អភិបាលរាជធានីចុះពិនិត្យមើលការបើកលំហរចរាចរណ៍មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រង់ចំណុចតភ្ជាប់ផ្លូវ២៧១

94
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានលំហរផ្លូវតូចនៅចំណុចប្រសព្វផ្លូវ២៧១ ត្រង់ច្រមុះជ្រូកក្បាលថ្នល់ ហើយត្រូវបានពង្រីកឲ្យធំតាមទំហំពេញលេញ បន្ទាប់ពីបានដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ និងការស្ថាបនាពង្រីកបន្ថែមនោះ ពេលនេះ ការដ្ឋានបានបញ្ចប់ហើយ ហើយនៅល្ងាចថ្ងៃ៩ មេសានេះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានដឹកនាំមន្ត្រីពាក់ព័ន្ធចុះពិនិត្យដោយផ្ទាល់ផងដែរ។

កំណាត់មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ត្រូវបានក្រុមការងារចាក់អ៊ុតកៅស៊ូ ទំហំ៣០ម៉ែត្រ ជាមួយចិញ្ចើម១៥ម៉ែត្រសង្ខាង ដើម្បីសម្រួលឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល។

មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលគេហៅតៗគ្នាថា ផ្លូវ៦០ម៉ែត្រ ជាផ្លូវមួយខ្សែធំល្វឹងល្វើយមើលទៅរលោងស្រឹលល្អណាស់ អមដោយបង្គោលភ្លើងបំភ្លឺផ្លូវ និងដើមឈើ ផ្តល់នូវសោភ័ណភាពដ៏ស្រស់ស្អាត។ មហាវិថីនេះតភ្ជាប់ពីផ្លូវ២៧១ ទៅផ្លូវជាតិលេខ២ ប្រវែងជិត១០គីឡូម៉ែត្រ ដោយឆ្លងកាត់ខណ្ឌមានជ័យ និងខណ្ឌដង្កោ គឺជាមហាវិថីធំ និងវែងជាងគេនៅរាជធានីភ្នំពេញរបស់យើងជាលើកដំបូង។ មហាវិថីមួយនេះជាសរសៃឈាម សេដ្ឋកិច្ចដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋដឹកទំនិញផ្សេងៗនិងកសិផលច្រើនសព្វសារពើ រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល តាកែវ កំពត យ៉ាងមមាញឹកពិសេសក្នុងតំបន់ថែមទៀត។

លើសពីនេះមហាវិថីសម្តេចតេជោ ហ៊ុន សែន គឺជាខ្សែផ្លូវយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមចំពោះមុខ គឺការកកស្ទះចរាចរក្នុងរាជធានីភ្នំពេញ និងចូលរួមកាត់បន្ថយការចំណាយនិងជម្រុញកំណើនសេដ្ឋកិច្ចទីផ្សារបានយ៉ាងល្អប្រសើរ៕/B