អភិបាល​ខេត្តកំពត​ជំរុញ​អាជ្ញាធរ​ក្រុង​គិតគូរ​បញ្ហា​សោភ័ណភាព​

123

(​កំពត​)៖ អភិបាលខេត្ត​កំពត​បា​ន​ជំរុញ​ដល់​អាជ្ញាធរ​ក្រុង និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវយក​ចិត្ត​ទុក ដាក់​គិតគូរ​លើ​បញ្ហា​អនាម័យ សោភ័ណភាព​។ ឈ្មោះថា​ទីក្រុង​ទេសចរណ៍​មិនអាច​គគ្រិច និង​ស្ថិតក្នុង​ស្ថានភាព​ងងឹត​មើល​អ្វី​ស្ទើរ​មិនឃើញ​នោះឡើយ​។​

ក្នុង​កិច្ចប្រជុំ​គណៈ​អភិបាល​ខេត្តកំពត​នាពេល​ថ្មីៗ​កន្លងទៅនេះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថា ពាក្យ​ថា​ក្រុង​ទេសចរណ៍​ជា​មជ្ឈមណ្ឌល​មួយ​ដែល​ពោរពេញ​ដោយ​អនាម័យ សោភណភាព​ស្រស់បំព្រង​តាមរយៈ​ការកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​។ ភ្ញៀវ​មិន​ចង់ឃើញ​ក្រុងមាន​ភាព​គគ្រិច ធូលី​ដី​ហុយ និង​សំរាម​នៅ​ពាសវាល​ពាសកាល​បានឡើយ​។

លោក​អភិបាលខេត្ត​បាន​បន្តថា អាជ្ញាធរខេត្ត​នឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ត្រួតពិនិត្យ​ការងារ​កែលម្អ​សោភ័ណភាព​ក្រុង ដោយមាន​អភិបាលរង​ខេត្ត​មួយរូប​ជា​ប្រធាន និង​អភិបាលក្រុង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ ហើយ​គ្រប់ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យ​ឆាប់រហ័ស​តាម​ដែល​អាច​ធ្វើបាន​។

លោក ជាវ តា​យ បាន​បន្តទៀតថា បើ​ពិនិត្យ​ក្នុង​ក្រុង​កំពត​សព្វថ្ងៃ​ឃើញថា​បង្គោល​ភ្លើង​បំភ្លឺ​មាន​ចំនួន​តិចតួច អំពូល​ភ្លើង​ខ្លះ​ដាច់​មិនបាន​ប្តូរ បង្គោល​ខ្លះទៀត​ហ៊ុមព័ទ្ធ​ដោយ​មែកឈើ​ពុំមាន​អ្នក​គិតគូរ កាប់​ជម្រះ ហើយ​កន្លែង​ខ្លះ​ហាក់បីដូចជា​ទ្រុឌទ្រោម​ដែល​តម្រូវឱ្យ​កែលម្អ​ឡើងវិញ​។ កិច្ចការ​នេះ​លោក អភិបាលក្រុង​មាន​ទួ​នាទី​ទទួលខុស​ត្រួវ និង​ដោះស្រាយ​សម្របសម្រួល​ដោយ​មិនអាច​ឆ្លើយថា​មិនដឹង ឬ​ទម្លាក់កំហុស​ទៅ​មន្ទីរ ឬ​អង្គភាព​ណាមួយ​ឡើយ​។ ក្នុងករណី​ដោះស្រាយ​មិន​ចេញ​ត្រូវរាយការណ៍ជូន​គណៈកម្មកា​រ​ត្រូតពិនិត្យ​កែលម្អ​សោភណភាព​ក្រុង ហើយ​បើ​តឹងតែង​ខ្លាំង លោក​នឹង​ជួយ​អន្តរាគមន៍​។ លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​គ្រប់គ្នា​ពិតជា​មិនអាច​ទ្រាំ​មើល​ក្រុង​ដែល​ធ្លាប់មាន​ឈ្មោះ​ល្បី​មួយ នេះ​សុទ្ធតែ​ធូលី​ដី និង​សំរាម ព្រមទាំង​ងងឹត​ស្ទើរ​មើល​អ្វី​មិនឃើញ​នោះទេ​។ ដោយឡែក​កម​ន្ទីរ​សាធារណៈការ​ត្រូវ​រៀបចំ​បើក​ការដ្ឋាន​ជួសជុល​ពង្រីក​កំណាត់​ផ្លូវ​មួយ​ខ្សែ​ដែល​ខេត្ត​បានកំណត់​រួចហើយនោះ គឺ​ពី​ចំណុច ក្បែរ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត​សំដៅ​ឆ្ពោះទៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​កូរ៉េ​កំពង់បាយ និង​ជួយ​ជម្រះ​សម្អាត​តាម​បណ្តោយ​ផ្លូវ ពោលគឺ​រាល់​មែកឈើ​បាំង​អំពូល​ភ្លើង​ត្រូវ​កាត់ចេញ​ឱ្យបាន​ស្អាត​។ ជាមួយគ្នានេះ​អង្គភាព​អគ្គីសនី​ត្រូវ​ប្ដូរ​អំពូល​ភ្លើង​ខូច ឬ​មិនសូវមាន​ពន្លឺ​ចេញ ហើយ​ត្រៀមកម្លាំង​ជួយ​ដាក់​បង្គោល​អំពូល​ភ្លើង​ដែល​លោក​បាន​ទំនាក់ទំនង​ទិញ​មក​ដាំ​បន្ថែម​ដើម្បីឱ្យ​ក្រុង​កំពត​ផ្លាស់ប្តូ​មុខមាត់​ថ្មី​។

