អភិបាល​រាជធានី​ចុះ​ពិនិត្យ​កងកម្លាំង​នគរបាល​ត្រូវ​តាម​គោលដៅ​ការិយាល័យ​បោះឆ្នោត

785
ចែករម្លែក

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ច លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ពិនិត្យ​កងកម្លាំង​នគរបាលជាតិ​ដើម្បី​ត្រៀមលក្ខណៈ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ឥស្សរជន​នយោបាយ បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ។​

​ក្នុងឱកាស​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍ ជូន សុវណ្ណ បញ្ជាក់ថា​៖កងកំលាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ត្រៀមខ្លួន​រួចជាស្រេច និង​បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព​ន្ធ័ អាជ្ញាធរ​រដ្ឋបាល គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​គ្រប់លំដាប់​ថ្នាក់​ដើម្បី​ការពារ​សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​សំរាប់​ដំណើរការ​បោះឆ្នោត ការរាប់​សន្លឹកឆ្នោត និង​ប្រកាស​លទ្ធផល​បោះឆ្នោត​ប្រកបដោយ​សុវត្ថិភាព​ទាំងស្រុង និង​ជោគជ័យ​ទាំងស្រុង​។​

​លោកនាយ​ឩ​ត្ត​ម​សេនីយ៍​បន្តថា​ កម្លាំង​ការពារ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ប្រើប្រាស់​កម្លាំង​ចំនួន ១.២៥៥​នាក់ ។ កម្លាំង​ការពារ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ចំនួន​២.១៣៨​ការិយាល័យ លើ​២៦៦​ទីតាំង ប្រើប្រាស់​កម្លាំង​ចំនួន​៤.៥០៥​នាក់ ។ កម្លាំង​ត្រៀម​អន្តរាគមន៍​ចល័ត​ការពារ​ភូមិសាស្ត្រ​ខាងក្រៅ ប្រើប្រាស់​កម្លាំង​ចំនួន​៤៨០​នាក់ ។ កម្លាំង​ការិយាល័យ​វិទ្យុទាក់ទង​ចំនួន​២៦៤​នាក់ (​ស្នងការដ្ឋាន អធិការដ្ឋាន និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១០៥)​។​លោក​បាន​បន្ត​បន្ថែមថា នៅ​ថ្ងៃទី​២៩​ខែកក្កដា គឺជា​ដំណាក់កាល​ដ៏​មាន​សារសំខាន់​បំផុត និង​ជា​ព្រឹត្តិការណ៍​ប្រ​វ​តិ្ត​សាស្ត្រ​ថ្មី​មួយទៀត ដែល​រាជធានី​ភ្នំពេញ ត្រូវ​ធានា​ឲ្យ​បាន​កិច្ចការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​ទាំងស្រុង សម្រាប់​ដំណើរការ​បោះឆ្នោត​ឲ្យ​បានល្អ​ប្រសើរ និង​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក​។​

​ក្នុង​ពិធី​នោះ​លោកអភិបាល​រាជធានី​ភ្នំពេញ​ ថ្លែងថា​​ការពិនិត្យ​កងកម្លាំង​នគរបាលជាតិ​នា​ព្រឹក​នេះ គឺ​ដើម្បី​ធានា​កិច្ចការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ សម្រាប់​ដំណើរការ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នៅ​រាជធានី​ភ្នំពេញ ដែលមាន​កងកម្លាំង​នគរបាល ជាតិ​ចំនួន​៤.៦២៥​នាក់ នៅតាម​គោលដៅ​ការិយាល័យ​បោះឆ្នោត ជុំវិញ​បរិវេណ​ការិយាល័យ ជាពិសេស មុនពេល ក្នុង និង​ក្រោយពេល បោះឆ្នោត រហូតដល់​ចប់​ការបោះឆ្នោត​ជា​ស្ថាពរ​៕សរន​