អភិបាលរាជធានី៖ ការអប់រំល្អគឺជា​កូនសោរសម្រាប់ដោះស្រាយនូវរាល់​បញ្ហាសង្គមនិងសេដ្ឋកិច្ចជាតិ​

106
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ ដោយសារថា ឧត្តមភាព ប្រកួតប្រជែងរបស់ប្រជាជាតិមួយ គឺអាស្រ័យយ៉ាងសំខាន់ទៅលើការកសាងធន ធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ និងសីលធម៌ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មផង និងដើម្បីជំរុញឱ្យមានការផ្លាស់ប្តូរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីកំណែទម្រង់ស៊ីជ្រៅ ក្នុងបរិបទនៃទំនើបកម្មក្នុងវិស័យបច្ចេកវិទ្យា។

ការបញ្ជាក់បែបនេះរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃការពារអប់រំ យុវជន និងកីឡារាជធានីភ្នំឆ្នាំសិក្សា២០១៨ ២0១៩ និងទិសដៅឆ្នាំសិក្សា ២០១៩ -២០២០ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ កាលពីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា៖ លោកគ្រូ អ្នកគ្រូជាអ្នកផ្តល់ចំណេះដឹង សុជីវធម៌ សីលធម៌ គំនិតច្នៃប្រឌិត និងបំនិនជីវិតយ៉ាងពិតប្រាកដ ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្រ“ការអប់រំសម្រាប់ទាំងអស់គ្នា ទាំងអស់គ្នាសម្រាប់ការអប់រំ។

លោកអភិបាលបន្តទៀតថា ក្នុងយុគសម័យសេដ្ឋកិច្ចពុទ្ធិ និង បច្ចេកវិទ្យាព័ត៌មាន ទាម ទារឱ្យ មានការប្រមែប្រមូលកម្លាំង និងធនធានសរុបពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរួមគ្នាគាំទ្រជំរុញមិនឱ្យមាននរណាម្នាក់នៅក្រៅសេវាអប់រំ និងត្រូវបណ្តុះបណ្តាលយុវជនជំនាន់ក្រោយឱ្យក្លាយជាមូលធនមនុស្ស ដែលមានសមត្ថភាពនិងជំនាញខ្ពស់គ្រប់ៗគ្នាប្រកបដោយសក្តានុពលខ្ពស់។

លោកឃួង ស្រេងបន្ថែមទៀតថា៖ ក្នុងរយៈពេលចុងក្រោយនេះ នៅតាមសាលារៀនមួយចំនួនតូច មានការកើតមាននូវបាតុភាព ដូចជាករណីហឹង្សាលើសិស្សនារី នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារដើមថ្កូវនិងករណីហឹង្សាបណ្តាលឱ្យស្លាប់សិស្សសាលាអន្តរទ្វីបអាមេរិកាំងជាដើម ដូច្នេះទេលោក ស្នើឱ្យប្រធានមន្ទីរ ថ្នាក់ដឹកនាំ អង្គភាព នាយកសាលា លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវ រួមគ្នាគិតគូរឡើងវិញ អំពីវិធានការចាំបាច់ដើម្បីពង្រឹងការគ្រប់គ្រងសាលារៀន វិន័យផ្ទៃក្នុងសាលា និងការកែប្រែឥរិយាបទមិនសមរម្យរបស់សិស្សគ្រប់កម្រិតសិក្សា សំដៅឈានទៅលុបបំបាត់អំពើហឹង្សាតាមគ្រប់រូបភាព ក្នុងចំណោមសិស្សានុសិស្សទាំងក្នុងសាលារៀនរដ្ឋ និងឯកជន ចៀសវាងនូវការកើតមានបាតុភាពដ៏អកុសលនេះបន្តទៅទៀត។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក៏បានណែនាំដល់លោកគ្រូអ្នកគ្រូទំាង អស់ត្រូវបង្កើនគុណភាពអប់រំដល់សិស្សានុសិស្ស ដើម្បីឱ្យពួកគេមានសមត្ថភាពពេញលេញ ក្លាយជាធនធានមនុស្សពិតប្រាកដ ដើម្បីសម្រាប់ការអភិវឌ្ឍប្រទេសជាតិផង និងអភិវឌ្ឍន៍ អនាគតរបស់ខ្លួនផង។

ក្នុងនោះលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍ ថា មន្រ្តីគ្រប់គ្រងលោកគ្រូអ្នកគ្រូនៅទូទំាងរាជធានីភ្នំពេញបានបំពេញការងារតួនាទី រៀងៗខ្លួនប្រកបដោយ មនសិកាវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាឲ្យការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងលើក កម្ពស់ឱកាសនៃការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នាទាំង ក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ។

លោកបញ្ជាក់ទៀតថា នៅរាជធានីភ្នំពេញមានគ្រឹះស្ថាន សិក្សាសាធារណៈរបស់រដ្ឋដូចជាសាលាបឋមសិក្សាចំនួន១៦៤ទីតាំងអនុវិទ្យាល័យវិទ្យាល័យមានចំនួន ៦៨សាលា និងសាលាមតេយ្យសិក្សាមតេយ្យសហគមន៍មាន១៥៨ទីតាំងដោយរដ្ឋនិងឯកជនសរុបទាំងអស់មានជាង៣០ម៉ឺននាក់។

លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែគិតគូរយកចិត្តទុកដាក់មកលើវិស័យអប់រំរាជធានី លោកបានផ្តល់ការគាំទ្រនិងជួយកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងជួយជួសជុលអគារសិក្សា ជាពិសេសឆ្នាំ២០១៩-២០២០ រដ្ឋបាលរាជធានីភ្នំពេញបានជួយសាងសង់អគារសិក្សាថ្មីចំនួន២ខ្នង២ជាន់ស្មើ២០បន្ទប់និងចុងក្រោយនេះសម្រេចឱ្យសាងសង់សាលា៣ខ្នងស្មើ១៥បន្ទប់នៅខណ្ឌដង្កោជាអំណោយរបស់សម្តេចតេជោ។ សាងសង់បានបញ្ចប់ សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ ១ខ្នង ២ជាន់១២បន្ទប់ សាលាបឋមសិក្សា វត្តសន្សំកុសល ខណ្ឌមានជ័យ ១ខ្នង ២ជាន់ ១០បន្ទប់កំពុងដំណើរការសាងសង់ និងបានជួយសាងសង់បង្គន់អនាម័យថ្មីចំនួន១៣ខ្នង នៅតាមសាលារៀនចំនួន១៣សាលា ស្មើ ៦៥ បន្ទប់៕B/