អភិបាលរង​ស្រុក​ស្រីស្នំ​ម្នាក់​បាន​រងរបួស​ធ្ងន់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​

272

ដោយ​: គូលែន / សៀមរាប​: លោក​អភិបាលរង​ស្រុក​ស្រីស្នំ​ម្នាក់​បាន​ទទួលរង​ធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កាមរី​បា​លែ​ន ពណ៌​ស្ករ និង​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៥០​នាទី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨​នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦៨ ក្នុងភូមិ​ជ្រោយ​នាងនួន ឃុំ​ជ្រោយ​នាងនួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាមរី​បា​លែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​បាត់ដំបង 2A 9253 បើកបរ​ដោយ​ឈ្មោះ ជុំ ណូ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​តា​ហែ​ន ឃុំ​រការ ស្រុក​សង្កែ ខេត្តបាត់ដំបង មុខរបរ​កសិករ ដោយ​បើកបរ​ស្រប​ទិស​ជាមួយ​ម៉ូតូ​ម៉ាក​ទ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1E6014 បើកបរ​ដោយ​ឈ្មោះ ឈិន មុន្នី ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភូមិ​ពួក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ជា​អភិបាលរង​ស្រុក​ស្រីស្នំ​។​

​សមត្ថកិច្ច​បាន​បន្តថា លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​ខាងលើ​បាន​បុក​ម៉ូតូ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាន​រងរបួស​ធ្ងន់​។ ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​មកដល់​ចំណុចកើតហេតុ ហើយ​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជនរងគ្រោះ​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប ដើម្បី​សង្គ្រោះ​និង​ព្យាបាល​។ ចំណែក​វត្ថុតាង​មាន​រថយន្ត​និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ស្រីស្នំ បាន​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​