អភិបាលរាជធានីស្នើរដល់អាជ្ញាធរខណ្ឌទាំង១២ធ្វើការផ្សព្វផ្សាយឱ្យទូលំទូលាយ ,អំពីផលប៉ះពាល់ដោយសារថ្នាំជក់

870
ចែករម្លែក

ដោយ៖រ៉ាម៉ន
ភ្នំពេញ៖លោក អភិបាលរាជធានីភ្នំពេញជំរុញដល់អាជ្ញាធរខណ្ឌទាំង១២ និងសង្កាត់ទាំង១០៥ ក្នុងរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីផលប៉ះពាល់ដោយសារថ្នាំជក់ និងលុបបំបាត់ឱ្យបាននូវគ្រឿងញៀន ទៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាមហាជនទូទៅអោយបានដឹងពីបញ្ហាគ្រឿងញៀននេះ ខណៈដែលយើងបានបង្កើតក្រុមការងាររួចហើយ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោកស្រី ស៊ូសាន មើកាដូ អ្នកនាំពាក្យរបស់ប្រធានាធិបតីប្រទេសហ្វីលីពីន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ។
ក្នុងនោះលោក ឃួង ស្រេង បានថ្លែងថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារថ្នាំជក់ ទៅដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់ជាពិសេស ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដែលមានប្រមាណជិត៣លាននាក់នាពេលបច្ចុបប្បន្ន ស្របពេលដែល ប្រទេសកម្ពុជា ក៏ជាប្រទេសដែលបានចូលជាសមាជិកសន្ធិសញ្ញារបស់អង្គការសុខភាពពិភពលោក ដើម្បីប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ ឧស្សាហកម្មថ្នាំជក់ ផងដែរនោះ កម្ពុជានិងបន្តជំរុញនៃយុទ្ធនាការនេះអោយមានប្រសិទ្ធភាពខ្ពស់ ដោយសារតែយើងគិតគូពីសុខភាពរួមរបស់ប្រជាពលរដ្ឋ។ ក្រៅពីកិច្ចពិភាក្សាការងារពីផលប៉ះពាល់នៃថ្នាំជក់នេះលោក ឃួង ស្រេង ក៏បានអរគុណទៅដល់លោកប្រធានាធិបតីហ្វីលីពីន ដែលបានធ្វើការគាំទ្រចំពោះលទ្ធផលបោះឆ្នោតសកលនៅកម្ពុជា ក្នុងឆ្នាំ២០១៨នេះ។
ក្នុងជំនួបនោះលោកស្រី ស៊ូសាន មើកាដូ អ្នកនាំពាក្យរបស់ប្រធានាធិបតីហ្វីលីពីន ហើយក៏ជាបេក្ខភាពប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា “រាជធានីភ្នំពេញ ពិតជាបានទទួលជោគជ័យ ចំពោះការគ្រប់គ្រងថ្នាំជក់ ដោយសារមានថ្នាក់ដឹកនាំល្អ ដែលទីក្រុងភ្នំពេញមួយនេះ មានឈ្មោះល្បីក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ ដែលបច្ចុប្បន្នទីក្រុងភ្នំពេញ ជាទីក្រុងដែលមានការរីកចំរើនខ្លាំងលើទីផ្សារពាណិជ្ជកម្ម”។ លោកស្រី ស៊ូសាន បញ្ជាក់ថា វិធានការដែលមានប្រសិទ្ធភាពបំផុត នៃការលុបបំបាត់ថ្នាំជក់ គឺត្រូវតម្លើងពន្ធថ្នាំជក់អោយកាន់តែខ្ពស់ ពេលនោះអ្នកជក់បារី គឺគេនឹងមិនបន្តជក់ដោយសារបារីមានតម្លៃខ្ពស់។ ការតម្លើងពន្ធពីផលិតផលថ្នាំជក់នេះ រដ្ឋក៏នឹងបានចំណូលច្រើនផងដែរ។
លោកស្រីបញ្ជាក់ថា កាលណាទីក្រុងគ្មានផ្សែងបារី ទីក្រុងនោះនឹងមានការរីកចំរើនលឿនខាងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ដោយសារថា ទីក្រុងមានបរិស្ថានល្អមិនមានផ្សែង។ ថ្នាំជក់ ឬបារី គឺបុព្វហេតុដ៏ចម្បងមួយនៃមរណភាព នៅលើពិភពលោក ពោលគឺក្នុងចំណោមមនុស្សពេញវ័យ១០នាក់ មានម្នាក់ស្លាប់ព្រោះឥទ្ធិពលបារី។ ក្នុងមួយឆ្នាំៗ ជំងឺបង្កមកពី បារីនិងផ្សែងបារីសម្លាប់មនុស្សជិត៦លាននាក់ នៅលើពិភពលោក ក្នុងនោះជាងកន្លះលាននាក់ជាមនុស្សស្រូបផ្សែងបារីពីគេ។ ម្យ៉ាងវិញទៀតចំនួនជនរងគ្រោះនឹងអាចកើនឡើងដល់៨លាននាក់ ពីពេលនេះដល់ឆ្នាំ២០៣០ ក្នុងនោះជនរងគ្រោះជាង៨០ភាគរយជាប្រជាជនរស់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ មានប្រាក់ចំណូលតិច និងមធ្យម៕