អភិបាល​រាជធានី​ប្រគេន​ទៀនវស្សា ប្រេង បច្ច័យ​ទេយ្យវត្ថុ និង​គ្រឿង​បរិក្ខារ ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១៥០​វត្ត ទូទាំង​រាជធានី​ភ្នំពេញ​

587
ចែករម្លែក

ដោយ​: រ៉ា​ម៉ន​
​ភ្នំពេញ​:
លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី​, មន្ត្រីក្រោមឱវាទ​និង​អាជ្ញាធរ​ដែនដី បាន​នាំយក​ទៀនវស្សា ប្រេងកាត អង្ករ បច្ច័យ​និង​ទេ​យ្យ​វត្ត មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១០៥​វត្ត ទូទាំង​រាជធានី​ភ្នំពេញ នៅក្នុង​វត្ត​នាគ​វ័​ន្ត សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក ។ ពិធី​នេះ​បានធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅក្នុង​បរិវេណ​នៃ​វត្ត​នាគ​វ័ន ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។​

​ទៀនវស្សា ប្រេងកាត​និង​ទេ​យ្យ​វត្ត​ដែល​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​ចំនួន​១៥០​វត្ត​នេះ ក្នុង​មួយ​វត្តៗ ទទួលបាន​បច្ច័យ​១០​ម៉ឺន​រៀល ទៀនវស្សា​១​គូ សាដក​១​កញ្ចប់ អង្ករ ចំនួន​១០០​គីឡូក្រាម ប្រេង​មួយ​កាន ចំណុះ​៣០​លីត្រ ស្កស​១​បាវ​ទំងន់​២៥​គី​ឡួ​ក្រាម ទឹកដោះគោ​ចំនួន​១​កេស ៤៨​កំប៉ុង ទឹកក្រូច​២​កេស ទឹកបរិសុទ្ធ​២​កេស មី​២​កេស​។ ក្នុងនោះ លោក​អភិបាល​រាជធានី ក៏បានផ្តល់​អំណោយ​ដល់​យាយជី​តាជី ចំនួន ៥០​នាក់ ដោយ​ម្នាក់ៗ ទទួលបាន​ថវិកា ២​ម៉ឺន​រៀល និង​ក្រណាត់ស​១​ដុំ សិស្ស​និស្សិត ស្នាក់នៅ​ក្នុង​វត្ត ចំនួន ៩៥​នាក់ អង្ករ ១​តោន និង​ម្នាក់ៗ ២​ម៉ឺន​រៀល ។

​ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង បាន​លើកឡើងថា រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ​កម្មវិធី​ដង្ហែរ​ទៀន​ព្រះវស្សា​នេះ ទៅកាន់​គ្រប់​វត្ត​ទាំងអស់​ទូទាំង​រាជធានី​ភ្នំពេញ​ជា​រៀងរាល់ឆ្នាំ តាម​គន្លង​បវេណី​របស់​ព្រះពុទ្ធ​សា​នា​។​លោក​បាន​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បានធ្វើ​ឲ្យ​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ មានការ​រីកចំរើន​ទន្ទឹមគ្នា ពិសេស​ពុទ្ធបរិស័ទ​មាន​ជីវភាព​ធូរធា បាន​ចូលរួម​កសាង​ទី​វត្ត​អា​រ៉ា​ម​ឲ្យ​មានការ​អភិវឌ្ឍ​យ៉ាង​ល្អប្រសើរ​។​

​លោក​អភិបាល​បាន​បន្តថា សមិទ្ធផល​ដ៏​មានតម្លៃ​ទាំងអស់នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង និង​លះបង់​គ្រប់បែបយ៉ាង​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដោយ​តម្កល់​អត្ថប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ​របស់​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​

​ក្នុងនោះ​លោក​បាន​ស្នើសុំ​ឲ្យ​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​ទាំងអស់ បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ចូលរួម​ថែរក្សា​ឲ្យ​បាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​សមិទ្ធផល​របស់​ជាតិ​យើង​ឲ្យ​បាន​គង់វង្ស ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខក្សេមក្សាន្ត​។​

​គួរ​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ពិធីបុណ្យ​ចូលកាន់​ព្រះវស្សា​នេះ នឹងត្រូវ​ធ្វើឡើង ក្នុង​រយៈពេល​៣​ខែ ដោយ​ចាប់​ពីថ្ងៃ​១​រោច ខែអាសាឍ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែកក្កដា រហូតដល់​ថ្ងៃ​១៥​កើត ខែអស្សុជ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៩ ហើយ​ក្នុង​រយៈពេល​នេះ​ព្រះសង្ឃ​គ្រប់​អង្គ ត្រូវការ​ភ្លើង​បំភ្លឺ ដើម្បី​សិក្សា​រៀនសូត្រ​ខាង​ព្រះពុទ្ធសាសនា ហើយ​ត្រូវការ​ទេយ្យវត្ថុ​ផ្សេងៗ សម្រាប់​ផ្គត់ផ្គង់ ព្រោះ​រយៈពេល​ចូល​វស្សា គឺជា​រដូវភ្លៀង ព្រះសង្ឃ​ពិបាក​ក្នុង​និមន្ត​បិណ្ឌបាត​នៅតាម​ទី​ដទៃ​។ ដូចនេះ ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ផ្សេងៗ ដែល​នឹងត្រូវ​វេរ​ប្រគេន​ព្រះសង្ឃ គឺជា​ការចាំបាច់​បំផុត ជា​ទាន​ដ៏​ប្រពៃ ទទួលបាន​នូវ​បុណ្យ​កុសល​ពេញ​ដោយ​បរិបូរណ៍​តាម​ជំនឿ​។​

​បច្ចុប្បន្ន​ទូទាំង​រាជធានី​ភ្នំពេញ​មាន​វត្ត​ចំនួន​១៥០​វត្ត មាន​ព្រះសង្ឃ​ជាង​៨២៤៩​អង្គ ទាំង​មហានិកាយ និង​ធម្មយុត្តិកនិកាយ​៕​