អភិបាល​ខេត្តកំពត​៖​មន្ត្រី​គ្រប់រូប​សូម​បន្ត​អត់ធ្មត់​ជាមួយ​បៀវត្សរ៍​ដែល​មិនទាន់​គាប់ប្រសើរ​

1806

(​កំពត​)៖​ក្នុងជំនួប​សំណេះសំណាល​នៅ​សាលប្រជុំ​សាលាខេត្ត​ជាមួយ​មន្ត្រីរាជការ​ចំណុះ​មន្ទីរ​អង្គភាព​មួយចំនួន​បំណង​ដឹង​អំពី​សុខទុក្ខ​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ចូល​មកដល់​នាពេល​ដ៏​ខ្លី​នេះ​ប្រមុខ​ដឹកនាំ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​គ្រប់​មន្ត្រីរាជការ​ទាំងអស់​សូម​បន្ត​នូវ​ភាព​អត់ធ្មត់​ចំពោះ​ប្រាក់បៀវត្សរ៍​ដែល​មិនទាន់បាន​គាប់ប្រសើរ​នោះ​។ ការជួប​ដូចគ្នានេះ​នឹងធ្វើ​ឡើង​បន្ត ​បន្ទាប់​ជាមួយ​មន្ត្រីរាជការ​គ្រប់​មន្ទីរ អង្គភាព​ទូទាំង​ខេត្ត ដោយ​ក្នុង​មួយ​លើកៗ​ប្រមាណ​៣០០​នាក់​។​

​កាលពី​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៧ ខណៈពេល​ជួប​ជាមួយ​មន្ត្រីរាជការ​មក​ពី​សាលា​ខេត្តកំពត មន្ទីរ​វប្បធម៌ មន្ទីរ​ទេសចរណ៍ មន្ទីរ​អធិការកិច្ច និង​មន្ទីរ​មុខងារសាធារណៈ លោក​ចាន់ ចេស្តា អភិបាល ខេត្តកំពត​បាន​មានប្រសាសន៍ថា​ពិតណាស់​បើ​ប្រៀបធៀប​ការចំណាយ​ប្រចាំថ្ងៃ មន្ត្រីរាជការ​គឺ​មិនអាច​សន្សំ​ប្រាក់​ឱ្យបាន​សល់​ដូច​អ្នករកស៊ី ឬ​និយោជិត​ធ្វើការ​ងារ​ឱ្យ​
​ក្រុមហ៊ុន​ឯកជន​ទេ​។

ប៉ុន្តែ​យ៉ាងណា​បើ​បានជា​តាំងចិត្ត​ដាក់​កាយ​ធ្វើ​មន្ត្រីរាជការ​យូរ​មកហើយ​នោះ សូម​គ្រប់គ្នា​បន្ត​នូវ​ភាព​អត់ធ្មត់ ​លើ​បញ្ហា​ប្រាក់បៀវត្សរ៍​នេះ​។ លោក​អភិបាលខេត្ត​បាន​បន្តថា​ក្នុងនាម​ថ្នាក់ដឹកនាំ​ដែល​ប្រៀបបាន នឹង​ឪពុកម្តាយ​តែងមាន​ការគិតគូរ​ជានិច្ច​​ក្នុង​ការដំឡើង​ប្រាក់ខែ​រៀងរាល់ឆ្នាំ ទោះបី​មកដល់​ពេល នេះ​មិនទាន់បាន​គាប់ប្រសើ​ក៏ដោយ​។

​ប៉ុន្តែ អ្វីដែល​គួ​ឱ្យ​មោទនៈ​នោះ​គឺ​ថ្នាក់ដឹកនាំ​មាន​សមត្ថភាព​បង្ការ​បាន​នូវ​ការឡើង​ថ្លៃទំនិញ​លើ​ទីផ្សារ​ដើម្បី​តុល្យភាព​ទៅនឹង​ប្រាក់បៀវត្សរ៍​។ លោក​ចាន់ ចេស្តា​នៅបាន​បញ្ជាក់ទៀតថា​លើសពីនោះ គោលនយោបាយ​នៃ​ការមិន​យកពន្ធ​ដីធ្លី និង​ភាពអនុគ្រោះ​មួយចំនួន​ដែល​បាន និង​កំពុង​អនុវត្ត​គឺជា​ផ្នែក​មួយ​ក្នុង​ការជួយ​សម្រួល​ជីវភាព​គ្រួសារ​ផងដែរ​។

ក្នុង​ពិធី​នេះ លោក​អភិបាលខេត្ត​កំពត​បាន​ជូន​ថវិកា​មួយចំនួន​ជា​អនុស្សាវរីយ៍​ដល់​មន្ត្រី​រាជការ​ចំណុះ​មន្ទីរ អង្គភាព​ទាំង​ប្រាំ​ខាងលើ​សម្រាប់​ប្រើប្រាស់​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខ​៕S/​ដោយ បូកគោ​