អភិបាល​រាជធានី​លើកឡើង​ពី​សមិទ្ធផល​សំខាន់ៗ​លើ​គ្រប់​វិស័យ​របស់​រាជធានី​ភ្នំពេញ​, ក្នុង​ឆ្នាំ​២០១៧ និង​សម្រាប់​ទិសដៅ​ឆ្នាំ​២០១៨

373

(​ភ្នំពេញ​)៖ នៅ​រមណីយដ្ឋាន​វត្តភ្នំ នា​រាត្រី​ថ្ងៃទី​៣១​ខែធ្នូ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សម្តែង​ការកោតសរសើរ​និង​វាយ​​តម្លៃ​ខ្ពស់​ចំពោះ​ការយកចិត្តទុកដាក់ និង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​អ្នកពាក់ព័ន្ធ​នានា នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ពុះពារ​សម្រេចបាន​សមិទ្ធ​ផល​លើ​គ្រប់​វិស័យ​នៅក្នុង​ឆ្នាំ​ចាស់ ឆ្នាំ​២០១៧​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​បែបនេះ​ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០១៧ ឈានចូល​ឆ្នាំ​២០១៨​កាលពី​យប់​ថ្ងៃ​៣១​ធ្នូ​។​
​ ​
​លោក​អភិបាល​បន្តថា​សមិទ្ធិផល​នយោបាយ សង្គម និង​សេដ្ឋកិច្ច​ដែល​រាជធានី​ភ្នំពេញ​សម្រេចបាន​នា​ឆ្នាំ​២០១៧​កន្លងមកនេះ ពិតជា​បានមក​ដោយសារ​ការប្តេជ្ញា​ចិត្ត ការចូលរួម​យ៉ាងសកម្ម​របស់ អស់លោក លោកស្រី ដែលជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​​ប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​ក្នុងការ​អភិវឌ្ឍ​ជាតិ​។ ​ទោះបីជា​យើង​ខិតខំ​សម្រេចបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​លើ​គ្រប់​វិស័យ​ក៏ដោយ ក៏មាន​ចំណុច​ខ្វះខាត និង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវខិតខំ​ដោះស្រាយ​បន្ថែមទៀត​។ ជាមួយ​ការកើនឡើង​នូវ​តម្រូវការ​សង្គម ពិសេស​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នូវ​លំហូ​ប្រជាពលរដ្ឋ​មក​ប្រកបមុខរបរ ធ្វើ​ការងារ និង​តាំង​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ឲ្យ​ការឆ្លើយតប​ចំពោះ​ការកើនឡើង​យ៉ាង​រហ័ស​នេះ នៅមានកម្រិត ជាហេតុ​ធ្វើ​ឲ្យ​លេចឡើង​នូវ​បញ្ហា​ប្រឈម និង​ចំណុច​សេសសល់​ដែល​ត្រូវ​ដោះស្រាយ​បន្ត ដូចជា ការកកស្ទះ​ចរាចរណ៍ បញ្ហា​សំរាម អនាម័យ សណ្តាប់ធ្នាប់​សាធារណៈ ការសាងសង់ និង​ការផ្តល់សេវា​សង្គម​នានា​ជាដើម​៕​ដោយ​៖​រ៉ា​ម៉ន​/sn​