ដោយៈស៊ីផាន់,សុផានីតា/កណ្តាលៈអភិបាលស្រុកលើកដែកបានដឹកនាំក្រុមមន្ត្រីក្រោមឱវាទចុះពិនិត្យជាក់ស្តែងនូវផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិបាក់ស្រុតចំណីដីមាត់ព្រែកតូច។ បន្ទាប់ពីពិនិត្យរួចមក អាជ្ញាធរស្រុក បានណែនាំដល់ម្ចាស់ផ្ទះដែលជាពលរដ្ឋចំនួនបីគ្រួសារ ចាំបាច់រុះរើផ្ទះជាបន្ទាន់ ខណៈប្រឈមនឹងការបាក់ស្រុតចូលមាត់ព្រែកខ្លាំងជាងគេ។
មកដល់ពេលនេះមានផ្ទះប្រជាពលរដ្ឋមិនតិចជាង១០គ្រួសារទេ ដែលកំពុងប្រឈមនឹងការរលំបាក់ស្រុតចូលទៅក្នុងចំណីមាត់ប្រឡាយទឹក ។ក្នុងនោះមានបីគ្រួសារបានរងការគំរាមកំហែងខ្លាំងជាងគេ ដោយអាជ្ញាធរតម្រូវឲ្យរុះរើចេញជាបន្ទាន់ភ្លាមៗដើម្បីចៀសវាងពីគ្រោះថ្នាក់។
លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បញ្ជាក់កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ២០១៩ថា លោកជំរុញដល់ប្រជាពលរដ្ឋរស់នៅចំណុចស្ពានទី៥ ក្នុងភូមិព្រែកតូច ឃុំព្រែកដាច់ ចាំបាច់បង្កើនការប្រុងប្រយ័ត្នខ្ពស់ពីផលប៉ះពាល់គ្រោះធម្មជាតិការបាក់ស្រុតដីចំណីមាត់ព្រែកនេះ។ ដើម្បីសុវត្ថិភាពត្រៀមបង្ការគ្រោះថ្នាក់ដល់ពលរដ្ឋ លោកអភិបាលស្រុក បានតម្រូវឱ្យម្ចាស់ផ្ទះចំនួនបីគ្រួសាររុះរើជាបន្ទាន់ ជៀសវាងជួបគ្រោះថ្នាក់ណាមួយជាយថាហេតុទៅថ្ងៃអនាគត។ ផ្ទះប្រជាពលរដ្ឋដែលត្រូវរុះរើផ្ទះ ធ្វើឡើងនៅពីរទៅបីថ្ងៃខាងមុខទៀត តាមរយៈការចាត់កម្លាំងជំនាញក្នុងមូលដ្ឋានចុះជួយរុះរើ ក្នុងគោលបំណងកាត់បន្ថយការចំណាយថវិកា និងពេលវេលា។
លោក អភិបាលស្រកលើកដែក បានបន្ថែមទៀតថា ចំពោះម្ចាស់ផ្ទះដែលត្រូវរើ គឺពួកគាត់អាចទៅស្នាក់នៅជាមួយបងប្អូនជាបណ្តោះអាសន្នមួយរយៈធំសិន។ នៅពេលដែលទឹកស្រេកអស់ និងមន្ទីរសាធារណការ អនុវត្តគម្រោងស្ថាបនាខឿនបេតុងនៅគល់ស្ពាននិងចំណីមាត់ព្រែកប្រវែង៤០ម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្ពស់១១ម៉ែត្របញ្ចប់រួចរាល់ ទើបអនុញ្ញាតឲ្យពួកគាត់សង់ផ្ទះជាថ្មីឡើងវិញ។ ប៉ុន្តែការសង់ផ្ទះជាថ្មីរបស់ពលរដ្ឋ មិនឲ្យធ្វើខ្ពស់ដូចមុនឡើយ ត្រូវធ្វើជាផ្ទះតៀមផ្ទាល់ដី ខ្លាចមានការបាក់ស្រុតប្រកាសណាមួយ ត្បិតធ្លាប់តាំងទីលំនៅរស់នៅជាង២០ឆ្នាំក៏ដោយ។
ដោយឡែកលោក ខ្មៅ រ៉ន មេឃុំព្រែកដាច់ និយាយថា នៅព្រឹកថ្ងៃទី១៧ តុលា មានពលរដ្ឋឈ្មោះ ហុក ជា ដែលផ្ទះប្រឈមបាក់ស្រុតខ្លាំងជាងគេចូលទៅចំណីព្រែក បានហៅកូនចៅរបស់គាត់រុះរើផ្ទះចេញដោយខ្លួនឯងហើយ ស្របពេលរស់នៅបច្ចុប្បន្នបារម្ភពីសុវត្ថិភាព អំឡុងទឹកស្រកហូរចូលទន្លេធ្វើអោយដាក់ដីជាបន្តបន្ទាប់។
លោកមេឃុំព្រែកដាច់ បានឱ្យដឹងដែរថា ប្រជាពលរដ្ឋរស់នៅចំណុចស្ពានទី៥ ភូមិព្រែកតូច ក៏ទទួលស្គាល់ពីការសង់ផ្ទះលើចំណីមាត់ព្រែកធម្មជាតិ និងឯកភាពរុះរើសំណើរបស់អាជ្ញាធរស្រុកផងដែរ។ លោក និងប្រជាពលរដ្ឋ ក៏គាំទ្រចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុកដែលបានចុះមកក្រើនរម្លឹកអោយប្រុងប្រយ័ត្នអំពីគ្រោះថ្នាក់ធម្មជាតិ និងបន្តឲ្យពួកគាត់មានសង់ផ្ទះរស់នៅឡើងវិញ នៅពេលធ្វើឃឿនច្រាំងព្រែករួចរាល់។
ការបាក់ស្រុតចំណីដីមាត់ទន្លេ ព្រែក និងប្រឡាយនៅក្នុងភូមិសាស្ត្រស្រុកលើកដែក ពុំមែនទើបតែកើតមានឡើងនៅឆ្នាំនេះទេ ពោលគឺបានកើតមានជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យលំនៅដ្ឋានពលរដ្ឋ និងផ្លូវថ្នល់មួយចំនួន ជួបការខូចខាតជាបន្តបន្ទាប់ ប៉ុន្តែមិនមានពលរដ្ឋណាមួយស្លាប់ដោយសារគ្រោះថ្នាក់ធម្មជាតិនេះទេ៕សរន