អភិបាល​រាជធានី​ដាក់​បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​និង​មន្ទីរ ពាក់ព័ន្ធ​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា​

785
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ផែនការ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១២​និង​មន្ទីរ​ពាក់ព័ន្ធ ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​បំពេញ​សិទ្ធិ ឬក៏​ការប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ក្នុងការ​បោះឆ្នោត​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ បានដាក់​បញ្ជា​បែបនេះ​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​៣០ ខែឧសភា​២០១៨ ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ កិច្ចប្រជុំ​នេះដែរ​មានការ​ចូលរួម​ពី​នាយ​ឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ប្រធាន​សាលាតំបូង​រាជធានី ព្រមទាំង​លោក​អភិបាលខណ្ឌ​ទាំង​១២ ព្រមទាំង​មន្ទីរ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំងអស់​ផងដែរ​។​
​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ នេះ​ថា​៖ ក្នុង​កិច្ចប្រជុំ​នោះ គឺ​លោក​អភិបាល​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ រួម​នឹង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​រៀបចំ​សណ្តាប់​ធ្នាក់​ចាប់តាំងពី​ពេលនេះ​តទៅ​រហូត​ដល់ពេល​បោះឆ្នោត​និង​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ មន្ទីរ ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បំពេញ​សិទ្ធិ ឬក៏​ការប្រើប្រាស់​សិទ្ធិ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយរូប​ក្នុងការ​បោះឆ្នោត​។​
​ក្នុង​កិច្ចប្រជុំ​នោះ​លោក ឃួ​ង ស្រេង ក៏បាន​លើកឡើង​ដែរ​ថា កំណាត់​ផ្លូវ​១១​ខ្សែ ដែល​អាជ្ញាធរ​រាជធានី ប្រគល់​សិទ្ធិ​រៀបចំ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​អ្នកទទួលខុសត្រូវ​នោះ ឃើញថា មាន​វឌ្ឍនភាព​ល្អប្រសើ​រហើយ លើកលែងតែ​ទីតាំង​មួយចំនួន ពិបាក​ក្នុងកា​រៀបចំ ដូចជា​នៅតាម​ផ្លូវ​២៧១ ម្តុំ​មុខ​ពេទ្យរុស្ស៊ី ផ្លូវ​សហព័ន្ធរុស្ស៊ី ខាងមុខ​ក្រសួង​ការងារ និង​នៅតាម​បណ្តា​ទីតាំង​អាជីវកម្ម​មួយចំនួន ។​លោក​បាន​បញ្ជាក់ថា​៖​ម្ចាស់​អាជីវកម្ម​ទាំងនោះ​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ប៉ុន្តែ​ក៏​នៅមាន​ប្រជាពលរដ្ឋ​មួយចំនួនទៀត មិនទាន់បាន​សហការ​បានល្អ​នូវឡើយ​ដែរ ។ ពាក់ព័ន្ធ​នឹង​ការងារ​នេះ ថ្នាក់ដឹកនាំ​ក៏បាន​ពិគ្រោះ និង​ពិភាក្សាគ្នា ដោយ​ជំរុញ​ឲ្យ​មានការ​យកចិត្តទុកដាក់​លើ​ការងារ​សណ្តាប់ធ្នាប់​នេះ​បន្ថែមទៀត ជាពិសេស​នៅលើ​ទីតាំង​ដែលមាន​ការកកស្ទះ​ខ្លាំង ។​ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​ចោរកម្ម លួច ឆក់​ប្លន់ ល្បែងស៊ីសង និង​បញ្ហា​អគ្គិភ័យ ក៏បាន​លើកយក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នោះដែរ ខណៈដែល បទល្មើស​ទាំងនេះ​មានការ​ថមថយ​ល្អប្រសើរ​ជាង​មុន ៕