អភិបាល​រាជធានី​ប្រកាស​ផ្តល់​ផ្លូវ​ប្រាំ​ខ្សែ​និង​ប្រព័ន្ធ​លូ ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​

379

(​ភ្នំពេញ​)៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​ផ្តល់​កំណាត់​ផ្លូវ​ចំនួន​ប្រាំ​ខ្សែ​, ដាក់​ប្រព័ន្ធ​លូ ការស្តា​ប្រឡាយ និង​ការបាញ់​ថ្នាំ​សម្លាប់​មូស​ជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ ស្ថិតក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​
​ ​
​លោក ឃួ​ង ស្រេង បានប្រកាស​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧ ក្នុងពេលដែល​លោក និង លោក ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អមដំណើរ​ដោយ​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ចុះសួរសុខទុក្ខ​និង​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ខាងលើ ។​
​ ​
​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង​បន្ថែមថា ការអញ្ជើញ​ចុះ​តាម​មូលដ្ឋាន​នា​ចុង​សប្តាហ៍​នេះ​របស់លោក​ឃួ​ង ស្រេង គឺ​ដើម្បី​ស្វែងយល់​ពី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​, ស្តាប់​ការ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​និង​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍ ហើយ​បើ​មាន​អ្វីដែល​ត្រូវ​ជួយ​បាន​គឺ​រដ្ឋបាល​រាជធានី​ជួយ​ភ្លាមៗ​តែម្តង​។​

​ផ្លូវ​ចំនួន​ប្រាំ​ខ្សែ​ដែល​លោក​អភិបាល​បានប្រកាស​ផ្តល់​ឲ្យ​នោះ​គឺមាន​ផ្លូវ​បេតុង​ឆ្អឹង​ដែក​ពីរ​ខ្សែ ប្រវែង​ប្រមាណ​១.០០០​ម៉ែត្រ​, ផ្លូវ​ចាក់​ថ្ម​ម៉ិច​ចំនួន​បី​ខ្សែ ស្ថាបនា​ប្រព័ន្ធ​លូបង្ហូរទឹក​ប្រវែង​៧០០​ម៉ែត្រ​ចេញពី​សហគមន៍ ។​
​ ​
​នាឱកាស​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​ក៏បាន​បញ្ជា​ឱ្យ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ដាក់​គ្រឿងចក្រ​កាយ​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​ចេញពី​សហគមន​នេះ​ផងដែរ ខណៈដែល​ប្រឡាយ​មាន​លក្ខណៈ​រួម​តូច មិនអាច​រំដោះ​ទឹកបាន​ស្រួល​៕​ដោយៈ​រ៉ា​ម៉ន​/sn