អភិបាល​ថ្មី​ស្រុក​ចំនួន​២​នៅ​កោះកុង បង្កើន​ការដោះស្រាយ​ទំនាស់​ដីធ្លី និង​សំណង់​ខុសច្បាប់​

232
ចែករម្លែក

ដោយ:សុ​ផានី​តា​/​កោះកុង​ ៖ លោក​អភិបាល​ថ្មី​ស្រុក​ស្រែអំបិល និង​ស្រុក​បូ​ទុម​សាគរ ត្រូវ​បង្កើន​ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ក៏ដូចជា​សកម្មភាព​សាងសង់​សំណង់​ខុសច្បាប់​ផ្សេងៗ​អោយបាន​ល្អប្រសើរ ខណៈ​អាជ្ញាធរខេត្ត​កំពុង​ផ្តោត​ការយក ចិត្តទុកដាក់ និង​បារម្ភ​ខ្លាច​មាន​ក្រុម​ជំទាស់​នៅក្រោយ​ខ្នង​ពលរដ្ឋ​ញុះញង់​បង្ក​អសន្តិ សុខ សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​។​

​នេះ​ជាម​តិ​លើកឡើង​របស់លោក​ស្រី មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកោះកុង នៅក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ជា ច័ន្ទ​កញ្ញា ចូលកាន់​តួនាទី​ជា​អភិបាលស្រុក​ស្រែអំបិល និង​លោក ហាក់ ឡេង ជា​អភិបាលស្រុក​បូ​ទុម​សាគរ កាលពី​ព្រឹក និង​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​។​

​បើតាម​លោកស្រី​អភិបាលខេត្ត បានឲ្យដឹង​បន្ថែមថា សូម​លោក​អភិបាលស្រុក​ទាំងពីរ​រូប ប្រមូល​ព័ត៌មាន​អោយបាន​ច្បាស់លាស់​ពី​សកម្មភាព ឬ​បញ្ហា​វិវាទ​ដីធ្លី​ដែល​តែង​កើតមាន​នៅក្នុង​ស្រុក ជៀសវាង មាន​ក្រុម​ជំទាស់​ណាមួយ​យក​រឿងរ៉ាវ​នេះ​ធ្វើ​រឿង​នយោបាយ បង្ក​ភាពអសន្តិសុខ សណ្តាប់ធ្នាប់ តាមរយៈ​មាន​ក្រុម​ជំទាស់​ញុះញុង់​ពីក្រោយ​ខ្នង​ប្រជាពលរដ្ឋ​។ គ្រា​រដ្ឋាភិបាល ក្រសួង​ដែនដី និង​អាជ្ញាធ​ខេត្ត បាន​ដោះស្រាយ​ចប់​ជា​ស្ថាពរ​រួចរាល់​ហើយ​។

​លោកស្រី មិថុនា ភូ​ថង បន្តថា ករណី​បើ​ពិនិត្យ​ជាក់ស្តែង​ថា ប្រជាពលរដ្ឋ​ពិតជា​រង​កា​រំលោភបំពាន និង​ខ្វះខាត​ដី​ប្រើប្រាស់​រស់នៅ គឺ​រិះរក​យុទ្ធសាស្ត្រ​ដោះស្រាយ​ជូន​ពួកគាត់​។ ក្រៅពី​វិធានការ​ទប់ស្កាត់​វិវាទ​ដីធ្លី ក៏មាន​ដែល​ការ​លួច​សាងសង់​សំណង់​រឹងមាំ​ខុសច្បាប់ ភាគច្រើន​ជា​សំណង់​ចិញ្ចឹមសត្វ​ត្រចៀកកាំ ពោលគឺ​រាល់​ធ្វើ​អ្វី​ពលរដ្ឋ ឬ​អាជីវករ ចាំបាច់​មកសុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ជំនាញ​ឲ្យបាន​ត្រឹមត្រូវ ដោយ​មិនត្រូវ​សាងសង់​ផ្ទុយ​នឹង​បទដ្ឋាន​គតិ​យុទ្ធ​នៃ​ច្បាប់​នាំឱ្យ​ប៉ះពាល់​សម្បត្តិ​ធនធាន​។​