ចំពោះ​មន្ទីរ​ទេសចរណ៍ លោក ជាវ តា​យ បានឱ្យ​គិតពិចារណា​អំពី​ការលើក​ផ្ទាំង​ប៉ាណូ នៅ​បរិវេណ​ជុំវិញ​ផ្សារ​សាមគ្គី​ទី​រួម​ខេត្ត បង្ហាញ​ពី​តំបន់​ទេ​ចរណ៍​ទាំងអស់​ងាយស្រួល ពេល​ភ្ញៀវ​ជិត​ឆ្ងាយ​ចូល​មកដល់​ភ្លាម អាច​ដឹង​ទីកន្លែង​ដែល​ត្រូវ​ទៅ​កម្សាន្ត​។ ម្យ៉ាងទៀត​មន្ទីរជំនាញ​ដដែល​នេះ ត្រូវ​ចុះ​ផ្សា​ព្វ​ផ្សាយ និង​ត្រួត​ពិនិត្យមើល​ការ​ក្លែងបន្លំ​ផលិតផល​ក្នុងស្រុក ដើម្បី​រក្សា​អត្តសញ្ញាណ​ខេត្ត ដូចជា ម្រេច ទុរេន​ជាដើម​។ កន្លងមក ភ្ញៀវ​ចម្ងាយ​ជាច្រើន​បាន​ទិញ​ទុរេន​កំពត​យកទៅ​ផ្ញើ​ក្រុមគ្រួសារ តែ​បែរជា​បាន​ផលិតផល​នាំចូល​ពី​ក្រៅ​ទៅវិញ​។

​លោក​អភិបាលខេត្ត​បាន​រំលឹកថា មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់​ត្រូវ​ទទួលបន្ទុក​តាម​តួនាទី​រៀងៗ​ខ្លួន ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ពលរដ្ឋ និង​មន្ត្រី​សាមី​អង្គភាព​ឱ្យ​សម្អាត លាបថ្នាំ​ផ្ទះ អាគារ និង​ស្ពាន​ឱ្យមាន​សោភ័ណភាព​ជាទី​ទាក់ទាញ​។ មន្ត្រី​អង្គភាព​អគ្គិសនី​ត្រូវ​កែសម្រួល​ភ្លើង​នៅតាម បណ្តា​ផ្លូវ​នានា​ឡើងវិញ បើ​មិន​ដូច្នេះ​ទេ នោះ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស៊ីវីល័យ​មួយ​នេះ​នឹង​បន្ត​បិទទ្វារ បិទ​ភ្លើង​ចូលដេក​តាំងពី​ក្បាល​ព្រលប់​ទៀត​ជាក់​ជាមិនខាន​៕L ដោយ​៖​បូកគោ​