អភិបាល​រាជធានី​ស្នើឱ្យ​មន្ទីរអប់រំ​ជំរុញ​ការធ្វើកំណែទម្រង់​ស៊ីជម្រៅ​លើ​វិស័យ​អប់រំ​

114

(​ភ្នំពេញ)៖អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង បានស្នើ​ឱ្យ​មន្ទី​អប់រំ​យុវជន​និង​កីឡា​រាជធានី​ភ្នំពេញ​បន្ត យកចិត្តទុកដាក់​អនុវត្ត​សេចក្ដីណែនាំ​របស់​ក្រសួង​អប់រំ ក្នុង​ស្មារតី​ធានា​ឱ្យ​វិស័យ​អប់រំ មានការ​អភិវឌ្ឍ​កាន់តែ​ល្អប្រសើរ​ថែមទៀត ឆ្លើយតប​នឹង​កំណើនសេដ្ឋកិច្ច និង​បរិយាកាស​សង្គម ។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុបវាយតម្លៃ​ការងារ​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ សម្រាប់​ឆ្នាំ​សិក្សា ២០១៦-២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៧-២០១៨ នៅ​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨​។​

​លោក​អភិបាល​បាន​បន្ថែមថា​រាល់​សមិទ្ធផល​ដែល​កើតឡើង មិនមែនជា​ភាព​ចៃដន្យ​នោះទេ គឺ​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​យើង​គ្រប់គ្នា ពិសេស​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។ ក្រៅពីនោះ ក៏ត្រូវ​តែមាន​សាមគ្គីភាព ឯកភាព ផ្ទៃក្នុង​ឱ្យបាន​ល្អ ដើម្បី​ធានាបាន​នូវ​សមធម៌​ឈានទៅ​អភិវឌ្ឍប្រកបដោយ​និរន្តរភាព​។​

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទី​អប់រំ​រាជធានី​ភ្នំពេញ​ថ្លែងថា ឆ្នាំ​សិក្សា​២០១៧-២០១៨​នេះ​តាម​ការណែនាំ​របស់​ក្រួ​ង​អប់រំ​យុវជន​និង​កីឡា មន្ទីរអប់រំ​រាជធានី​ភ្នំពេញ ពង្រឹង​ការអនុវត្ត​ម៉ោង​បង្រៀន​របស់​គ្រូ ឱ្យ​អនុវត្តតាម​ម៉ោង​កំណត់ និង​បង្រៀន​ឱ្យបាន​ចប់​តាម​កម្មវិធីសិក្សា​របស់​ក្រសួង​។ ជំរុញ​ការបង្រៀន​និង​រៀន​របស់​គ្រូ​តាម​មុខវិជ្ជា​ឯកទេស ត្រូវមាន​ប្រើប្រាស់​សម្ភារៈ​ឧបទ្ទេស ឬ ធ្វើ​ពិសោធន៍​បង្ហា​ដល់​សិស្ស ជំរុញ​ការរៀបចំ​ឱ្យមាន​បណ្ណាល័យ នៅ​គ្រប់​សាលារៀន តាម​គ្រប់​រូបភាព ។​

​ទាក់ទង​ទៅ​និង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​វិញ លោក​ប្រធាន​មន្ទីរអប់រំ​បញ្ជាក់ ក្រសួង​មាន​ផែនការ​បង្កើន​ប្រសិទ្ធ​នៃ​ការគ្រប់គ្រង​កម្មវិធី​អប់រំ​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដោយ​ជំរុញគោលនយោបាយ​អប់រំ​ក្រៅ​ប្រព័ន្ធ បង្កើត​គណៈ​គ្រប់គ្រង​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ ថ្នាក់​រាជធានី ខណ្ឌ សង្កាត់ និង​ដៃគូរ​អភិវឌ្ឍន៍ ជាពិសេសស្រង់​ស្ថិតិ​កុមារ យុវជនក្រៅ​សាលា ជា​អក្ខរជន កុមារ​បោះបង់​ការសិក្សា ឱ្យបាន​ច្បាស់លាស់ កំណត់​ទីតាំង និង​កាលបរិច្ឆេទ ការ​ចូលរៀន​ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ​ឱ្យបាន​ច្បាស់លាស់ ជ្រើសរើស​គ្រូបង្រៀន ថ្នាក់​អប់រំ​ក្រៅ​ប្រព័ន្ធ នៅក្នុង​មូលដ្ឋាន ធ្វើការ​បណ្តុះ​បណ្តា​ផ្នែក​គរុកោសល្យនិង​វិធីសាស្ត្រ​បង្រៀនដល់​គ្រូបង្រៀន ថ្នាក់​ក្រៅ​ប្រព័ន្ធ​៕​​ដោយៈ​រ៉ា​ម៉ន​/sn