​គ​.​ជ​.​ប ។ លោក​បាន​បន្តថា​”​ពួកគាត់​ភ្លេច​គិតថា ពួកគាត់​ជា​សកម្មជន​របស់​គណ​បក្ស​មួយ គាត់​មិនអាច​ទៅធ្វើជា​តួនាទី​ក្នុងការ​រាប់​សន្លឹកឆ្នោត​ជំនួស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានទេ ជាពិសេស​ជំនួស​ប្រធានការិយាល័យ​នៅ​មូលដ្ឋាន ។​

​លោក​អភិបាលរង​ក៏បាន​អំពាវនាវ​ដល់​គណបក្ស​នយោបាយ​ទាំងអស់​សូម​ឲ្យ​មាន​ភាពចាស់ទុំ​នយោបាយ​មិនត្រូវ​ណែនាំ​ឲ្យ​ខុស​អំពី​ច្បាប់​នៃ​ការបោះឆ្នោត ។​

​គួរ​បញ្ជាក់ដែរថា​៖​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ផ្ទៃដី​សរុប​៦៧៨​គីឡូម៉ែត្រ​ការ៉េ ចែកចេញជា​១២​ខណ្ឌ មាន​១០៥​សង្កាត់​និង​៩៥៣​ភូមិ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង​១.៤៤៥.៨៨៨​នាក់​៕

​លោក ឃួ​ង ស្រេង​ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៧​