អភិបាល​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដល់​ការស្ថាបនា​ផ្លូវ​៧​ខ្សែ ,​ដាក់លូ​មេ​ថ្មី​៤​ខ្សែ នៅ​បុរី​សន្តិភាព​២ ក្នុង​សង្កាត់​ចោមចៅ​២

902
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​

​ភ្នំពេញ​៖ លោក​អភិបាល​រាជធានី​ភ្នំពេញ បានផ្តល់​ជូន​ជា​ការដូ​ជាច្រើន ដល់​ប្រជាពលរដ្ឋ​នៅ​ទីនោះ មានការ​ស្ថាបនា​ផ្លូវ​ចំនួន​៧​ខ្សែ និង​ដាក់​ប្រព័ន្ធ​លូ​មេ ថ្មី​ចំនួន​៤​ខ្សែ តប​តាម​ការសន្យា កាលពី​មុនពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កន្លងទៅនេះ​។​
​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានប្រកាស​បែបនេះ​ក្នុងឱកាស​ដែល​លោក​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ចុះ​ជួប​សំណេះសំណាល សួរសុខទុក្ខ ថ្លែងអំណរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​និង​ស្តាប់​នូវ​សំណូមពរ របស់​ប្រជាពលរដ្ឋ រស់នៅ​សហគម បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែសីហា នេះ ។​
​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍​ទៀតថា​៖ នៅក្នុង​បុរី​សន្តិភាព​២​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​កសាង​សមិទ្ធិផល​ជាច្រើន ដើម្បី​បំពេញ​ទៅតាម​តម្រូវការ ក្នុង​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ ដែល​ពីមុន​តំបន់​នេះ គ្មានអ្វី​ទាំងអស់ តែ​មកដល់​ឥឡូវនេះ ប្រជាពលរដ្ឋ​មានផ្ទះ​សម្បែង រស់នៅ​សមរម្យ មាន​ផ្សារ មាន​ប្រព​ន្ធ័​ទឹក​-​ភ្លើង​ប្រើប្រាស់ មាន​សេវា​រថយន្តក្រុង និង​សេវា​សុខាភិបាល​ថែមទៀត​។​លោក​អភិបាល​បាន​បន្តថា​៖​មកដល់ពេលនេះ​សហគម​សន្តិភាព​២ មានការ​អភិវឌ្ឍ​ន៏​មិន​ចាញ់​សហគម​ដទៃទៀត​ក្នុង​រាជធានី​ភ្នំពេញ​ឡើយ​ក្រោម​ការយកចិត្តទុកដាក់​ពី​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ,​ការយកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​តែងតែ​ចុះ​ជាប់​ដើម្បី​បានដឹង​ពី​សុខទុក្ខ​របស់​បងប្អូន ជាពិសេស​ទទួលបាន​កា​រ​ណែនាំ និង​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែង​ផ្សារភ្ជាប់​សុខទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ជាប់​ជានិច្ច​។​
​គួរ​បញ្ជាក់ថា​៖ សហគម​ន៏​សន្តិភាព​២ មាន​សហគម​ប្រជាពលរដ្ឋ​ចំនួន​៨​សហគម​ស្មើនឹង​២៥៥០​គ្រួសារ​ដែល​ភាគ​បងប្អូន​ភាគច្រើន​ប្រកប​របរ​លក់ដូរ​,​សេវាកម្ម និង​កម្មករ​រោងចក្រ​។​បងប្អូន​ទាំង​ជាង​២​ពាន់​គ្រួសារ​នេះ​ភាគច្រើន​ត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ​បែប​មិន​រៀបរយ​ចេញពី​សហគម​ដីក្រហម​,​សហគម​បឹងកក់ និង​១​ផ្នែក​ទៀត​មកពី​ប្រភព​ផ្សេងៗ​តាំងពី​ឆ្នាំ​២០០៦,២០០៩ និង​ឆ្នាំ​២០១០​។​
​ក្នុងឱកាស​នោះដែរ លោក​អភិបាល​រាជធានី​ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​បោះឆ្នោត​យ៉ាងច្រើន​កុះករ បង្ហាញ​ពី​ឆ​ន្ទះ ក្នុងការ​ជ្រើសរើស​មេដឹកនាំ ដែល​ខ្លួន​ស្រលាញ់​ពេញចិត្ត តាមបែប​ប្រជាធិបតេយ្យ​។ លោក​ថា ក្នុងនាម​អាជ្ញាធរ ដែលជា​អាណាព្យាបាល តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​គ្រប់ពេល ជាពិសេស​នៅពេល​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​នានា​។​
​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ​៖​ក្រោយពី​សំណេះសំណាល លោក អភិបាល​រាជធានី និង​មន្ត្រីក្រោមឱវាទ​ព្រមទាំង​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​បន្ត​ចុះ ទៅ​ពិនិត្យមើល​ស្ថានភាព​ប្រជាពលរដ្ឋ​នៅ​ភូមិ ដូន​កុក សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​បានផ្តល់​ផ្លូវ​បេតុង​ឆ្អឹង​ដែក​មួយ​ខ្សែ​មាន​ប្រវែង​ជាង​១​ពាន់​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ពី​ភូមិ​ដូន​កុក ទៅ​ភូមិ​បឹង​ធំ ក្នុង​សង្កាត់​បឹង​ធំ និង​ទៅ​តំបន់​ផ្សេងៗ​ទៀត ដែល​តំបន់​ទាំងនោះ បានទទួល​រង​ដោយ​ទឹកជំនន់​លិចលង់ កាលពីពេល​កន្លងទៅនេះ​។
ជាមួយគ្នា​នោះដែរ​ប្រតិភូ សាលា​រាជធានី​ភ្នំពេញ និង អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏បាន​បន្តដំណើរ ទៅពិនិត្យ​មើល​ការសាងសង់​រង្វង់​មូល​លោក តា​ក្រម​ង៉ុ​យ ដែល​ស្ថិតក្នុង​សង្កាត់ ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផងដែរ​៕