អភិបាល​រាជធានី​សម្រេច​ប្រើប្រាស់​រថយន្ត​ដឹក​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ភ្លើង​ឆេះ​រទេះ​បាន​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​

926
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​និង​អាជ្ញាធរ​ដែនដី​ពាក់ព័ន្ធ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៨ បាន​ចុះ​ពិនិត្យ​លទ្ធភាព​ដើម្បី​ត​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​នៅក្នុង​ភូមិ​ទាំង​៨​នៃ​សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ ខណៈដែល​នៅក្នុង​សង្កាត់​នេះ​នៅ​មិនទាន់​មានទឹក​ម៉ាស៊ីន​ប្រើប្រាស់​នៅឡើយ​។​
​ ​ក្នុងឱកាស​នោះ​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា​៖​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទឹកជា​បណ្តោះអាសន្ន​សិន​គឺ​សម្រេច​ប្រើប្រាស់​រថយន្ត​ដឹក​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ដោយ​ក្នុង​មួយ​ម៉ែត្រគុប​តម្លៃ​៧០០​រៀល​ប៉ុណ្ណោះ​។​
​មន្ត្រី​ជំនាញ​បានឱ្យដឹងថា​៖​បើតាម​គម្រោង​ដែល​បញ្ជាក់​ឱ្យដឹង ដោយ​មន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ថា តាម​គម្រោង​របស់​រដ្ឋា​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ​នេះ​នឹង ត​បណ្តាញ​ទឹកស្អាត​ជូន​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​នៅ​ឆ្នាំ​២០១៩​នេះហើយ​៕