​តាម​ការជឿជាក់​លើ​សម​ត្ថ​ភាព និង​បទពិសោធន៍​ការងារ​ដែល​បាន​អនុវត្ត​កន្លងទៅ មាន​ប្រសិទ្ធិភាព អភិបាល​ថ្មី​ស្រុក​ទាំងពីរ ត្រូវបាន​លោកស្រី​រំពឹងថា មន្ត្រី​គ្រប់គ្រង​ស្រុក​របស់លោក​ស្រី​នឹង​អាចបំពេញ​ភារកិច្ច​មុខងារ​បាន​យ៉ាង​ល្អប្រសើរ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។ ប៉ុន្តែ​ក៏​បន្ត​ខិតខំ​សិក្សា​អ្វី​ប្រឈម​ថែមទៀត​ដែរ លើ​លិខិតបទដ្ឋាន​របស់​រាជរ​ដ្ឋា​ភិ​បាល ព្រមទាំង​បង្កើន​ភាព​មិត្តភាព សាមគ្គីភាព កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​។​

​ចំណែក លោក ហាក់ ឡេង អភិបាល​ថ្មី​ស្រុក​បូ​ទុម​សាគរ និង​លោក ជា ច័ន្ទ​កញ្ញា អភិបាល​ថ្មី​ស្រុកស្រែ​អំបិល ដែល​ឡើងកាន់តំណែង​ជំនួស​អភិបាលស្រុក​ចាស់ សុទ្ធតែ​បាន​ប្តេជ្ញាចិត្ត​គោរព​តាមច្បាប់​ជា​ធរមាន និង​ការណែនាំ​របស់លោក​ជំទាវ​អភិបាល តាមរយៈ​កោះប្រជុំ​លើកដំបូង​របស់ខ្លួន​ជាមួយ​មន្ត្រី​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​បង្ហាញ​រាល់​ប្រឈម​លំបាក​អ្វីខ្លះ មុននឹង​រួមគ្នា​ដោះស្រាយ​អោយ​ខាន​តែ​បាន​។​

​លោក ហាក់ ឡេង សង្កត់ធ្ងន់ថា ពេលនេះ​រូបលោក​ទាំងពីរ​ទើបតែ​មកកាន់​តំណែង ដូច្នេះ​ពុំ​អាច​ដឹង​រាល់​បញ្ហា​ទាំងអស់​បានឡើយ​។ លោក​នឹង​បន្ត​ស្វែងយល់​ពីអ្វី​ដែលជា​តម្រូវ​ការ​របស់​ពលរដ្ឋ​ថែមទៀត ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ និង​ការអភិវឌ្ឍន៍​មូលដ្ឋាន​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​គួររម្លឹកថា បញ្ហា​វិវាទ​ដីធ្លី​ជាច្រើន​ឆ្នាំ​មកនេះ ត្រូវបាន​រដ្ឋាភិបាល ក្រសួង​ដែនដី និង​អាជ្ញាធរ​ខេត្តកោះកុង បាន​រួមគ្នា​ដោះស្រាយ​តាម​នយោបាយ​មាន​ជា​សំណង់ និង​ផ្តល់​ដី​ធ្វើ​កសិកម្ម​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ពិត​ប្រាកដជា​ស្ថាពរ​នៅ​ចុងឆ្នាំ​២០១៨​មកម្ល៉េះ ដោយ​បន្ត​ពិនិត្យ​ដោះស្រាយ​នៅ​ស្រុក​បូ​ទុម​សាគរ និង​ស្រុក​គិរីសាគរ​ទៀត​។​

​ចំពោះ​វិធានការ​ទប់ស្កាត់​សំណង់​ខុសច្បាប់​នៅក្នុង​ខេត្ត​វិញ មន្ទីរ​រៀបចំ​ដែនដី នគរូបណីយកម្ម និង​សំណង់​ខេត្តកោះកុង លោក រស់ វី​រ៉ាវុធ ធ្លាប់​បង្ហាញ​ការ​ស្រង់​ស្ថិត​អ្នកមាន​ច្បាប់ និង​អ្នក​គ្មាន​ច្បាប់​បាន​៥០​ភាគរយ​ហើយ ខណៈ​ស្រុក​មួយចំនួន​ជាប់​ក្នុង​តំបន់ការពារធម្មជាតិ​។ ក្រោយពី​ប្រមូលបាន​ទិន្នន័យ​សំណង់​អស់ហើយ មាន​វិធាន​ការចុះពិនិត្យ​គុណភាព​សំ​នង់​តែម្តង ករណី​បន្ត​រកឃើញថា ខុសច្បាប់​នឹង​អោយ​រុះរើ​វាយកម្ទេច​ចោល​៕​B/