អភិបាលរាជធានីអំពាវនាវឲ្យប្រជាពលរដ្ឋនៅភ្នំពេញទាំងអស់ ត្រូវមានជំនឿជឿជាក់លើរដ្ឋបាលរាជធានីកុំ​ជឿលើការបំផុសព័ត៌មានក្លែង​ក្លាយ

87
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវមានជំនឿជឿជាក់មកលើរដ្ឋបាលរាជធានីភ្នំពេញហើយកុំជឿលើការបំផុសព័ត៌មានក្លែងក្លាយ។

ការអំពាវនាវបែបនេះរបស់លោកឃួង ស្រេង បានអ្វីឡើងក្នុងកិច្ចសម្ភាសន៍មួយ ជាមួយក្រុមអ្នកព័ត៌មាន ក្រោយលោកបញ្ចប់ពិធីចែកម៉ាសនិងទឹកអាកុលលាងដៃជូនមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៥ មីនានៅសាលាក្រុងភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ អ្វីៗទាំងអស់ ដែលជាព័ត៌មាន សូមឲ្យបងប្អូនប្រជាពលរដ្ឋស្តាប់ការប្រកាសព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ផេកផ្លូវការហ្វេសប៊ុក ប្រព័ន្ធព័ត៌មាន ដែលចុះហត្ថលេខា ឬត្រាត្រឹមត្រូវ របស់រដ្ឋបាលរាជធានីភ្នំពេញ ។

លោកបន្តថា ប៉ុន្មានថ្ងៃនេះ មានគេបំប៉ោងពាក្យថា បន្តិចទៀតនេះ មានបិទបឹងកេងកង មិនឱ្យជនបរទេសឆ្លងកាត់ ឬចេញចូល ។ ពាក់ព័ន្ធនឹងការបំផ្ទុះនូវព័ត៌មានគ្មានការពិតនេះ លោកឃួង ស្រេង បានបញ្ជាក់ឱ្យបងប្អូន ក្នុងរាជធានីថា អ្វីៗត្រូវមានជំនឿជឿជាក់មកលើរដ្ឋបាលរាជធានីកុំជឿ ទៅលើប្រពន្ធផ្សព្វផ្សាយ ដែលមិនមានការទទួលខុសត្រូវ ឬមិនមានអត្តសញ្ញាណ ច្បាស់លាស់” ។ នៅតាមបណ្តាញសង្គម ច្រើនតែបំប៉ោង ពាក្យមិនពិតប្រាកដ ដូច្នេះសូមឱ្យពិចារណា ព្រឹត្តិការណ៍នេះ មុននឹងជឿសូមសួរគ្នាឱ្យបានច្បាស់លាស់ ។

លោកបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញមាន Hotline ដែលទាក់ទងទៅនឹងរឿង កូវីដ-១៩ (Covid-19) ដោយយើងអាចទទួលយក ដើម្បីពិភាក្សា និងបញ្ជូនបងប្អូន ទៅរកទីតាំង ដើម្បីព្យាបាល ឬក៏ទីតាំងពិនិត្យជំងឺ ឬក៏អាចសួរ Hotline នូវព័ត៌មាន ដែលបងប្អូនមានចម្ងល់ ។ សូមឱ្យបងប្អូន ធ្វើតាមរយៈ Hotline នេះ រដ្ឋបាលរាជធានីភ្នំពេញ អាចទទួលព័ត៌មានដោយផ្ទាល់ និងបញ្ជាក់ជូនពីអ្វីដែលបងប្អូនមានចុះងល់ពីបញ្ហាផ្សេងៗ ។

ពាក់ព័ន្ធនឹងផែនការយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅរាជធានីភ្នំពេញលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា តាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកបានប្រកាសឱ្យយើង បិទ KTV (Karaoke Television) យើងបិទ Concert ធំៗ (ការប្រគំតន្ត្រី) ការជួបជុំគ្នាដែលមានមនុស្សច្រើន។ ដោយឡែកនាព្រឹកថ្ងៃ២៥មីនានេះ ក៏មានគោលការ ពីសម្តេច ឲ្យយើងផ្អាក បៀកាឌិន ទីតាំងមានលក់ម្ហូបអាហារ មានភ្លេងកំដរ ដែលអាច ជួបជុំមនុស្សច្រើន ដែលបង្កទៅជាហានិភ័យ ដល់ប្រជាពលរដ្ឋ។ ចំណុចនេះថ្នាក់ដឹកនាំបានគិតគូរទៅលើសុខុមាលភាព របស់ប្រជាពលរដ្ឋ ព្រោះខ្លាចមានការឆ្លង ដែលមិនអាចគ្រប់គ្រងបាន ។

លោកបន្តថា យើងទាំងអស់គ្នាដឹងហើយថា ជំងឺ កូវីដ-១៩ (Covid-19) បើសិនជាយើងមានអនាម័យរស់នៅដាច់ពីគ្នា កុំគៀកគ្នាពេក កុំឱ្យជួបជុំគ្នាច្រើនញឹកញ៉ាប់ គឺយើងអាច បង្កាទប់ស្កាត់ កុំឱ្យជំងឺនេះ រីករាលដាលបាន ព្រោះយើងមិនដឹងថា អ្នកណា មានជំងឺ អ្នកណាគ្នានជំងឺ ដូច្នេះការផ្តាច់ពីគ្នានេះ ជាមធ្យោបាយល្អមួយ ដែលមានការណែនាំ ពីក្រសួងសុខាភិបាល។

លោកអភិបាលបានបន្ថែមថា យើងមានតែលើកទឹកចិត្ត ឲ្យពួកគាត់បន្តការលក់ដូរ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើង អាចប្រកបជីវភាពប្រចាំថ្ងៃបាន ប្រសិនបើយើងផ្អាកផ្សារ យើងអាចទៅទិញអ្វីហូបនៅឯណាបាន? នេះជាបញ្ហាដែលយើងត្រូវគិតគូរ ដូច្នេះហើយយើងនៅតែលើកទឹកចិត្ត ឱ្យផ្សារ ត្រូវតែនៅដំណើរការ ។

លោកក៏បានក្រឿនរំលឹកថា ដំបូងមានការភ្ញាក់ផ្អើលរឿងទៅទិញ នាំគ្នាទៅទិញ ទិញរហូតអស់ក្នុងស្តុក ប៉ុន្តែឥឡូវនេះ យើងឃើញថា យើងមាននិរន្ធរន្តភាព សូម្បីតែនៅក្នុងផ្សារម៉ាក្រូ ឬនៅក្នុងផ្សារទំនើបផ្សេងៗ ប្រជាពលរដ្ឋយើង ចូលទៅទិញតាមធម្មតា មិនមានការប្រជែងគ្នា ដូចដែលវីដេអូឃ្លីប ចេញពីបរទេសមកនោះទេ ដែលយើងឃើញថា នៅបរទេស មានការជ្រួលច្របល់ ប៉ុន្តែនៅរាជធានីភ្នំពេញ របស់យើង និយាយដោយឡែក និយាយជារួម នៅកម្ពុជាយើង មិនមានបញ្ហានេះកើតឡើងនោះទេ ហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ មានជំនឿជឿជាក់ថា មិនខ្វះទេស្បៀងនៅកម្ពុជា៕/B